អំឡុងពពោះ ស្ត្រីជាម្តាយត្រូវញ៉ាំចំណីអាហារល្អៗ សម្បូរជីវជាតិ ដើម្បីបំប៉នសុខភាពខ្លួនឯង ពិសេសកូនក្នុងផ្ទៃ។ ក្រៅពីបន្លែ ត្រី សាច់ ស៊ុត ផ្លែឈើក៏ដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់សុខភាព ថែមទាំងសម្បូរវីតាមីនទៀត។
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំប្រភេទផ្លែឈើក្នុងស្រុកយើងប៉ុន្មានមុខនេះ ដែលងាយស្រួលរក ហើយល្អចំពោះសុខភាពម្តាយ និងគភ៌។
១. ក្រូច
ផ្លែក្រូចជួយរក្សាសំណើមក្នុងរាងកាយ មិនឲ្យខ្វះជាតិទឹក និងជាប្រភពហ្វូឡាត ឬអាស៊ីដហ្វូលិក ដែលជួយមានតួនាទីសំខាន់ក្នុងការជួយបង្ការជំងឺពកឆ្អឹងកងខ្នងពីកំណើតរបស់ទារក។ ក្រៅពីនោះក្រូចជាប្រភពនៃវីតាមីន C ដែលជួយបង្ការការខូចនៃកោសិកា។
២. ស្វាយ
ស្វាយជាប្រភពសំខាន់នៃវីតាមីន C និង A ដែលចាំបាច់សម្រាប់ស្ត្រី និងកូនក្នុងផ្ទៃ។ កង្វះវីតាមីន A ពេលកើតធ្វើឲ្យប្រព័ន្ធការពាររាងកាយខ្សោយ ទារកប្រឈមខ្ពស់នឹងជំងឺរាក និងផ្លូវដង្ហើម។
៣. ប៊ើរ
ផ្លែប៊ើរសម្បូរជាតិហ្វូឡាតជាងផ្លែឈើផ្សេងៗទៀត។ ក្រៅពីនោះផ្លែប៊ើរក៏មានផ្ទុកនូវវីតាមីន C, B, K ជាតិកាកសរសៃ Choline ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ប៉ូតាស្យូមក៏អាចជួយបំបាត់អាការៈរមួលក្រពើដែលកើតមានញឹកញាប់ពេលមានផ្ទៃពោះដែរ។ ចំណែក Choline វិញជួយអភិវឌ្ឍខួរក្បាល និងសរសៃប្រសាទរបស់ទារក ខណៈកង្វះ Choline អាចបណ្តាលឱ្យពិការភាពបំពង់សរសៃប្រសាទ និងការថយចុះការចងចាំពេញមួយជីវិត។
៤. ចេក
ផ្លែចែកសម្បូរដោយជាតិប៉ូតាស្យូម វីតាមីន B6, C និងជាតិកាកសរសៃ។ ជាតិកាកសរសៃក្នុងផ្លែចេក អាចជួយសម្រួលអាការៈទល់លាមកដែលជាបញ្ហាប្រឈមរបស់ស្ត្រីពពោះ ខណៈវីតាមីន B6 ជួយបំបាត់អាការៈចង្អោរ និងក្អួតពេលពពោះ។
[embed-health-tool-due-date]