គ្រួសារខ្លះមានសំណាង បានកូនភ្លោះ ទោះពិត (ប្រុស ឬស្រីទាំងពីរ) ឬមិនពិត (ប្រុស១ ស្រី១) ឬអ្នកខ្លះ អាចបានភ្លោះច្រើនជាង ២។ កូនភ្លោះពិត (Identical twins) ជាកូនដែលចេញពីមេជីវិតញី (អូវ៉ុល) តែមួយនិងដោយធម្មជាតិ ហើយមានប្រមាណមួយភាគបីនៃកូនភ្លោះសរុបទាំងអស់ តែក៏មានកូនភ្លោះមិនពិត (ចេញពីមេជីវិតញីផ្សេងគ្នា) ឬកូនភ្លោះបីដែលកើតឡើងដោយកត្តាផ្សេងៗមួយចំនួនទៀត។
ចុះបើចង់បានកូនភ្លោះ សារ៉េ បានដូចចិត្តអត់? ឲ្យតែតាមក្បួនធម្មជាតិ គឺអត់ស្រួលដូចចិត្តចង់ទេ ប៉ុន្តែស្រីៗអាចបង្កើនឱកាសពពោះកូនភ្លោះពីរ បី ឬច្រើនជាងនេះបាន អាស្រ័យលើកត្តាមួយចំនួន ក្រៅពីភាពចៃដន្យ។
១- ប្រវត្តិគ្រួសារ
តំណពូជ ឬប្រវត្តិគ្រួសារ សំដៅទៅលើប្រវត្តិគ្រួសារខាងស្រ្តីម្ខាងប៉ុណ្ណោះ។ នេះដោយសារតែស្ត្រីជាអ្នកពពោះ ឯខាងបុរស ទោះជារួមចំណែកបាញ់បញ្ចូលមេជីវិត បង្កកំណើតក្ដី ក៏មិនមានឥទ្ធិពលទេ។ ដូចនេះ បើសមាជិកគ្រួសារខាងស្រីណាមួយមានកូនភ្លោះនោះ គេក៏អាចមានឱកាសបានកូនភ្លោះដែរ។
២- របបអាហារ
អាហារសំខាន់ណាស់សម្រាប់សុខភាព ដូច្នេះញ៉ាំអាហារល្អ សុខភាពល្អ នៅអាចជួយបង្កើនភាគរយឲ្យបានកូនភ្លោះទៀត។ ចំណីល្អៗដែលម៉ាក់ៗគួរញ៉ាំ មុនត្រៀមខ្លួនសម្រេចចិត្តពពោះ គួរញ៉ាំសាច់ និងទឹកដោះគោស្រស់ឲ្យបានច្រើន (តែមិនមែនច្រើនដល់លើស រហូតឡើងគីឡូខ្លួនឯងទេ) តែក៏មិនប្រាកដ ១០០%ថា ញ៉ាំទៅដឹងតែបានកូនភ្លោះដែរ។
៣- អូវែល្អ
សុខភាពអូវែម្ដាយល្អ គឺឱកាសមានកូនមិនពិបាកទេ ហើយសមត្ថភាពបញ្ចេញមេជីវិតញីបានល្អ ក៏ជាឱកាសក្នុងពពោះកូនភ្លោះបានច្រើនដូចគ្នា។
៤- អាយុ
ទោះបីជាអាយុចន្លោះពី ៣០ ទៅ ៤០ឆ្នាំ អាចបង្កផលប៉ះពាល់ និងបង្កគ្រោះថ្នាក់ច្រើនដល់ម្ដាយ និងកូនក៏ដោយ ជាពិសេសអាចមានសុកពាំងមាត់ស្បូន តែវ័យនេះរាងកាយស្រ្តីផ្លាស់ប្ដូរ ហើយអាចនឹងបញ្ចេញមេជីវិតពីរក្នុងខែតែមួយ។ អុីចឹងឱកាស កូនភ្លោះ កាន់តែខ្ពស់តាមហ្នឹង។
៥- កន្លែងរស់នៅ
បរិយាកាស និងការរៀបចំកន្លែងរស់នៅក៏រាប់បញ្ចូលដល់ការពាក់ព័ន្ធនឹងលទ្ធភាពមានកូនភ្លោះដែរ។ តាមរបាយការណ៍ខ្លះ នៅអឺរ៉ុបខាងលិច ប្រហែល ១ លើ ៦០ករណីជាការពពោះកូនភ្លោះ ខណៈដែលនៅអាស៊ីអាគ្នេយ៍វិញ ជាករណីដែលកម្រមែនទែន (មិនងាយមាន)។
ជារឿងគួរឲ្យភ្ញាក់ផ្អើលដែល រាល់ ២០ ទៅ ៣០ នៃស្ត្រីមានផ្ទៃពោះនៅប្រទេសនីហ្សេរីយ៉ា មានម្នាក់មានកូនភ្លោះ ឬច្រើនជាងនេះ តែជនជាតិនីហ្សេរីយ៉ាដែលរស់នៅប្រទេសដទៃវិញ នៅតែពិបាកមានកូនភ្លោះ។ ទាំងនេះ អាចមកពីចំណីអាហារ និងបរិយាកាស មានអំណោយផលក្នុងការមានកូនភ្លោះ។
អត្ថបទពាក់ព័ន្ធ
- តិចនិកបំបៅដោះសម្រាប់ស្រីៗមានកូនភ្លោះ
- ទម្ងន់ស្តង់ដារកូន ២ គីឡូកន្លះ ចុះបើភ្លោះត្រូវគុណទ្វេដងមែន?
- ឆ្ងល់អត់ ស្រីៗម៉េចបានមានកូនភ្លោះ ខ្លះភេទដូចគ្នា ខ្លះស្រី១ប្រុស១?
៦- បង្កកំណើតក្នុងមន្ទីរពិសោធន៍
ការបង្កកំណើតក្នុងមន្ទីរពិសោធន៍ (IVF) ក៏រួមចំណែកដែរ ព្រោះទីនោះ ឬមធ្យោបាយវេជ្ជសាស្ត្រទាំងនោះ ក៏មានថ្នាំមួយចំនួនជំរុញរាងកាយស្រីៗឲ្យបញ្ចេញមេជីវិតញីច្រើនដែរ។
[embed-health-tool-due-date]