ពិតណាស់ ការបង្កើតគ្រួសារមួយៗ មិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះវាទាមទារភាពអត់ធ្មត់ ការយោគយល់គ្នា និងការខិតខំប្រឹងប្រែងរួមគ្នា។ យ៉ាងណាមិញ ប្រសិនបើស្រីៗយើងត្រៀមខ្លួនរួចរាល់ ក្នុងការបង្កើតគ្រួសារមួយដ៏កក់ក្ដៅ និងសម្រេចចិត្តថាចង់យកកូន យើងត្រូវដឹងពីរឿងរ៉ាវមួយចំនួននេះជាមុនសិន។
១. ការធ្វើតេស្តរកជំងឺពីកំណើត
ពេលខ្លះ យើងមានបម្រែបម្រួលហ្សែន ដែលអាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរកើតឡើងចំពោះទារក ប្រសិនបើពួកគេទទួលបានហ្សែនទាំងនោះពីប៉ាម៉ាក់។ ជាក់ស្ដែង មានជំងឺហ្សែនជាច្រើន ដូចជាជំងឺអូទីស្សឹម (Autism) ឬ Down’s Syndrome។ល។ ការធ្វើតេស្តស្វែងរកជំងឺពីកំណើត អាចឲ្យយើងដឹងថាតើបុរស ឬនារីនោះមានបម្រែបម្រួលហ្សែនដែរឬទេ។ សូម្បីតែក្នុងអំឡុងពេលពីរបីខែដំបូងនៃការមានផ្ទៃពោះ ការធ្វើតេស្តសារធាតុរាវពីអំប្រ៊ីយ៉ុង ក៏អាចបង្ហាញឲ្យយើងដឹងថាតើ អំប្រ៊ីយ៉ងមានជំងឺហ្សែនឬអត់ផងដែរ។
២. ស្វែងយល់ពីរយៈពេលនៃការបញ្ចេញពងអូវុល
ប្ដីប្រពន្ធជាច្រើន មានអារម្មណ៍ខកបំណងនៅពេលដែលពួកគេបរាជ័យក្នុងការយកកូន បន្ទាប់ពីព្យាយាមជាច្រើនលើក។ ជួនកាល មនុស្សភាគច្រើនអាចភ្លេចយកចិត្តទុកដាក់លើការបញ្ចេញពងអូវុល។ ជាទូទៅ រយៈពេល១២ ដល់១៦ថ្ងៃ បន្ទាប់ពីស្រីៗយើងមករដូវរួច គឺត្រូវបានចាត់ទុកថាជាពេលវេលាដែលអាចមានកូនខ្ពស់បំផុត។
៣. ឈប់ផឹកគ្រឿងស្រវឹង និងឈប់ជក់បារី
មិនត្រឹមតែម៉ាក់ទេដែលគួរឈប់ជក់បារី សូម្បីតែប៉ាក៏គួរបញ្ឈប់ទម្លាប់អាក្រក់មួយនេះដែរ ពីព្រោះវាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ម្ដាយ និងកូនដែលនៅក្នុងផ្ទៃ។ រីឯការផឹកគ្រឿងស្រវឹងនៅអំឡុងពេល ឬមុនពេលមានទម្ងន់ ក៏មិនល្អចំពោះសុខភាពទាំងម្ដាយ និងកូនដូចគ្នា។
៤. ចាប់ផ្ដើមសន្សំប្រាក់បម្រុង
យើងប្រហែលជាមានប្រាក់សន្សំទុកសម្រាប់ប្រើប្រាស់ក្នុងពេលអាសន្ន ឬសម្រាប់ការសិក្សានៅក្រៅប្រទេស ក៏ដូចជាសម្រាប់ដំណើរកម្សាន្តមិនខាន។ ដូចគ្នានេះដែរ ការចាប់ផ្ដើមគ្រួសារមានន័យថាការចំណាយនឹងកើនឡើង ដូច្នេះហើយ ការចាប់ផ្ដើមសន្សំប្រាក់បម្រុង គឺជាទង្វើដ៏ឆ្លាតវៃមួយសម្រាប់សុភមង្គលគ្រួសារនៅថ្ងៃអនាគត។
៥. ទម្ងន់ខ្លួនសមស្រប
វាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ស្រីៗយើងក្នុងការរក្សានូវទម្ងន់ខ្លួនឲ្យបានសមស្រប នៅពេលដែលយើងចង់បានកូន។ មិនថាយើងលើសទម្ងន់ ឬខ្វះទម្ងន់នោះទេ គឺសុទ្ធតែអាចបង្កើនហានិភ័យខ្ពស់ដល់លទ្ធភាពមានផ្ទៃពោះទាំងអស់។
៦. ការពិនិត្យសុខភាព
នាពេលបច្ចុប្បន្ននេះ មានស្រីៗជាច្រើនកំពុងតែប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែមពេលមានគភ៌។ ក្រៅពីនេះ ម៉ាក់ៗក៏អាចវិវត្តទៅរកផលវិបាកផ្សេងៗទៀតផងដែរ។ ដូច្នេះហើយ ការពិនិត្យសុខភាពជាប្រចាំ គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីធានាថាទាំងម្ដាយ និងកូនមាន គឺមានសុខភាពល្អ។
៧. សុខភាពផ្លូវចិត្ត
ប្រសិនបើយើងមានគម្រោងចង់បានកូន ការដែលមានសុខភាពរាងកាយរឹងមាំតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទាល់តែម៉ាក់ៗមានសុខភាពផ្លូវចិត្តល្អគួបផ្សំថែមទៀត។ កត្តានេះ ក៏ទាមទារការចូលរួមរបស់ប៉ាៗផងដែរ ពីព្រោះនៅពេលដែលប្ដីប្រពន្ធមានបែបបទរស់នៅល្អ និងមិនមានគំនិតអវិជ្ជមាន ទារកក៏ទទួលបានសន្តិភាពផ្លូវចិត្តដូចគ្នា។
[embed-health-tool-ovulation]