ការពពោះល្អ ឬមិនល្អ អាស្រ័យកត្តាអាយុ សុខភាព និងកត្តាផ្សេងៗ។ ស្ត្រីមួយចំនួន អាចបង្កកំណើតបាន ប៉ុន្តែបែរជាមិនអាចរក្សាគភ៌ក្នុងផ្ទៃបានដល់ថ្ងៃសម្រាល ឬកូនកើតមកមានបញ្ហាសុខភាព មិនគ្រប់លក្ខណៈជាដើម។ ថ្ងៃនេះ “Hello គ្រូពេទ្យ’ នឹងលើកយកបញ្ហាសុកខ្សោយ ពេលពពោះ មកបកស្រាយលម្អិត។
១- អ្វីជា សុកខ្សោយ?
សុកខ្សោយ (Placental Insufficiency ឬ Uteroplacental Vascular Insufficiency) កើតឡើង ដោយសារសុកមិនអាចផ្តល់សារធាតុចិញ្ចឹម និងអុកស៊ីហ្សែនមិនគ្រប់គ្រាន់ ទៅកាន់ទារកក្នុងផ្ទៃ។ ស្ថានភាពនេះអាចកើតឡើង ដោយសារតែការវិវត្តរបស់សុកមានបញ្ហា ឬសុកមានការខូចខាត។
២- មូលហេតុនាំឲ្យសុកខ្សោយ
សុកខ្សោយ (Placental insufficiency) ជាធម្មតា មានទំនាក់ទំនងជាមួយបញ្ហាគោលិកាឈាម។ ទោះយ៉ាងណា ការប្រើថ្នាំ និងទម្លាប់រស់នៅ មានតួនាទីសំខាន់ណាស់សម្រាប់សុខភាពយើងទូទៅ ពិសេសស្រីៗកំពុងពពោះតែម្តង ខណៈមូលហេតុទូទៅនាំឲ្យសុកខ្សោយ មានដូចជា៖
– ជំងឺទឹកនោមផ្អែម
– បញ្ហាតម្រងនោម
– សុកពាំងមាត់ស្បូន
– ថ្នាំធ្វើឲ្យគ្រាប់ឈាមស្តើង
– ជក់បារី
– ញៀនថ្នាំ ពិសេសពពួកថ្នាំកូកាអ៊ីន ហេរ៉ូអ៊ីន និងមេតំហ្វេតាមីន។
សុកខ្សោយ អាចកើតមានផងដែរ បើសុកតោងភ្ជាប់ទៅនឹងជញ្ជាំងស្បូនមិនត្រូវទីតាំង ឬដាច់រហែកចេញពីជញ្ជាំងស្បូន (Placental Abruption)។
៣- រោគសញ្ញាបញ្ហាសុកខ្សោយ
សុកខ្សោយ មិនបង្កឲ្យចេញជារោគសញ្ញាលើស្រីៗកំពុងពពោះទេ តែអាចមានសញ្ញាមួយចំនួន យើងគួរយកចិត្តទុកដាក់ ដូចជា ការពពោះលើកនេះមើលទៅមានស្បូនតូចជាងការពពោះពីមុន ឬកូនក្នុងពោះ មានចលនាតិចជាងការរំពឹងទុក។
បើកូនក្នុងពោះមានការលូតលាស់មិនល្អនោះ ពោះយើងមើលពីខាងក្រៅ នឹងមានទំហំតូចជាងស្រីៗកំពុងពពោះដទៃទៀត ឯចលនាកូនក៏មានតិចតួចដូចគ្នា។ បើសិនសុកមិនតោងជាប់ជញ្ជាំងស្បូន គឺជាមូលហេតុធ្វើឲ្យសុកខ្សោយ ដែលស្ត្រីមួយចំនួនធ្លាប់ប្រទះ មានហូរឈាមតាមទ្វារមាស ឬកន្ត្រាក់ស្បូនធ្វើឲ្យសម្រាលមុនខែ។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះថ្នាក់ណាស់!
- សុករុំកកូនមកពីអី? គ្រោះថ្នាក់ទេ?
៤- ផលវិបាកនៃសុកខ្សោយ
សុកខ្សោយ អាចមានគ្រោះថ្នាក់ បើសិនស្រីៗកំពុងពពោះមានជំងឺទឹកនោមផ្អែម ឬលើសឈាម ព្រោះបើមានជំងឺទាំងពីរនេះ យើងនឹងប្រឈមលើសឈាមពេលពពោះ រហែកស្បូន កូនកើតមិនគ្រប់ខែ និងផលវិបាកពេលសម្រាល។ ចំពោះទារក បញ្ហាសុកខ្សោយកើតឡើងកាន់តែឆាប់ ផលវិបាកចំពោះទារក ក៏កាន់តែធ្ងន់ធ្ងរខ្លាំង ខណៈផលវិបាកទាំងនោះមានដូចជា៖
– ខ្វះអុកស៊ីហ្សែនអំឡុងពេលសម្រាល
– គ្មានសមត្ថភាពក្នុងការរៀន
– សីតុណ្ហភាពរាងកាយទាប
– ជាតិស្ករក្នុងឈាមទាប
– ជាតិកាល់ស្យូមក្នុងឈាមទាប
– លើសកោសិកាឈាមក្រហមក្នុងខ្លួន
– កូនកើតមិនគ្រប់ខែ
– ត្រូវសម្រាលដោយវះកាត់
– កូនស្លាប់ក្នុងពោះ
– កូនស្លាប់ក្រោយសម្រាល។
៥- រោគវិនិច្ឆ័យ និងវិធីគ្រប់គ្រងបញ្ហាសុកខ្សោយ
សុកខ្សោយ អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការថតអេកូ ការធ្វើតេស្តប្រូតេអ៊ីន និងតេស្តលើគភ៌ (Fetal non-stress tests)។ ការថែទាំសុខភាព ក៏ដើរតួនាទីយ៉ាងសំខាន់សម្រាប់វិវត្តសុខភាពគភ៌ឲ្យកាន់តែប្រសើរឡើង។ ហេតុនេះគួរតាមដានពីចលនាកូនក្នុងផ្ទៃ បើយើងមានហានិភ័យសម្រាលកូនមិនគ្រប់ខែ។ យើងអាចនឹងត្រូវការការចាក់ថ្នាំ Steroid ដើម្បីពង្រឹងសួតកូនផងដែរ។
សុកខ្សោយ មិនមានការព្យាបាល ឬការពារទេ ប៉ុន្តែវាអាចគ្រប់គ្រងបាន។ សំខាន់បំផុត ចាំបាច់ត្រូវដឹងពីការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់ និងការថែទាំសុខភាពឲ្យបានល្អមុនពេលមានផ្ទៃពោះ។ កត្តាទាំងនេះធ្វើឲ្យការលូតលាស់គភ៌កាន់តែប្រសើរឡើង និងបន្ថយហានិភ័យ ផលវិបាកនៅពេលសម្រាលកូន។
[embed-health-tool-pregnancy-weight-gain]