
២- រលូតកូន
ជាងអ៊ុតសក់ឈ្មោះ កែវ ពុទ្ធានី បានឲ្យដឹងថា អ្នកនាងបើកអាជីវកម្មហាងអ៊ុតសក់នេះរហូតដល់មានប្ដី និងកូន តែធ្លាប់រលូតកូនទាំង ២ ដង។ ស្ត្រីវ័យ ៣៣ ឆ្នាំរូបនេះបានឲ្យដឹងថា កូនទាំង ២ របស់ខ្លួនមានអាយុត្រឹម ៣ ខែប៉ុណ្ណោះ ហើយក៏រលូតទៅវិញ ព្រោះតែខ្លួននៅបន្តប្រកបរបរអ៊ុតសក់នេះដដែល។ អ្នកនាងបានបន្តទៀតថា ថ្នាំអ៊ុតសក់ត្រង់មានផ្ទុកសារធាតុគីមីខ្លាំងណាស់ កុំថាឡើយអ្នកមានកូន អ្នកគ្មានកូនពេលអ៊ុតក៏វិលមុខដែរ ព្រោះចំហាយដែលភាយប៉ះចំផ្ទៃមុខក៏ក្រហាយ រមាស់ណាស់ ទម្រាំតែយើងស្រូបចូលទៅ ហើយកូនបឺតស្រូបបន្ត មិនដឹងជាក្រហល់ក្រហាយយ៉ាងណា។ ពុទ្ធានី បន្តទៀតថា រាល់ថ្ងៃព្រោះតែត្រូវត្រៀមខ្លួនយកកូនជាថ្មី ទើបផ្អាកទទួលអ៊ុតសក់ដោយទឹកថ្នាំនេះសិន តែនៅទទួលអ៊ុតដោយខូឡេជេនវិញខ្លះៗ ព្រោះវាមិនសូវមានជាតិកាត់ និងធុំក្លិនឈួលឡើយ ហើយក៏មិនអាចមិនធ្វើដែរ ដោយសារតែកត្តាជីវភាព។
៣- សុខភាពម៉ាក់ៗចុះខ្សោយ
អ្នកនាង យឺន សុគាន់ ជាអ្នករស់នៅខេត្តកំពង់ចាមបានឲ្យដឹងថា ព្រោះតែចង់ស្អាតកូនក្នុងផ្ទៃបាន ៣ ខែក៏ទៅអ៊ុតសក់ត្រង់ ហើយតាំងពីពេលនោះមកខ្លួនមានអាការៈវិលមុខឈឺក្បាលរហូត ស្របពេលនឹងជិតសម្រាលកូនទៀតនោះ ធ្វើឲ្យកាន់តែបារម្ភ។ ស្ត្រីវ័យ ២៣ ឆ្នាំរូបនេះបានឲ្យដឹងទៀតថា អាការៈសំខាន់មួយទៀត គឺខ្លួនអ្នកនាងផ្ទាល់ចេះតែថប់ៗដង្ហើម និងគ្មានកម្លាំងកំហែងក្នុងខ្លួន។ ក្រោយ ស្ថានភាពខ្លួនដុនដាបបែបនេះ សុគាន់ ក៏បារម្ភចំពោះកូនក្នុងផ្ទៃដែរ តែពេលទៅអេកូពេទ្យថាមិនអីទេ រង់ចាំតាមដានពេលកើតចុងខែ ១២ នេះសិន។