អំឡុងមានផ្ទៃពោះ ម៉ាក់ៗប្រាកដជាទៅមន្ទីរពេទ្យ ដើម្បីចង់ដឹងពីសុខភាពគភ៌រៀងរាល់ខែ។ ក្នុងនោះលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាព-កម្ពុជាចិន សែនសុខ នឹងបង្ហាញពីរឿងត្រូវពិនិត្យពេលម៉ាក់ៗមកអេកូមើលផ្ទៃពោះ។
១- ឆ្លុះអេកូ
ការឆ្លុះអេកូ អាចឲ្យយើងដឹងពីការលូតលាស់ ទីតាំង ទំហំរបស់ទារកក្នុងផ្ទៃ ព្រមទាំងឆ្លុះមើលថាទារក មានបញ្ហាអ្វីឬអត់។
២- ពិនិត្យរកមេរោគស្វាយ
ស្វាយ ជាជំងឺដែលបណ្ដាលឲ្យទារកក្នុងផ្ទៃស្លាប់ជាច្រើន ដូចនេះការពិនិត្យគឺដើម្បីឲ្យដឹងថាម្ដាយមានជំងឺនេះ ដែរឬទេ។
៣- ពិនិត្យតម្រងនោម
ការពិនិត្យនៅតំបន់នេះក៏សំខាន់ផងដែរ គឺដើម្បីធ្វើតេស្តជាតិស្ករ និងជាតិប្រូតេអ៊ីន និងការធ្វើតេស្តថាមានដំបៅក្លាយនៅតម្រងនោម ឬក៍អត់។
៤- ពិនិត្យឈាមធម្មតា
ការពិនិត្យឈាម ដើម្បីវាយតម្លៃលើសុខភាពរបស់ស្ត្រីមានផ្ទៃពោះ និងពិនិត្យមើលឲ្យដឹងថាគ្មានបញ្ហារហូតដល់ពេលសម្រាលកូន ក្នុងនោះមានការពិនិត្យឈាម (ជាតិក្រហមនៃឈាមកោសិកាឈាម និងកោសិកាឈាមក្រហមជាដើម) ជំងឺអេដស៍ និងរោគកញ្ជ្រឹលជាដើម។
៥- វាស់សម្ពាធឈាម និងថ្លឹងទម្ងន់
រៀងរាល់ពេលទៅពិនិត្យផ្ទៃពោះ គ្រូពេទ្យតែងតែវាស់សម្ពាធឈាម ដើម្បីចង់ដឹងថា ឈាមម៉ាក់ៗឡើងខុសប្រក្រតីឬទេ។ មួយវិញទៀត ការថ្លឹងទម្ងន់ជាប្រចាំ គឺដើម្បីកុំឲ្យម៉ាក់ៗបណ្ដោយខ្លួនញ៉ាំតាមចិត្តចង់ រហូតឡើង ២០ គីឡូ ព្រោះអាចប្រឈមមុខលើសសម្ពាធឈាម ទឹកនោមផ្អែម ហើយពិបាកសម្រាល។
[embed-health-tool-ovulation]