លោកបន្តទៀតថា ដើម្បីឲ្យយើងស្ងប់ចិត្តម៉ាក់ៗទាំងអស់អាចសាកធ្វើតាមការណែនាំមួយចំនួនខាងក្រោម ជាការធានាសុវត្ថិភាពទម្រាំតែវីរុសនោះត្រូវបានកម្ចាត់ចោល ហើយបញ្ហាអនាម័យគឺជារបងការពារខ្លួនដ៏រឹងមាំសម្រាប់ខ្លួនយើងគ្រប់ៗគ្នា។ មួយវិញទៀតទោះជាមានផ្ទៃពោះមែន តែយើងគ្មានហានិភ័យឆ្លងខ្ពស់ឡើយ គឺដូចជាមនុស្សធម្មតាដែរ ដូចនេះត្រូវអនុវត្ត ៣ ចំណុចនេះ៖
១- គេង និងញ៉ាំឲ្យបានគ្រប់គ្រាន់
បើយើងរវល់តែគិតខ្វល់ខ្វាយខ្លាំង នោះច្បាស់ជាគេងមិនលក់ ញ៉ាំមិនបានហើយ កាលណាតែគេងមិនលក់នាំឲ្យសុខភាពធ្លាក់ចុះ អាចប៉ះពាល់ដល់កូនទាំងមិនបានឆ្លងវីរុសកូរ៉ូណាថ្មី។ តែបើយើងគេង និងញ៉ាំគ្រប់គ្រាន់វិញ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយក្រោកឡើងអារម្មណ៍ស្រស់ថ្លាល្អទាំងម៉ាក់ និងកូនក្នុងពោះ។ វីរុសកូរ៉ូណាថ្មីងាយឆ្លងទៅមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងអ្នកមានបញ្ហាសុខភាពស្រាប់ ដូចនេះហើយបានជាយើងត្រូវបំប៉នខ្លួនឲ្យកាន់តែខ្លាំង ទើបមិនងាយឆ្លង ឬបើឆ្លងក៏មិនទ្រុឌទ្រោមដែរ។