មានកត្ដាជាច្រើន ដែលបណ្ដាលឲ្យស្ត្រីពពោះ ជួបបញ្ហារលូតកូន ដូចជា កត្ដាហ្សែន កំណកឈាម ប្រព័ន្ធភាពស៊ាំមិនប្រក្រតី ទម្លាប់រស់នៅ ឱសថ បញ្ហាសុក និងមាត់ស្បូន ជាដើម។ ចំណែកនៅក្នុងប្រទេសចិន ខ្យល់ពុល ជាកត្ដាមួយ បណ្ដាលឲ្យស្ត្រីពពោះ រលូតកូនដោយមិនដឹងខ្លួននោះទេ។
អ្នកស្រាវជ្រាវ នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន រួមជាមួយសាកលវិទ្យាល័យ ៤ទៀត បានតាមដានស្ត្រីពពោះ ជាង ២៥ម៉ឺននាក់ នៅទីក្រុងប៉េកាំង ពីឆ្នាំ២០០៩-២០១៧ ហើយរកឃើញថា ស្ត្រី ១៧.៤៩៧នាក់ រលូតកូនដោយមិនដឹងខ្លួនទេ។ អ្នកស្រាវជ្រាវ រកឃើញថា ការស្រូបភាគល្អិត ក្នុងខ្យល់ មានទាំង ស្ពាន់ធ័រឌីអុកស៊ីដ អូហ្សូន និងកាបូនម៉ូណូអ៊ុកស៊ីដ បណ្ដាលឲ្យស្ត្រីពពោះ រលូតកូនដោយមិនដឹងខ្លួននោះទេ អំឡុងត្រីមាសទី១។
ការរលូតកូនដោយមិនដឹងខ្លួន កើតឡើងនៅពេលទារកស្លាប់ ឬឈប់វិវត្តនៅក្នុងស្បូន អំឡុងដំណាក់កាលពពោះដំបូង ហើយត្រូវបានពិនិត្យឃើញតាមរយៈអេកូ នៅប៉ុន្មានសប្ដាហ៍ក្រោយមក។
អត្ថបទពាក់ព័ន្ធ៖ ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ?
ត្បិតប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតខ្យល់ពុលក្នុងក្រុងប៉េកាំង បានធ្លាក់ចុះជាបន្ដបន្ទាប់ តែវានៅខ្ពស់ជាងកម្រិតដែលអង្គការសុខភាពពិភពលោកបានកំណត់ រហូតដល់ប្រមាណ ៤ដង។ ភាគល្អិត នៃខ្យល់ពុលនេះ អាចចូលជ្រៅ ដល់ក្នុងសួត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]