បើតាមចាស់ៗគាត់តែងរៀបចំរបបអាហារសម្រាប់ម៉ាក់ៗកូនខ្ចីបែបក្រៀមក្រោះ និងប្រៃៗ ដោយអាហារទាំងនោះមានដូចជា ត្រីងៀត សាច់អាំង/ចៀន ខជើងជ្រូក ឬឆាខ្ចីជាដើម។ តែសម្រាប់គ្រូពេទ្យវិញបានឲ្យដឹងថា អាហារទាំងនោះមិនជាល្អសម្រាប់ម៉ាក់ៗប៉ុន្មានទេ។
ចំពោះរបបអាហារទាំងនេះអ្នកគ្រូពេទ្យ មួន រ៉ានី បម្រើការនៅមណ្ឌលសុខភាពព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឲ្យដឹងថា ការបរិភោគអាហារបែបក្រៀមក្រោះតែមួយមុខមិនអាចជួយឲ្យម៉ាក់ៗសម្បូរទឹកដោះច្រើនបានឡើយ ហើយអាចបង្កទៅជាបញ្ហាច្រើនយ៉ាង និងមានជំងឺលើសឈាមទៀតផង។ អ្នកគ្រូបានបន្តថា ការទទួលទានសាច់សុទ្ធគ្មានបន្លែ និងជាតិទឹក ធ្វើឲ្យម៉ាក់ៗទល់លាមក ស្បែកមិនស្អាត ហើយរាងកាយខ្វះថាមពល។
“អាហារសាច់ច្រើន ក្រពះពោះវៀនមិនអាចរំលាយបានល្អទេ ហើយវាងាយនឹងធ្វើឲ្យម៉ាក់ៗទល់លាមក ព្រោះសាច់គ្មានជាតិទឹក និងរឹង។ តែបើចង់ឲ្យការបន្ទោបង់បានស្រួលគួរតែញ៉ាំអាហារមានជាតិទឹកគ្រប់គ្រាន់ជាប្រភេទសម្លទឹក មិនថាជាស្ងោរ ជ្រក់ ឬស៊ុប ហើយមានបន្លែគ្រប់ប្រភេទ”។
មួយវិញទៀត អ្នកគ្រូពេទ្យបម្រើការនៅមណ្ឌលសុខភាពព្រែកពោធិ៍ ស្រុកស្រីសន្ធរ បានពន្យល់ថា ការដែលម៉ាក់ៗមិនញ៉ាំបន្លែ និងផ្លែឈើមិនត្រឹមតែជួបបញ្ហាទល់លាមក លើសឈាមប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យស្បែកមិនមានភាពភ្លឺថ្លា ហើយសក់ក៏មិនល្អទៀតផង។ ព្រោះអំឡុងពេលកូនខ្ចីម៉ាក់ៗប្រាកដជាជ្រុះសក់ ដោយសារខ្វះវីតាមីន ហើយបើមិនញ៉ាំពពួកបន្លែ និងផ្លែឈើទេ រាងកាយមិនអាចទប់ទល់នឹងបញ្ហានោះបានទេ។
[embed-health-tool-pregnancy-weight-gain]