ប្រសិនបើស្រីៗយើងចង់បានកូន យើងគួរចាត់ទុកថាខ្លួនឯងកំពុងតែមានផ្ទៃពោះ ដោយចាប់ផ្ដើមការញ៉ាំអាហារសុខភាព និងមានតុល្យភាព វីតាមីន និងធ្វើលំហាត់ប្រាណ ក៏ដូចជាគេងឲ្យបានគ្រប់គ្រាន់។ មិនថាយើងធាត់ ឬស្គមពេក និងមានទម្លាប់មិនល្អ ដូចជាផឹកគ្រឿងស្រវឹង និងជក់បារី សុទ្ធសឹងតែអាចកាត់បន្ថយឱកាសមានកូន ព្រមទាំងជះឥទ្ធិពលមិនល្អដល់ការមានផ្ទៃពោះថែមទៀត។ ហេតុនេះហើយ មុននឹងយកកូន ស្រីៗយើងគួរពិចារណានូវកត្តាទាំងនេះជាមុនសិន។
១. របបអាហារ
ពិតណាស់ ប្រសិនបើយើងធាត់ពេក ឬស្គមពេក វានឹងជះឥទ្ធិពលដល់ឱកាសមានផ្ទៃពោះ។ ដូច្នេះហើយ ចូរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីកំណត់ថា តើយើងមានទម្ងន់ខ្លួនត្រឹមត្រូវក្នុងការទ្រទ្រង់គភ៌ហើយឬនៅ។ ក្នុងករណីយើងធាត់ជ្រុល ការចាប់ផ្ដើមរបបអាហារសុខភាព ឬព្យាយាមសម្រកទម្ងន់នៅពេលដែលយើងមានផ្ទៃពោះរួចហើយនោះ គឺមិនមានសុវត្ថិភាពឡើយ។ ចូរចាប់ផ្ដើមញ៉ាំអាហារសុខភាព ដែលមានតុល្យភាពភ្លាមៗ និងចៀសវាងអាហារមានជាតិខ្លាញ់ កាឡូរី ជាតិស្ករ និងសូដ្យូមខ្ពស់។ បន្ថែមពីនេះ យើងក៏មិនគួរផឹកគ្រឿងស្រវឹងដែរ ពីព្រោះវាអាចកាត់បន្ថយឱកាសមានផ្ទៃពោះបាន។
២. លំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណជាប្រចាំគឺជារឿងចាំបាច់បំផុត សម្រាប់អ្នកដែលចង់បានកូន។ លំហាត់ប្រាណ អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាការលើសទម្ងន់ និងទឹកនោមផ្អែមជាដើម។ លើសពីនេះ វាក៏អាចជួយឲ្យការសម្រាលកូនរបស់យើងមានភាពងាយស្រួលជាងមុនដែរ។ ចូរចំណាយពេលយ៉ាងហោចណាស់៣០នាទី/ថ្ងៃ ធ្វើលំហាត់ប្រាណផ្សេងៗ ដូចជាការហែលទឹក ឡើងភ្នំ ឬទៅក្លឹបហាត់ប្រាណ។ ជាមួយគ្នានេះដែរ ការដើរ ឬការហាត់យូហ្កាក៏ជាជម្រើសដ៏ល្អមួយ ដែលយើងមិនគួរមើលរំលងដែរ។
៣. ស្រ្តេស
នៅពេលយើងស្រ្តេសខ្លាំងពេក វាក៏អាចរំខានដល់វដ្ដរដូវរបស់យើងបានដូចគ្នា ដែលអាចធ្វើឲ្យយើងភាន់ច្រឡំថាខ្លួនមានផ្ទៃពោះ ហើយពិបាកក្នុងការតាមដានពេលវេលាដែលយើងអាចមានកូនខ្ពស់បំផុត។ ដូចនេះ ចូរស្វែងរកវិធីសាស្ត្រក្នុងការកាត់បន្ថយស្រ្តេស ធ្វើលំហាត់ប្រាណ និងគេងឲ្យបានច្រើន។ បន្ថែមពីនេះ ចូរជជែកជាមួយដៃគូ គ្រួសារ ឬមិត្តភ័ក្ដិនៅពេលយើងមានអារម្មណ៍សោកសៅខ្លាំង។
៤. ជក់បារី
យើងបានដឹងហើយថា បារីបំផ្លាញសុខភាពរបស់យើងធ្ងន់ធ្ងរ ហើយវាក៏រួមចំណែកធ្វើឲ្យយើងពិបាកក្នុងការមានផ្ទៃពោះ ព្រមទាំងផ្ដល់ផលប៉ះពាល់ដល់ទារក នៅអំឡុងពេលមានផ្ទៃពោះ។ ទោះបីជាយើងមិនជក់បារីដោយផ្ទាល់យ៉ាងណាក្ដី ក៏វានៅតែមានគ្រោះថ្នាក់ដដែល ប្រសិនបើដៃគូរបស់យើងជក់បារីជាប្រចាំនោះ។
[embed-health-tool-due-date]