មានអ្នកខ្លះនិយាយថា ញ៉ាំទុរេនពេលពពោះ អាចបង្កឲ្យមានគ្រោះថ្នាក់។ តើពិតជាអ៊ីចឹងដែរទេ? “Hello គ្រូពេទ្យ’ នឹងបកស្រាយក្នុងអត្ថបទនេះ ឲ្យបានដឹងទាំងអស់គ្នា។
មានអ្នកខ្លះនិយាយថា ញ៉ាំទុរេនពេលពពោះ អាចបង្កឲ្យមានគ្រោះថ្នាក់។ តើពិតជាអ៊ីចឹងដែរទេ? “Hello គ្រូពេទ្យ’ នឹងបកស្រាយក្នុងអត្ថបទនេះ ឲ្យបានដឹងទាំងអស់គ្នា។

១- ជំនឿមិនត្រឹមត្រូវចំពោះទុរេន
ការពិត ស្រីៗពពោះអាចញ៉ាំទុរេនបាន ថែមទាំងមានប្រយោជន៍ចំពោះសុខភាពម៉ាក់ៗទៀតផង ព្រោះទុរេន មានជាតិសរីរាង្គស៊ុលផួ (Organo-sulphur) ពីធម្មជាតិ និងសារធាតុ ទ្រីបតូហ្វាន (Tryptophan) ហើយសារធាតុទាំងនេះ មានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មទៀតផង។ ទុរេន ក៏មានប្រសិទ្ធភាពប្រឆាំងនឹងពពួកមីក្រុប បាក់តេរី និងផ្សិតដូចគ្នា ដែលមូលហេតុទាំងនេះហើយ យើងអាចចាត់ទុកមានប្រយោជន៍ខ្លាំងចំពោះស្រីៗកំពុងពពោះ។
យ៉ាងណា ទុរេន មានផ្ទុកជាតិស្ករ និងកាបូអ៊ីដ្រាតយ៉ាងលើសលុប ដោយទុរេនទំហំល្មមត្រឹមពីរគ្រាប់ មានកម្រិតកាឡូរី រហូតដល់ ៦០ កាឡូរី។ ហេតុនេះ ទុរេនជាអាហារមានជាតិស្ករខ្ពស់ នាំឲ្យស្រីៗកំពុងពពោះ ត្រូវកម្រិតបរិមាណញ៉ាំទុរេនឲ្យបានត្រឹមត្រូវ ព្រោះបើញ៉ាំច្រើនពេក គ្មានសុវត្ថិភាពអំឡុងពេលពពោះដូចគ្នា។ សម្រាប់ស្រីៗមានជំងឺទឹកនោមផ្អែមពេលពពោះ មិនត្រូវញ៉ាំទុរេនជាដាច់ខាត ដោយសារជាតិស្ករច្រើនលើសលុប អាចនាំឲ្យមានបញ្ហា។
បណ្តាប្រទេសខ្លះនៅអាស៊ី បានហាមមិនឲ្យស្ត្រីពពោះ ញ៉ាំទុរេនដាច់ខាត ដោយលើកឡើងថា ផ្អែកតាមវេជ្ជសាស្ត្របុរាណ អំឡុងពេលពពោះ គួរចៀសការញ៉ាំទុរេន ព្រោះគេជឿថា ទុរេនធ្វើឲ្យរាងកាយឡើងកម្ដៅ និងធ្វើឲ្យប៉ះពាល់ទារកក្នុងផ្ទៃ។ ការពិត មកទល់នឹងពេលនេះ មិនមានភស្ដុតាងតាមបែបវិទ្យាសាស្ត្រ អាចបញ្ជាក់ពីករណីនេះនៅឡើយទេ។ បើស្រីៗគ្នាយើង មិនអាចទប់អារម្មណ៍ចង់ញ៉ាំទុរេនបាន ឬចង់ញ៉ាំវាច្រើនលើសកម្រិត ដើម្បីសុវត្ថិភាព ត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន។
អត្ថបទពាក់ព័ន្ធ៖
២- គុណប្រយោជន៍របស់ទុរេនសម្រាប់ស្ត្រីពពោះ
– ទុរេនមានកម្រិតកាឡូរី ជាតិរ៉ែ និងវីតាមីនខ្ពស់ មានសាច់ទន់ ងាយរំលាយ ហើយពោរពេញដោយជាតិស្ករធម្មជាតិ ដូចជា ស្ករ Fructose និង Sucrose ដែលផ្ដល់ឲ្យម៉ាក់ៗកំពុងពពោះ មានថាមពលបន្ថែម និងជួយឲ្យមានកម្លាំង។
– ទុរេន មិនមានជាតិខ្លាញ់កូលេស្តេរ៉ូល ឬខ្លាញ់ឆ្អែតឡើយ។
– ទុរេន ជាប្រភពអាហារសរសៃ ជាសារធាតុបន្ទន់លាមកធម្មជាតិ និងការពារបញ្ហាទល់លាមក ដែលងាយកើតមានលើគ្នាយើងកំពុងពេលពពោះ។
– ជាតិសរសៃក្នុងទុរេន ជួយធ្វើឲ្យភ្នាសសើមមានសុវត្ថិភាព ព្រោះអាចកាត់បន្ថយហានិភ័យ ពេលប៉ះពាល់នឹងជាតិពុល។ ទុរេន ក៏នឹងជួយការពារ និងកម្ចាត់ចោលសារធាតុគីមីមួយចំនួនដែលអាចបង្កជាមហារីក ចេញពីពោះយើងបានទៀតផង។
– ទុរេន សម្បូរវីតាមីន B ដូចជា Niacin (B3) Thiamin (B1) និង Riboflavin (B2) ជួយបង្កើនសុខភាពរាងកាយទាំងមូល និងមានសារៈសំខាន់ចំពោះមុខងារផ្សេងៗទៀតក្នុងរាងកាយ។
– ទុរេន ជាប្រភពល្អបំផុតនៃសារធាតុទង់ដែង (Copper) ម៉ង់កាណែស (Manganese) ជាតិដែក និងម៉ាញ៉េស្យូម (Magnesium) ខណៈជាតិទង់ដែង និងជាតិដែក ជួយបង្កើនគ្រាប់ឈាមក្រហម មានសារៈសំខាន់ដល់ការលូតលាស់ និងការអភិវឌ្ឍគភ៌ក្នុងផ្ទៃ ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Is it safe to eat durian in pregnancy? http://www.babycenter.com.my/x1022992/is-it-safe-to-eat-durian-in-pregnancy#ixzz4SP19sHkD. Accessed December 19, 2016.
Is It Safe To Eat Durian During Pregnancy ?http://www.momjunction.com/articles/benefits-of-eating-durian-during-pregnancy_00363658/#gref. Accessed December 19, 2016.
កំណែប្រែបច្ចុប្បន្ន
15/08/2019
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ