គ្រាប់ល្ពៅមិនត្រឹមតែមានសុវត្ថិភាពចំពោះស្រីៗមានផ្ទៃពោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់ការអភិវឌ្ឍមុនពេលមានផ្ទៃពោះ។ ម៉ាក់ៗអាចញ៉ាំគ្រាប់ល្ពៅជាអាហារសម្រន់តែឯង ឬលាយជាមួយនឹងទឹកផ្លែឈើក្រឡុក ឬនំប៉័ង សាឡាត់ជាដើម។ គ្រាន់តែគ្រាប់ល្ពៅ១/៤ពែង ក៏មានផ្ទុកកាឡូរីចំនួន១៨៦ ស្មើនឹងពាក់កណ្ដាលនៃកាឡូរីបន្ថែម ដែលត្រូវណែនាំសម្រាប់ម៉ាក់ៗកំពុងពពោះ។ សារធាតុចិញ្ចឹមសំខាន់ៗរបស់គ្រាប់ល្ពៅដែលស្ត្រីពពោះមិនអាចខ្វះបាន មានដូចខាងក្រោម។
១. ជាតិដែក
កង្វះជាតិដែក គឺជាការព្រួយបារម្ភមួយនៅអំឡុងពេលពពោះ។ ជាតិដែកជួយផលិតគ្រាប់ឈាមក្រហម ដែលផ្ទុកអុកស៊ីសែនពាសពេញរាងកាយ។ នៅអំឡុងពេលពពោះ រាងកាយផលិតកោសិកាឈាមក្រហមខ្ពស់ ដើម្បីជំរុញការលូតលាស់របស់ទារក ដែលជាហេតុធ្វើឲ្យជាតិដែកមានសារសំខាន់ចំពោះម៉ាក់ៗជាងពេលណាៗទាំងអស់។ គ្រាប់ល្ពៅមានបរិមាណជាតិដែកខ្ពស់បំផុតទី២ បន្ទាប់ពីគ្រាប់ល្ង។ ដូច្នេះហើយ ការញ៉ាំគ្រាប់ល្ពៅត្រឹមតែមួយពែង ក៏អាចបំពេញតម្រូវការជាតិដែកប្រចាំថ្ងៃជាមធ្យមដល់ទៅពាក់កណ្ដាលឯណោះ។
២. វីតាមីន B
តួនាទីសំខាន់នៃវីតាមីនB គឺផលិតថាមពល ខណៈតម្រូវការថាមពលនឹងកើនឡើង នៅអំឡុងពេលពពោះ។ សារធាតុ Folate គឺជាវីតាមីន B សំខាន់បំផុតសម្រាប់ម៉ាក់ៗដែលកំពុងមានផ្ទៃពោះ ពីព្រោះវាជួយការពារពីភាពមិនប្រក្រតីនៃបំពង់សរសៃប្រសាទ ដូចជាពកលៀនឆ្អឹងខ្នង។ គ្រាប់ល្ពៅ ២៨ក្រាម ផ្ដល់សារធាតុ Folate ចំនួន១៦មីក្រូក្រាម ហើយស្រីៗយើងត្រូវការសារធាតុFolate យ៉ាងហោចណាស់ ៤០០មីក្រូក្រាមជារៀងរាល់ថ្ងៃ។
៣. ស័ង្កសី
ជាមួយគ្នានេះដែរ គ្រាប់ល្ពៅប្រហែល១៤ក្រាម មានផ្ទុកស័ង្កសីចំនួន១.១មិល្លីក្រាម ដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ។ ស័ង្កសីជួយដល់ការផលិត DNA និងជួយជំរុញការលូតលាស់របស់កោសិកាយ៉ាងឆាប់រហ័សចំពោះទារកដែលកំពុងលូតលាស់។ បើយោងតាមគេហទំព័រ Baby Center កង្វះស័ង្កសីអំឡុងពេលពពោះ អាចពាក់ព័ន្ធទៅនឹងការរលូតកូន ទារកខ្វះទម្ងន់ ជាតិពុលក្នុងឈាម និងផលវិបាកដទៃទៀតនៅអំឡុងពេលពពោះ និងសម្រាលកូន។ ជាធម្មតា ស្រីកំពុងពពោះ គប្បីទទួលបានស័ង្កសី ១៣ មិល្លីក្រាម/ថ្ងៃ។
៤. ខ្លាញ់សុខភាព
លើសពីនេះ គ្រាប់ល្ពៅក៏ជាប្រភពនៃខ្លាញ់មិនឆ្អែត ព្រមទាំងផ្ដល់អាស៊ីដខ្លាញ់អូមេហ្គា៣ ដើម្បីជំរុញដល់ការលូតលាស់ខួរក្បាលរបស់ទារកផងដែរ។ យ៉ាងណាមិញ ប្រសិនបើទារកមានកម្រិតអាស៊ីដខ្លាញ់សំខាន់ៗទាប វាអាចមានការថយចុះដល់ការអភិវឌ្ឍខួរក្បាលរបស់ទារក ពីព្រោះអូមេហ្គា៣ បង្កើតកោសិកាខួរក្បាល។ អាស៊ីដខ្លាញ់ក៏អាចធ្វើឲ្យទារកមើលឃើញកាន់តែប្រសើរ និងជួយដល់ការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទកណ្ដាលថែមទៀតផង។
[embed-health-tool-due-date]