ស្រីៗយើងដឹងអត់ថា ជំងឺទឹកនោមផ្អែមពេលពពោះ ប៉ះពាល់ដល់ការប្រើប្រាស់ជាតិស្កររបស់កោសិកា បណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើង ជះឥទ្ធិពលអាក្រក់ដល់ទាំងម៉ាក់ៗ និងអាអូនក្នុងផ្ទៃ។ បើម៉ាក់ៗ ពពោះកើតជំងឺនេះ ទាំងម្ដាយ និងកូនប្រឈមហានិភ័យវិវត្តទៅរកជំងឺទឹកផ្អែមប្រភេទទី ២ដូចគ្នា ទោះជាតិស្ករក្នុងពោះម៉ាក់ៗវិលត្រលប់មកធម្មតាវិញក៏ដោយ។
ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ចំពោះជំងឺទឹកនោមផ្អែមអំឡុងពេលពពោះនេះ ក្នុងចំណោមស្ត្រីពពោះ ១០ នាក់ មានម្នាក់កើតជំងឺនេះ ហើយភាគច្រើនកើតមានលើស្ត្រីធាត់ៗ។ បើមិនបានព្យាបាលត្រឹមត្រូវ ជំងឺនេះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃម៉ាក់បានដូចជា កូនលើសទម្ងន់ កើតមុនខែ អាអូនខ្វះជាតិស្ករ និងប្រឈមកើតជំងឺធាត់ ឬជំងឺទឹកនោមផ្អែមប្រភេទ២ ទៅថ្ងៃអនាគត។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីរូបនេះ បន្តថា ម៉ាក់ៗពពោះមិនប្រាកដថាអាចចៀសផុតពីការកើតជំងឺទឹកនោមផ្អែមអំឡុងពេលពពោះបានទេ ប៉ុន្តែបើម៉ាក់ៗ មានទម្លាប់រស់នៅល្អមុនពេលពពោះ អាចកាត់បន្ថយភាគរយកើតជំងឺនេះ។ ក្នុងករណីដែលម៉ាក់ៗពពោះកើតជំងឺនេះ ជម្រើសនៃរបៀបរស់ប៉ុន្មាននេះ អាចកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទនេះម្ដងទៀតពេលមានកូនលើកក្រោយ ឬក៏វិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ នៅថ្ងៃខាងមុខ៖
១.ញ៉ាំអាហារមានជីវជាតិ៖ ញ៉ាំអាហារសម្បូរជាតិសរសៃ និងជាតិខ្លាញ់ទាប គួរបន្ថែមផ្លែឈើ បន្លែ និងស្រូវសាលីទៅក្នុងរបបអាហារ។ ម៉ាក់ៗ គួរញ៉ាំអាហារឲ្យបានគ្រប់មុខ ប៉ុន្តែកុំច្រើនពេក។
២.សម្រកទម្ងន់មុនពេលពពោះ៖ សម្រកគីឡូអាចជួយយើងមានសុខភាពល្អពេលពពោះ។ លើកទឹកចិត្តខ្លួនឯងដោយគិតថា យើងនឹងទទួលបានផលប្រយោជន៍ច្រើននៅពេលក្រោយដូចជា បេះដូងមានសុខភាពល្អ កម្លាំងខ្លាំងជាងមុន និងមានទំនុកចិត្តលើខ្លួនឯង។
៣. បញ្ចេញជាតិពុល៖ បញ្ចេញសកម្មភាព ឬហាត់ប្រាណរៀងរាល់ថ្ងៃ ហែលទឹក យ៉ាងហោចណាស់ ៣០ នាទី។ បើមិនអាចហាត់ម្តងបាន ៣០នាទី ហាត់តិចជាងនេះក៏បាន។
៤.រក្សាទម្ងន់នៅថេរ៖ ពេលពពោះការឡើងទម្ងន់ជារឿងធម្មតាទេ ប៉ុន្តែបើឡើងខ្លាំងពេក ដូចបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែមពេលពពោះដែរ។
ក្នុងករណីមានអ្វីប្រែប្រួលមិនប្រក្រតី ម៉ាក់ៗគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ មិនគួរទុកចោល នាំគ្រោះថ្នាក់ដល់ខ្លួន និងកូនក្នុងផ្ទៃទេ។
[embed-health-tool-due-date]