ថ្នាំគ្រាប់ពន្យារកំណើត ត្រូវចាត់ទុក ជាមិត្តល្អ ក៏ជាវិធីមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងការបង្កកំណើតសម្រាប់ស្រីៗគ្នាយើង មិនទាន់ចង់បានកូន ដោយស្រីរាប់លាន បានលេបថ្នាំនេះរៀងរាល់ខែ។ ដូចធ្លាប់លើកឡើងជារឿយៗ ថ្នាំគឺជាអាវុធមុខពីរ ព្រោះក្រៅពីប្រសិទ្ធិភាពពន្យារកំណើត ថ្នាំនេះក៏អាចបង្កផលរំខានមួយចំនួន “Hello គ្រូពេទ្យ’ នឹងលើកឡើងដោយស្រីៗបានដឹងក្នុងអត្ថបទនេះតែម្តង។
១- ហូរឈាមនៅចន្លោះរដូវ
ជាងពាក់កណ្ដាល ស្រីៗលេបថ្នាំពន្យារកំណើត អាចមានបញ្ហាការហូរឈាមចេញពីទ្វារមាស ហៅជាភាសាបច្ចេកទេស Intermentrual Spotting មានន័យថាហូរឈាមរដូវនៅចន្លោះពេលមករដូវ។ ស្ថានភាពបែបនេះ ជាទូទៅកើតឡើងនៅ ៣ ខែដំបូង បន្ទាប់ពីប្រើថ្នាំ។ ប្រសិនបើហូរឈាមខ្លាំង និងច្រើនជាង ៣ថ្ងៃ ប្រញាប់ទៅរកជំនួយពីគ្រូពេទ្យភ្លាម។
២- ចង្អោរ
ថ្នាំនេះ អាចធ្វើឲ្យមានចង្អោរ នៅពេលទើបប្រើថ្នាំនេះដំបូង។ គួរលេបថ្នាំនេះជាមួយអាហារ ឬលេបនៅពេលគេង ដើម្បីកាត់បន្ថយបញ្ហាចង្អោរនេះ។ ផលរំខាននេះ ជាញឹកញាប់ រំខានកត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែបើបញ្ហាកាន់តែធ្ងន់ធ្ងរ និងមានរយៈពេលយូរ សូមទៅជួបគ្រូពេទ្យភ្លាម។
៣- ឈឺដោះ
ឈឺដោះ គឺជាផលរំខានមួយទៀតថ្នាំពន្យារកំណើត ជាទូទៅនឹងបាត់ទៅវិញនៅរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់។ ដើម្បីបន្ថយអាការនេះ ស្រីៗ គួរកម្រិតការញ៉ាំជាតិកាហ្វេអ៊ីន និងអំបិល។ ក្រៅពីនេះ ស្ត្រីគួរតែពាក់អាវទ្រនាប់ជំនួយ តែបើការឈឺចាប់កាន់តែខ្លាំង ឬចាប់អារម្មណ៍ថាមានដុំអ្វីមួយក្នុងដោះ ត្រូវទៅជួបគ្រូពេទ្យភ្លាម ដើម្បីប្រាកដថា យើងមិនមានបញ្ហាសុខភាពណាមួយគួរឲ្យបារម្ភនោះឡើយ។
៤- ឈឺក្បាល
អ័រម៉ូនភេទក្នុងថ្នាំពន្យារកំណើត ជាមូលហេតុចម្បងធ្វើឲ្យឈឺក្បាល និងប្រកាំង ខណៈរោគសញ្ញាឈឺក្បាលនេះ ខុសៗគ្នាអាស្រ័យលើប្រភេទ និងកម្រិតអ័រម៉ូននៅក្នុងថ្នាំ។
៥- ឡើងទម្ងន់
ទោះបីមិនទាន់មានភស្ដុតាងបញ្ជាក់ថា ថ្នាំពន្យារកំណើតធ្វើឲ្យឡើងទម្ងន់ពិតមែនក៏ដោយ ប៉ុន្តែមានមនុស្សជាច្រើន ប្រាប់ពីផលវិបាក មានការចាល់ជាតិទឹកនៅក្នុងដោះ និងត្រគាក បន្ទាប់ពីញ៉ាំថ្នាំពន្យារកំណើត។
៦- ផ្លាស់ប្ដូរអារម្មណ៍
ស្រីៗប្រើថ្នាំពន្យារកំណើត អាចនឹងធ្លាប់មានបញ្ហា បាក់ទឹកចិត្ត ឬបញ្ហាផ្លាស់ប្ដូរសតិអារម្មណ៍ផ្សេងៗទៀត។ ដូចនេះហើយ បើមានបញ្ហាបាក់ទឹកចិត្ត គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងលេបថ្នាំនេះជាថ្មី។
៧- បាត់រដូវ
ទោះបីការប្រើប្រាស់ថ្នាំទៀងទាត់ក៏ដោយ មានគ្នាយើងខ្លះ ជួបបញ្ហាបាត់រដូវដូចគ្នា។ បញ្ហាទាំងនេះ អាចបណ្ដាលមកពីកត្តាផ្សេងៗ ដូចជា បញ្ហាស្ត្រេស ឈឺ ការធ្វើដំណើរ អ័រម៉ូន ឬក្រពេញទីរ៉ូអ៊ីតមិនប្រក្រតី។ បើបាត់រដូវ ពេលកំពុងប្រើថ្នាំនេះ គ្រូពេទ្យអាចនឹងតម្រូវឲ្យធ្វើតេស្តរកមើលផ្ទៃពោះ មុននឹងឲ្យប្រើថ្នាំនេះបន្តទៀត។
អត្ថបទពាក់ព័ន្ធ៖
- ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?
- ប្រើថ្នាំពន្យារកំណើតយូរ អាចអត់កូនរហូត?
៨- ធ្លាក់ចុះចំណង់ផ្លូវភេទ
ក្នុងករណីខ្លះ អ័រម៉ូនក្នុងថ្នាំពន្យារកំណើត អាចធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។ បើករណីនេះកើតឡើយយូរ សូមពិគ្រោះរកជំនួយពីគ្រូពេទ្យ។
៩- ធ្លាក់ស
ប្រើថ្នាំពន្យារកំណើត អាចបណ្ដាលឲ្យកើនឡើង ឬថយចុះបញ្ហាធ្លាក់ស។ បញ្ហានេះ ជាទូទៅមិនមានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែបើបារម្ភពីបញ្ហានេះ ឬកំពុងប្រឈមការបង្ករោគ អាចពិគ្រោះជាមួយគ្រូពេទ្យបាន។
១០- បញ្ហាគំហើញពេលប្រើឡែនពាក់ភ្នែក
ការចាល់ជាតិទឹកបណ្ដាលមកពីថ្នាំពន្យារកំណើត អាចធ្វើឲ្យហើមកញ្ចក់ភ្នែក ឬផ្លាស់ប្ដូរទម្រង់។ ជាលទ្ធផល ឡែនពាក់ភ្នែកយើងនិយមប្រើ នឹងមិនអាចពាក់ល្មមដូចមុនឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]