backup og meta

ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ?

ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ?

អំឡុង​ពេល​ត្រី​មាស​ទី ៣ នៃការ​ពពោះ​ចូល​មក​ដល់ ស្ត្រីពពោះនឹង​​មាន​អាការៈ​ថ្មី​ៗ​ជាច្រើនទៀត ពិសេស​អាការៈ​ឈឺ​ពោះ កន្ត្រាក់​ស្បូន ដែល​ជា​សញ្ញា​ត្រៀមសម្រាល ឬ​ដល់​ថ្ងៃ​សម្រាល។ យ៉ាង​ណា អាការៈ​កន្ត្រាក់​ស្បូនអំឡុង​ពេល​នេះ ត្រូវ​គេ​ចែក​ចេញ​ជា ២ ដោយ​មួយ​ជាការ​កន្ត្រាក់​ត្រៀម​សម្រាល និង​មួយ​ទៀតជា​ការ​កន្ត្រាក់​បែប​បញ្ឆោត​ប៉ុណ្ណោះ។ ហេតុនេះ ដើម្បី​អាច​ត្រៀម​ខ្លួន​បាន​ល្អ ពេល​ជិត​ថ្ងៃសម្រាល​កូន គ្នា​យើង​គួរ​ស្វែង​យល់​ពី​ការ​កន្ត្រាក់​នេះ​ឲ្យ​បាន​ច្បាស់​ជា​មុន។

១- អ្វី​ជា​ការ​កន្ត្រាក់ស្បូន​បែប​បញ្ឆោត?

កន្ត្រាក់​​ស្បូន​បែប​បញ្ឆោត ជា​ភាសា​បច្ចេក​ទេស​ហៅថា Braxton Hicks Contractions កើត​ឡើង​ចំពោះស្រីៗ​ពពោះ​មួយ​ចំនួន និង​​មាន​លក្ខណៈតឹង​​ពោះ​ ​ហើយនឹង​បាត់​ទៅ​វិញ។ ស្ត្រី​ពពោះ​ខ្លះ​ប្រាប់ថា ​ការ​កន្ត្រាក់ស្បូន​បែប​បញ្ឆោត​នេះ ​មាន​លក្ខណៈ​ឈឺ​ស្រាល​ៗ ​ដូច​ការ​ឈឺពេល​មក​រដូវ។ យ៉ាង​ណា ការ​កន្ត្រាក់​នេះ អាច​ធ្វើ​ឲ្យ​យើង​​មិន​ស្រួល​ក្នុង​ខ្លួន ប៉ុន្តែ​វា​មិន​បណ្តាល​ឲ្យ​មាន​ការសម្រាល​កូន ឬ​បើកមាត់​ស្បូន​ដូច​ការ​កន្ត្រាក់​ដល់​ពេល​សម្រាល​នោះ​ឡើយ។ ការ​កន្រ្តាក់បែបបញ្ឆោត​ ខុស​ពី​ការ​កន្រ្តាក់​ធម្មតា​ត្រង់ថា៖

– ជា​ទូទៅ​ គ្មាន​ការ​ឈឺ​ចាប់​

– ចន្លោះ​ពេល​​កន្រ្តាក់ ​មិន​ទៀង​ទាត់​

– ពេល​កន្ត្រាក់​ មិនកៀក​គ្នា​ទេ

– អាច​​បាត់​ទៅ​វិញ​ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​សកម្មភាព ឬ​ប្តូរ​ទីតាំង

– មិនកន្ត្រាក់​រយៈពេល​យូរ

– មាន​អារម្មណ៍​ថា ការ​កន្ត្រាក់​មិន​ខ្លាំង​ៗនោះ​ទេ។

ជា​ទូទៅ ​យើង​​អាច​មាន​កន្ត្រាក់​បែប Braxton Hicks នៅ​ត្រី​មាស​ទី ៣ ឬ​នៅ​ដើម​ត្រី​មាស​ទី​ពីរ ហើយ​វា​ក៏​ជា​រឿង​ធម្មតា ​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ។ ​បើយើង​ប្រទះ​ឃើញ​អាការៈ​កន្ត្រាក់ស្បូន​បែប​បញ្ឆោត ​មិន​ចាំបាច់​ធ្វើ​អ្វី​ទាំង​អស់ ហើយ​បើ​ការ​កន្រ្តាក់​នេះ​ ធ្វើ​ឲ្យ​យើង​មិន​ស្រួល​នោះ​ ​អាចធ្វើ​តាម​វិធី​ខាង​ក្រោម៖

– ដើរចុះឡើង  ការ​កន្ត្រាក់​ជា​ធម្មតា​នឹងបាត់​ទៅ​វិញ​ នៅ​ពេល​យើង​ប្តូរ​ទីតាំង ឬ​ក្រោក​ឡើង​ដើរ

– បើយើង​ជា​មនុស្ស​សកម្ម ​ត្រូវ​គេង ឬ​សម្រាក​ខ្លះ

– បន្ធូរ​អារម្មណ៍​ដោយ​ការ​ងូត​ទឹក​ក្តៅ ឬ​ស្តាប់​តន្ត្រី

– ​ម៉ាស្សា។

២- អាការៈ​ឈឺ​ពោះ​ មិន​មែន​ជា​ការ​កន្រ្តាក់ត្រៀម​សម្រាល​កូន

អាការៈ​ឈឺ​ចាក់ ឈឺ​ដូច​គេ​បាញ់​នៅ​ផ្នែក​ម្ខាង​ពោះ ត្រូវ​ស្គាល់​ថា​ ជា​ការ​ឈឺ​ចាប់​សរសៃ​ពួរ (Round ligament pain) ពេលពពោះ​។ សរសៃ​ពួរ​នេះ ​វា​ទ្រទ្រង់​ស្បូនយើង និង​ភ្ជាប់​ទៅ​នឹង​ឆ្អឹង​អាង​ត្រគាក ហើយ​ការ​ឈឺ​សរសៃ​នេះ ​បណ្តាល​មកទាញ​តឹង​នៅ​ពេលស្បូន​យើងលូត​លាស់។ ពេល​ខ្លះ ​ក៏​អាច​ឈឺ​ទៅ​ក្នុង​ក្រលៀនដូចគ្នា ខណៈ​អាការៈ​ឈឺ​ចាប់​នេះ អាច​ឈឺ​នៅ​ពេល​យើង​​ធ្វើ​ចលនា​ ដូច​ជា ​ក្រោក​ឈរ ប្តូរ​ទី​កន្លែង ក្អក កណ្តាស់ ឬ​នោមជាដើម ហើយ​ជា​ធម្មតា ​កើត​មាន​រយៈពេល​ ២-៣ នាទី​​ប៉ុណ្ណោះ។

ពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

  • ប្រពន្ធជិតសម្រាល ប្រុសៗអាចធ្វើរឿងទាំងអស់នេះ នឹងក្លាយជាប៉ាល្អបំផុតកូនៗប្រាថ្នា!
  • កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ

៣- វិធីដោះ​ស្រាយ​ការ​កន្ត្រាក់​ស្បូនបែប​បញ្ឆោត

ដើម្បី​ដោះ​ស្រាយ​ការ​កន្ត្រាក់​ស្បូន​បែប​បញ្ឆោត ស្រីៗ​ពពោះត្រូវ​ធ្វើ​តាម​វិធី​ខាង​ក្រោម៖

  • ព្យាយាម​ប្តូរ​ឥរិយាបថ ឬ​សកម្មភាព ដោយ​ដេក​ផ្អៀង​ទៅ​ម្ខាង​ អាច​មាន​ប្រយោជន៍​ដល់យើង។
  • ទ្រ​ពោះ​នៅ​ពេល​កំពុង​ឈរ ឬ​ដេក ហើយ​​ត្រូវ​ផ្លាស់​ទី​យឺត​ៗ។
  • ព្យាយាម​សម្រាក​ខ្លះ ​ងូត​ទឹក​ក្តៅ​ ក៏អាច​មាន​ប្រយោជន៍​ដល់​យើង​បាន​ដែរ។

៤- វិធីសាស្រ្ត​ស្វែង​យល់​នេះ​ជាការ​កន្រ្តាក់​ពិត ឬ​បញ្ឆោត

ដើម្បី​ដឹង​ថា​ តើ​ការ​កន្ត្រាក់យើងកំពុង​មាន​ គឺ​ជា​ការ​កន្រ្តាក់​ពិត​ ជា​ការ​ឈឺ​ពោះ​កើត​កូន ឬគ្រាន់​ជា​ការ​កន្ត្រាក់​បញ្ឆោត ​យើង​​អាច​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​ខាង​ក្រោម៖

– តើការកន្ត្រាក់កើតមានញឹកញាប់ប៉ុណ្ណា?

  • ការ​កន្រ្តាក់​បែប​បញ្ឆោត៖ គឺ​កន្ត្រាក់​មិន​ទៀង​ទាត់​ ហើយ​ការ​កន្រ្តាក់​ម្តង​ៗ ក៏​មិន​កៀក​ៗ​គ្នាដែរ។
  • ការ​កន្រ្តាក់​ពិត​ប្រាកដ៖ គឺកន្រ្តាក់​កើត​ឡើង​គ្រប់​ពេល ​មាន​រយៈពេល​ប្រហែល ៣០-៧០ វិនាទី និង​មាន​លក្ខណៈ​កាន់​តែកៀកៗ​គ្នា​ និង​ខ្លាំង​ទៅៗ។

– តើការកន្រ្តាក់មានប្រែប្រួល​នៅពេលយើងផ្លាស់ទីកន្លែងដែរ ឬទេ?

  • ការ​កន្រ្តាក់​បែប​បញ្ឆោត៖ ការ​កន្រ្តាក់​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​យើង​ដើរ សម្រាក ឬ​នៅ​ពេល​ដែលបាន​ផ្លាស់​ប្តូរ​ឥរិយាបថ។
  • ការ​កន្រ្តាក់​ពិត​ប្រាកដ៖ ការ​កន្រ្តាក់ ​មាន​បន្ត​រហូត ​ទោះបី​ជាផ្លាស់​ប្តូរ​ទីតាំង ឬ​ប្តូរ​ឥរិយាបថ​ក៏​ដោយ នៅ​តែ​កន្រ្តាក់​ឈឺ​ ទោះ​​ពេល​​សម្រាក​ក៏​ដោយ។

– តើការកន្រ្តាក់ខ្លាំងប៉ុណ្ណា?

  • ការ​កន្រ្តាក់​បែប​បញ្ឆោត៖ ជា​ធម្មតា​ ការ​កន្ត្រាក់​មានលក្ខណៈ​ខ្សោយ​មិន​ខ្លាំង​នោះ​ទេ ឬ​ខ្លាំង​នៅ​ពេល​ដំបូង​ បន្ទាប់​មក​ក៏​ខ្សោយ​ទៅ​ៗ។
  • ការ​កន្រ្តាក់​ពិត​ប្រាកដ៖  ការ​កន្រ្តាក់​​មាន​លក្ខណៈ​ស្មើគ្នា​ និង​ខ្លាំង​ទៅ​ៗ។

– តំបន់​ណា​ដែល​យើង​មាន​អារម្មណ៍ឈឺចាប់?

  • ការ​កន្រ្តាក់​បែប​បញ្ឆោត៖ ជា​ធម្មតា យើងមាន​អារម្មណ៍​ថា ​ឈឺ​ចាប់​នៅ​ផ្នែក​ខាង​មុខ​ពោះ ឬ​ឆ្អឹង​អាង​ត្រគាក​តែ​ប៉ុណ្ណោះ។
  • ការ​កន្រ្តាក់​ពិត​ប្រាកដ៖ ការ​កន្ត្រាក់​កាន់​តែ​ខ្លាំង​ ហើយ​អាច​ចាប់​ផ្តើម​ឈឺ​នៅ​ផ្នែក​ខាង​ក្រោម​ខ្នង ​ចាក់​ទៅ​ផ្នែក​ខាង​មុខ​ពោះ ឬ​ក៏​​ចាប់​ផ្តើម​ឈឺ​នៅ​ផ្នែក​ពោះ​ ​ហើយ​ចាក់​ទៅ​ខាង​ក្រោយ​ខ្នង​។

​បើ​មិន​ច្បាស់​ថា ​ការ​កន្ត្រាក់ស្បូន​យើង ​ជា​ការ​កន្រ្តាក់​ពិត​ប្រាកដ​នោះ ឬ​បញ្ឆោត ​អាច​​ទៅ​ពេទ្យ​ ​និយាយ​ពី​កង្វល់​ និង​ស្ថានភាព​យើង​កំពុង​ជួប​ប្រទះ ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់ និង​ការ​ណែនាំ​ត្រឹម​ត្រូវ​សម្រាប់​យើង​។

៤- ទាក់ទង​ទៅ​គ្រូពេទ្យ

ក្នុង​ករណី​ដូច​ខាងក្រោម ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​មណ្ឌលសុខភាព ឬ​ផ្នែក​សម្ភព​ជា​បន្ទាន់​ ដូច​ជា៖

– មាន​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស

– មាន​ការ​ហូរ ឬ​បែក​ទឹក​ភ្លោះ (អាច​ជា​ទឹក​ដែល​ខាប់ ឬ​រាវ)

– មាន​ការ​កន្ត្រាក់ខ្លាំង​ៗ ​រៀង​រាល់ ៥ នាទីម្តង ក្នុងរយៈពេល​មួយ​ម៉ោង

– កន្រ្តាក់​ឈឺ​ពោះខ្លាំង ​មិន​អាច​​ដើរ​បាន

– ទារក​ក្នុង​ផ្ទៃ​មាន​ចលនា​តិច​ជាង ១០ដង​ ក្នុង​រយៈ​ពេលម៉ោង។

– មាន​សញ្ញា​ណា​​កន្ត្រាក់ស្បូន​​ពិត ទាំង​ផ្ទៃ​ពោះ​មិន​ទាន់​ដល់​សប្តាហ៍​ទី ៣៧។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Braxton Hicks or True Labor Contractions? http://www.webmd.com/baby/guide/true-false-labor#1 Accessed March 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

19/09/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម