ដូចគ្នាយើងបានដឹងហើយថា ពេលស្រីៗយើងចាប់ផ្ដើមមានផ្ទៃពោះ នឹងលែងមានការធ្លាក់មេជីវិតញីមកជាថ្មីដើម្បីអាចបង្កកំណើតបន្ថែមបានទៀតហើយ។ ចុះគ្នាយើងដែលឮព័ត៌មាននិយាយពីស្រ្តីមានកូនពីរក្នុងផ្ទៃដែលមិនមែនជាកូនភ្លោះដែរឬទេ? ថ្វីបើករណីនេះ ជាករណីកម្របំផុតមែន តែនៅតែអាចកើតឡើងបាន ដោយស្រ្តីម្នាក់អាចពពោះកូនក្នុងផ្ទៃពីរក្នុងពេលតែមួយ ដែលកូនក្នុងផ្ទៃនោះបានចាប់កំណើតមុននឹងក្រោយគ្នា ខុសពីកូនភ្លោះដែលចាប់កំណើតក្នុងផ្ទៃម្ដាយនៅពេលវេលាតែមួយ។
១. តើវាកើតឡើងបានយ៉ាងដូចម្ដេច?
នៅក្នុងប្រវត្តិវេជសាស្ត្រគិតត្រឹមឆ្នាំ២០១៧ មានតែ១០ករណីប៉ុណ្ណោះ ដែលបានកត់ត្រាពីរឿងចម្លែក និងកម្របំផុតមួយនេះ។
ដូចគ្នាយើងបានដឹងហើយថានៅពេលស្រ្តីចាប់ផ្ដើមមានផ្ទៃពោះ ស្រ្តីរូបនោះនឹងលែងមានការផលិតមេជីវិតញីទៀតហើយ រួមទាំងស៊ុតដែលបង្កកំណើតក៏បានទៅតោងជាប់នឹងជញ្ជាំងស្បូន នាំឲ្យជញ្ជាំងស្បូនឡើងក្រាស់ ព្រមទាំងចាប់ផ្ដើមមានទឹកភ្លោះផងដែរ ដែលទឹកភ្លោះនេះការពារមិនឲ្យមេជីវិតឈ្មោលឆ្លងកាត់មាត់ស្បូនបានទៀតនោះទេ។
ប៉ុន្តែនៅតែមានរឿងចម្លែក និងកម្របំផុត កើតឡើងបាន នោះគឺការជំរុញឲ្យមានការបង្កកំណើតច្រើន លើស្រីៗយើង។ ដើម្បីឲ្យការបង្កកំណើតច្រើននេះកើតឡើងបានលុះត្រាតែស្រីៗយើងមានស្បូនពីរ ឬមានធ្លាក់មេជីវិតពេលមានផ្ទៃពោះ ដែលករណីទាំងពីរនេះកម្រកើតមានបំផុត។
ថ្វីបើកម្រកើតមាន តែនៅតែអាចកើតមាន ដូចជាការធ្លាក់មេជីវិតញីធ្លាក់ថែមមួយទៀតពេលមានផ្ទៃពោះ ដែលការធ្លាក់មេជីវិតញីពេលមានផ្ទៃពោះនេះនឹងធ្វើឲ្យមានការបង្កកំណើតថែមមួយទៀតពេលរួមភេទចំពេលមេជីវិតញីនោះធ្លាក់។ ក្រុមគ្រូពេទ្យបានចាត់ទុកនេះជាករណីកម្របំផុត និងមិនអាចសិក្សាបានទេថាកើតឡើងដោយរបៀបម៉េច។
តាមការសិក្សានៅឆ្នាំ២០១៣ ករណីមានកូនចាប់កំណើតក្នុងពេលខុសគ្នាបែបនេះ គឺអាចមានរយៈពេលខុសគ្នាពី២ទៅ៤សប្ដាហ៍ បានន័យថាកូនទីមួយចាប់កំណើតមុន ហើយកូនទីពីរចាប់កំណើតនៅចន្លោះសប្ដាហ៍ទី២ ទៅទី៤ នៅពេលបន្ទាប់។ ដោយសារតែកូនទាំងពីរនៅក្នុងផ្ទៃមានរយៈពេលចាប់កំណើតផ្សេងគ្នា នោះរយៈពេលត្រូវសម្រាលក៏ខុសគ្នាដែរ ដូចនេះ គ្រូពេទ្យនឹងប្រើវិធីសម្រាលដោយវះកាត់ដើម្បីឲ្យកូនទាំងពីរមានសុវត្ថិភាព។
២. តើកូនទាំងពីរកើតមកមានមុខមាត់ដូចគ្នាឬទេ?
កូនដែលកើតមកដោយសារការជំរុញឲ្យមានការបង្កកំណើតច្រើនបែបនេះមិនមានភិនភាគដូចគ្នានោះទេ។ ជាក់ស្ដែងមានករណីប្ដីប្រពន្ធជនជាតិចិនមួយគូ បានពឹងពាក់ស្រ្តីម្នាក់ឲ្យពពោះជំនួស។ ក្រោយពីបានរៀបចំឲ្យមានការពពោះជំនួសរួចបានមួយរយៈ គ្រូពេទ្យបានរកឃើញថាក្នុងផ្ទៃមានកូនដល់ទៅពីរ ដែលពេលនោះគ្រូពេទ្យសន្និដ្ឋានថាជាកូនភ្លោះ។ ប៉ុន្តែក្រោយពេលសម្រាលទារកទាំងពីរមានមុខមាត់មិនដូចគ្នាទេ ជាហេតុធ្វើឲ្យមានការពិបាកដឹងថាមួយណាជាកូនរបស់ប្ដីប្រពន្ធជនជាតិចិន និងមួយណាជាកូនរបស់ស្រ្តីស៊ីឈ្នួលពពោះ និងស្វាមី។
ដើម្បីដឹងច្បាស់ គ្រូពេទ្យបានធ្វើតេស្តលើDNA ទើបអាចបញ្ជាក់បានថាមួយណាជាកូនរបស់ប្ដីប្រពន្ធជនជាតិចិន និងមួយណាជាកូនរបស់ស្រ្តីស៊ីឈ្នួលពពោះបានពិតប្រាកដ។
ករណីមួយទៀតដែរ នៅឆ្នាំ២០១០ ស្រ្តីម្នាក់បានមានផ្ទៃពោះកូនទីមួយ ប៉ុន្តែនៅពីរសប្ដាហ៍កន្លះក្រោយពីការបង្កកំណើតលើកទី១ ស្រ្តីរូបនោះ ក៏មានការបង្កកំណើតកូនទីពីរដែរ។ ការការពិនិត្យដោយឆ្លុះអេកូ កូនទាំងពីរមានមានរយៈពេល និងកម្រិតនៃការលូតលាស់ខុសគ្នា ហើយកូនទាំងពីរត្រូវសម្រាលដោយវះកាត់។
[embed-health-tool-due-date]