ខ្ញីអាចប្រើប្រាស់ជាប្រភេទគ្រឿងទេសសម្រាប់ចម្អិនម្ហូបអាហារ ក៏ដូចជាឆុងតែដ៏មានឱជារសឈ្ងុយឆ្ងាញ់ ព្រមទាំងអាចជួយព្យាបាលបញ្ហាសុខភាពមួយចំនួនថែមទៀតផង។ យ៉ាងណាមិញ ការញ៉ាំតែខ្ញីនៅអំឡុងពេលពពោះ មិនបណ្ដាលឲ្យរលូតកូនឡើយ ប្រសិនបើម៉ាក់ៗធ្វើតាមការណែនាំរបស់គ្រូពេទ្យ ហើយមិនញ៉ាំវាលើសចំនួនកំណត់។
អត្ថប្រយោជន៍នៃតែខ្ញី
យោងតាមសាកលវិទ្យាល័យវេជ្ជសាស្ត្រMaryland តែខ្ញីត្រូវបានប្រើប្រាស់ដើម្បីជួយដល់ការរំលាយអាហារ និងបំបាត់អាការៈឈឺក្បាល ព្រមទាំងផ្ដាសាយបានយ៉ាងស័ក្ដិសិទ្ធិ។ លើសពីនេះ វាក៏ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺក្រពះ ដូចជារាករូស និងក្អួតចង្អោរ ដែលជារោគសញ្ញាទូទៅរបស់ស្ត្រីមានផ្ទៃពោះផងដែរ។
តើការញ៉ាំតែខ្ញីមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះដែរឬទេ?
ជាទូទៅ តែខ្ញីស្រស់មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ ប៉ុន្តែយើងគប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យបន្ថែមទៀត មុនពេលផឹកវា។ ជាមួយគ្នានេះដែរ តែខ្ញីផ្សំពីប្រភេទឫសស្ងួត ដែលមិនត្រូវបានណែនាំឲ្យប្រើប្រាស់ នៅអំឡុងពេលពពោះឡើយ។ ដូច្នេះហើយ ប្រសិនបើម៉ាក់ៗទិញតែខ្ញីដែលមានលក់នៅលើទីផ្សារស្រាប់ សូមអានសេចក្ដីណែនាំឲ្យបានច្បាស់លាស់ជាមុនសិន។
បរិមាណស័ក្ដិសមសម្រាប់ស្ត្រីមានគភ៌
នៅក្នុងករណីដែលគ្រូពេទ្យណែនាំឲ្យយើងផឹកតែខ្ញីនៅអំឡុងពេលពពោះ ចូរអនុវត្តតាមបរិមាណដែលណែនាំនោះឲ្យបានខ្ជាប់ខ្ជួន។ សាកលវិទ្យាល័យវេជ្ជសាស្ត្រMarylandបានបញ្ជាក់ថា បរិមាណធម្មតាដែលម៉ាក់ៗគួរញ៉ាំតែខ្ញី គឺចំនួន២៥០មិល្លីក្រាម ចំនួន៤ដងក្នុងមួយថ្ងៃ ហើយមិនត្រូវឲ្យលើស៤ក្រាមនៅក្នុងមួយថ្ងៃឡើយ រួមទាំងខ្ញីដែលមាននៅក្នុងចំណីអាហារផ្សេងទៀតផងដែរ។
[embed-health-tool-ovulation]