backup og meta

ទឹកភ្លោះច្រើនពេក ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 17, 2019

    ទឹកភ្លោះច្រើនពេក ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

    ស្រីៗ​ពពោះ ពិត​ណាស់​មាន​ការ​ប្រែប្រួល​ច្រើន ប៉ុន្តែបម្រែ​បម្រួល​ទាំង​នោះ ​មិនមែន​​ដូច​គ្នាទាំង​អស់​ទេ។ ជាក់​ស្តែង​គ្នា​យើង​ខ្លះ អាចមាន​បញ្ហា​ចាញ់​កូន​ខ្លាំង ខ្លះ​បែរ​ជា​មិន​ចាញ់​ទាល់​តែ​សោះ យ៉ាង​ណា រឿង​មួយ​ចំនួន​អំឡុង​ពេល​ពពោះ គឺ​ធម្មតា អ្វី​គួរ​ឲ្យ​យើង​បារម្ភ​បំផុត​នោះ គឺ​នៅ​អំឡុង​ពេល​ជិត​សម្រាល​ឯណេះទេ ពិសេស​ករណី​ទឹក​ភ្លោះ គ្នា​យើង​បារម្ភ​ខ្លាំង​រឿង​ទឹក​ភ្លោះ​តិច ខ្លាច​ពិបាក​ពេល​សម្រាល ចុះ​បើ​ទឹក​ភ្លោះ​ច្រើន​វិញ គួរ​ឲ្យ​បារម្ភ​អត់? ពាក់​ព័ន្ធ​ចម្ងល់​នេះ “Hello គ្រូពេទ្យ’ នឹងពន្យល់​ក្នុង​អត្ថបទ​ខាង​ក្រោម។

    ១- អ្វីជាបញ្ហាទឹកភ្លោះច្រើនពេក?

    ទឹកភ្លោះច្រើន គឺ​ជា​ស្ថាន​ភាព​មួយ​ ​មាន​ការ​ប្រមូល​ផ្តុំ​ទឹក​ភ្លោះ​ច្រើន​ហួសកម្រិត អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ។ ទឹក​ភ្លោះ ​គឺ​ជា​សារធាតុ​រាវ​ដែល​ព័ទ្ធ​ជុំវិញ និង​ការពារ​ភគ៌​អំឡុង​ពេល​ស្ថិត​នៅ​​ក្នុង​ស្បូន។ ទឹកភ្លោះច្រើនពេក មិន​អាច​និយាយ​ថា ជា​រឿង​កម្រ​ទេ ព្រោះ​​អាច​មាន​កើត​លើ​ស្រីៗ​កំពុង​ពពោះ​ម្នាក់ ក្នុង​ចំណោម​ ១០ នាក់។

    ជា​ធម្មតា​ ករណីទឹកភ្លោះច្រើន ក្នុង​កម្រិត​ស្រាល ទឹក​ភ្លោះ​ត្រូវ​បាន​បង្កើត​ឡើង​បន្តិច​ម្តង​ៗ​នៅ​សប្តាហ៍​ទី ២០ ហើយ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ខណៈ​ករណី​ទឹកភ្លោះច្រើនធ្ងន់​ធ្ងរ ​អាច​មាន​ផល​វិបាក​ជាច្រើន​ ដូច​ជា ​ឆាប់​​ហត់ និង​កូន​កើត​មុន​ខែ។

    ស្រីៗ​គ្នា​យើង​កំពុងព​ពោះ និង​មាន​ទឹកភ្លោះច្រើន គ្រូពេទ្យ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​​ព្យាបាល គឺ​មាន​ភាព​ខុសគ្នា អាស្រ័យ​លើ​កម្រិត​ធ្ងន់​ធ្ងរ​នៃ​បញ្ហា។ ទឹកភ្លោះច្រើន ក្នុង​ស្ថាន​ភាពធ្ងន់​ធ្ងរ ​ត្រូវ​ការ​ព្យាបាល​ដោយ​ការ​បង្ហូរ​ទឹក​ភ្លោះ​ដែល​លើស​ ចេញពី​ក្នុង​ខ្លួន​ម្តាយ។

    ២- រោគសញ្ញាពេល​ទឹកភ្លោះច្រើន

    រោគ​សញ្ញា​បញ្ហា​ទឹកភ្លោះច្រើន ត្រូវ​បាន​បង្ហាញ​ នៅ​ពេល​​សម្ពាធ​ទឹក ​បាន​ប៉ះ​ពាល់​ដល់​ស្បូន និង​សរីរាង្គ​ក្បែរ​ៗនោះ​​ផ្សេង​ទៀត។

    ទឹកភ្លោះច្រើន កម្រិត​ស្រាល​ មាន​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​ ខណៈពេលទឹកភ្លោះច្រើនធ្ងន់​ធ្ងរ​ អាច​បណ្តាល​ឲ្យ​​មាន​រោគ​សញ្ញាមួយ​ចំនួន ដូច​ជា៖

    – ពិបាក​ដក​ដង្ហើម ជួន​កាល​ស្រីៗ​មាន​បញ្ហា​នេះ មិន​អាច​ដក​ដង្ហើម​បាន​ លុះត្រា​តែក្រោកឈរ។

    – ហើម​ជើង ហើម​ពោះ និង​ហើម​បបូរទ្វា​មាស

    – ការ​ផលិត​ទឹក​នោម​ថយ​ចុះ  និង​រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ ស្បូន​រីក​ធំ ហើយ​ពិបាក​ដឹង ឬ​ឮ​ចង្វាក់​បេះដូង​ទារក។

    ៣- មូលហេតុនាំ​ឲ្យ​ទឹកភ្លោះច្រើន

    ទឹកភ្លោះច្រើន អាច​បណ្តាល​មក​ពីមូល​ហេតុ​មួយ​ចំនួន ដូចជា៖

    – មាន​ពិការ​ភាព​ពី​កំណើត​ ​នាំ​ឲ្យ​ទារក​មាន​បញ្ហា​លើ​​បំពង់​រំលាយ​អាហារ ឬ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល។

    – ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេលពពោះ។

    – បញ្ហា​បញ្ចូល​ឈាម​គ្នា​រវាង​កូន​ភ្លោះ ក្នុង​នោះ​ចំពោះកូន​ភ្លោះ ​ទារក​ម្នាក់​នឹង​ទទួល​បាន​ឈាម​ច្រើន​ ខណៈ​ពេល​ទារក​មួយ​ទៀត​ ទទួល​ឈាម​មិន​បាន​គ្រប់​គ្រាន់ ឬ​តិច​ពេក។

    – ភាព​ស្លេក​សាំ្លង​លើ​ទារក (ទារក​មាន​បញ្ហា​ខ្វះ​កោសិកា​ឈាម​ក្រហម)។

    – មាន​ភាព​មិន​ស៊ី​គ្នារវាង​​ឈាម​ម៉ាក់ៗ ​និង​ទារក។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់
  • វិធី​គ្រប់គ្រង​ទម្ងន់​ពេល​មាន​ផ្ទៃពោះ កុំឲ្យ​ធាត់​ខ្លាំង​ពេក
  • ៤- ផលវិបាកពេល​មានទឹកភ្លោះច្រើន

    ហានិភ័យ​សុខ​ភាព​បណ្តាល​មក​ពីទឹកភ្លោះច្រើនមានដូច​ជា៖

    – កូន​កើត​មិន​គ្រប់​ខែ

    – មាន​ធ្លាយ ឬ​បែក​ទឹក​ភ្លោះ​មុន​ពេលសម្រាល

    – ទារក​លូត​លាស់​ខ្លាំងពេក

    – មាន​របើក​សុក​មុន​ពេលសម្រាល

    – ទង​ផ្ចិត​ពន្លាត់

    – ទាមទារ​សម្រាល​ដោយ​វះកាត់

    – កូន​ស្លាប់​ក្នុង​ផ្ទៃ

    – មាន​ហូរ​ឈាម​ខ្លាំង​ក្រោយ​សម្រាល ​បណ្តាល​មក​ពី​សាច់​ដុំ​ស្បូន​មិន​កន្រាក់។

    ៥- ការព្យាបាលបញ្ហាទឹកភ្លោះច្រើន

    ជា​ធម្មតា ករណីទឹកភ្លោះច្រើន ក្នុង​ស្ថាន​ភាព​ស្រាល ​មិន​ត្រូវ​ការ​ព្យាបាល​ទេ​ ព្រោះ​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ មួយ​វិញ​ទៀត ទឹកភ្លោះច្រើន អាច​បាត់​ទៅ​វិញ​ នៅ​ពេល​​ស្ថាន​ភាព​សុខ​ភាពយើង​មួយ​ចំនួន​ ត្រូវ​បាន​ដោះ​ស្រាយ។ យ៉ាង​ណា ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ នៅ​តែ​​អាច​ធ្វើ​ឡើង ដូច​ជា៖

    – ​បង្ហូរ​ទឹក​ភ្លោះចេញ​មក​ក្រៅ៖ គ្រូពេទ្យ​នឹង​បូម​យក​ទឹក​ភ្លោះ​ពី​ក្នុង​ស្បូនយើង ដើម្បី​យក​មក​ពិនិត្យ។ នៅ​មាន​វិធី​ជាច្រើន​ ត្រូវ​ទាម​ទារ​ឲ្យ​ធ្វើ​ដើម្បី​ព្យា​បាល​ស្ថាន​ភាព​ទាំង​នេះ​ឲ្យ​បាន​ជា​ទាំង​ស្រុង។ ផល​រំខាន​​អាច​កើត​មាន​ ដូចជា​កើត​កូន​មិន​គ្រប់​ខែ រហែក​សុក និង​ឆាប់​បែក​ទឹក​ភ្លោះ។

    – ព្យាបាល​ដោយ​ថ្នាំ៖ ថ្នាំ Indomethacin (Indocin) ត្រូវ​​ប្រើ​ដើម្បី​កាត់​បន្ថយ​​បរិមាណ​ទឹក​ភ្លោះ និង​ទឹក​នោម​របស់​​ទារក។ ថ្នាំ Indomethacin ​ត្រូវប្រើ​ចំពោះ​តែ​​ទារក ​មាន​អាយុ​ក្រោម ៣១ សប្តាហ៍​ប៉ុណ្ណោះ។ ពេល​កំពុង​ប្រើ​ថ្នាំ​នេះ ​ចង្វាក់​បេះដូង​ទារក​ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន ​ដើម្បី​ចៀស​វាង​ ទារក​​មាន​បញ្ហា​បេះដូង។ ឧបករណ៍​តាម​ដាន ​មានដូចជា fFetal Echocardiogram និង Doppler ultrasound ហើយ​ផល​រំខាន​ពី​ការ​ព្យាបាល​មក​លើ​សុខ​ភាព​ផ្សេង​ទៀត​ ​មាន​ដូច​ជា ​ចង្អោរ ក្អួត ​ចាល់​អាស៊ីដ​ក្រពះ និងរលាក​ក្រពះ។

    ការ​ព្យាបាល ​ត្រូវ​បាន​តាម​ដាន​ជាមួយ​នឹង​ឧបករណ៍​វាស់​កម្រិត​ទឹក​ភ្លោះ​រយៈពេល ៣សប្តាហ៍ ហើយ​ក្នុង​ករណីទឹកភ្លោះច្រើន កម្រិត​ស្រាល ការ​សម្រាល​កូន​ អាច​ធ្វើ​នៅ​សប្តាហ៍​ទី ៣៩ ឬ ៤០។ ប៉ុន្តែចំពោះ​ករណីធ្ងន់​ធ្ងរ​ ការ​សម្រាល​កូន​ ត្រូវ​ធ្វើ​នៅ​សប្តាហ៍​ទី ៣៧ ដើម្បី​ចៀ​ស​វាង​ពី​ផល​វិបាកផ្សេងៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម