នេះជាចម្ងល់មួយដែលម៉ាក់ប៉ាទាំងអស់ចង់ដឹង ព្រោះបញ្ហាបេះដូងពីកំណើតរបស់ទារកពិបាកព្យាបាលណាស់។ ទោះជាបច្ចេកវិទ្យាពេទ្យទំនើប ក៏ការអេកូនៅប្រទេសមួយចំនួន មិនអាចមើលដឹងថាទារកក្នុងផ្ទៃនោះមានបញ្ហាបេះដូង ឬក៏អត់ទេ នេះបើតាមការឲ្យដឹងពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។
សាស្ត្រាចារ្យរូបនេះបានបន្តទៀតថា នៅតាមប្រទេសជឿនលឿនសម្រាប់ជំងឺបេះដូងពីកំណើតមួយចំនួនធំអាចមើលស្រាវជ្រាវឃើញពេលស្រ្តីមានផ្ទៃពោះពីគ្រូពេទ្យឯកទេសអេកូអង់តេណាតាល់ ដែលជាការស្រាវជ្រាវរកជំងឺបេះដូងមុនពេលទារកកើត៖ “ពេលមានផ្ទៃពោះគេមើលអេកូទៅលើម្ដាយ គេអាចមើលដឹងថាកូនមានជំងឺបេះដូងឬក៏អត់ បើមានធ្ងន់ ឬស្រាល”។
លោកវេជ្ជបណ្ឌិត សុខ ជួរ បន្ថែមទៀតថា ប្រសិនបើទារកនោះត្រូវបានរកឃើញថា ទារកមានជំងឺបេះដូងមិនសូវធ្ងន់ធ្ងរទេ គ្រូពេទ្យអនុញ្ញាតឲ្យបន្តទុកកូនរហូតកើត ទើបបានបន្តព្យាបាល។ ផ្ទុយទៅវិញប្រសិនបើពិនិត្យអេកូទៅរកឃើញថា ទារកដែលមានជំងឺបេះដូងធ្ងន់ធ្ងរមិនអាចព្យាបាលបាន គ្រូពេទ្យនឹងសំណូមពរឲ្យគ្រួសារបញ្ឈប់គភ៌តែម្ដង។
ជាទូទៅប្រទេសជឿនលឿន គេអាចធ្វើរោគវិនិច្ឆ័យមុនទារកកើត ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ត្រូវធ្វើរោគវិនិច្ឆ័យពេលទារកកើតមកហើយ។ សម្រាប់ការធ្វើរោគវិនិច្ឆ័យរកជំងឺបេះដូងទារកនេះឯង នៅមន្ទីរពេទ្យកាល់ម៉ែត មានសេវាពិនិត្យរក (Screening) ដែលអាចមើលដឹងថាទារកក្រោយកើតមានជំងឺក្រពេញទីរ៉ូអ៊ីតទេ មានបញ្ហាអ័រម៉ូន ជំងឺថ្លើម ជាពិសេសជំងឺបេះដូងតែម្ដង។
[embed-health-tool-pregnancy-weight-gain]