ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ការសម្រាលកូនក្នុងទឹក បានក្លាយជាវិធីសម្រាលកូនពេញនិយមមួយចំពោះស្ត្រីពពោះនៅប៉ែកអឺរ៉ុប តែនៅខ្មែរយើង មិនសូវមានការអនុវត្តវិធីមួយនេះនៅឡើយទេ ដោយហេតុថា ខ្លាចថប់ដង្ហើមកូន និងមិនសូវប្រាកដចិត្តខ្លាចមានគ្រោះថ្នាក់ណាមួយកើតឡើង។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានពន្យល់ឲ្យដឹងថា តាមពិតទៅ ការសម្រាលធម្មតា និងសម្រាលកូននៅក្នុងទឹក មិនមានអីខុសគ្នានោះទេ តែគ្រាន់ការសម្រាលនៅក្នុងទឹកអាចលឿនជាង និងមានមតិលើកឡើងតៗគ្នាថា ការសម្រាលនៅក្នុងទឹកបែបនេះមិនសូវមានការឈឺចាប់តែប៉ុណ្ណោះ។
ចុះការសម្រាលកូនក្នុងទឹកអាចមានហានិភ័យដល់ម្ដាយ ឬអាអូនក្នុងផ្ទៃអត់?
មានទ្រឹស្ដីមួយ អាចបង្កហានិភ័យធ្វើឲ្យស្ទះសរសៃឈាម ដោយការជ្រាបទឹក (Water Embolism) ហើយករណីនេះជ្រាបទឹក អំឡុងពេលសម្រាលកូនក្នុងទឹក មានហានិភ័យដល់ទៅ ៩៥% ឯណោះ។ នេះបើតាមទ្រឹស្តីសរសេរដោយមហាវិទ្យាល័យផ្នែកសម្ភព និងរោគស្រ្តី ចក្រភពអង់គ្លេស Royal College of Obstetrician and Gynecologists។
បើគភ៌ក្នុងផ្ទៃ កំពុងមានភាពតានតឹងក្នុងបំពង់សម្រាល ឬបើទងសុក ត្របាញ់ចូលគ្នា គភ៌អាចនឹងដង្ហក់រកខ្យល់ នាំឲ្យមានហានិភ័យស្រូបជាតិទឹកចូលបាន។ ទោះយ៉ាងនេះក្ដី ករណីនេះ ពិតជាកម្រណាស់ ព្រោះទារកជាទូទៅ មិនស្រូបដង្ហើមទេ រហូតទាល់សម្រាលចេញមកក្រៅ ហើយប៉ះនឹងខ្យល់។
ទាក់ទងនឹងការសម្រាលកូននៅក្នុងទឹកនេះដែរ មិនមែនចេះតែសម្រាលតាមចិត្តចង់នោះទេ។ ក្នុងករណីដែលម្ដាយមានបញ្ហាដូចខាងក្រោមនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ឬបើអាចគួរចៀសពីការសម្រាលនៅក្នុងទឹក៖
– ម្ដាយមានដំបៅដោយសារជំងឺរើម
– មានរោគសញ្ញាធ្លាក់ឈាមច្រើន ឬឆ្លងរោគពេលសម្រាល
– កូនក្នុងផ្ទៃបញ្ច្រាសជើង កូនភ្លោះ ឬកូនធំពេក
– សម្រាលកូនមុនខែ ឬកូនកើតមិនគ្រប់ខែ (២សប្ដាហ៍ ឬច្រើនជាងនេះមុនថ្ងៃសម្រាលមកដល់)
– ម៉ាក់ៗលើសឈាមពេលពពោះ
– ម៉ាក់ៗមានជំងឺបម្រុងក្រឡាភ្លើង
– អាយុម្ដាយ ក្រោម ១៧ឆ្នាំ ឬ លើស ៣៥ឆ្នាំ។ល។
ប៉ុន្តែ វិធីសម្រាលកូននៅក្នុងទឹក មិនមែនផ្ដល់តែហានិភ័យទៅដល់ម៉ាក់ៗពពោះទេ វាក៏មានផលល្អ និងផលអាក្រក់របស់ការសម្រាលក្នុងទឹកនេះដែរ៖
ផលល្អ៖ កាត់បន្ថយការឈឺចាប់ ជួយអារម្មណ៍ធូរស្រាល ងាយសម្រាលលឿន កាត់បន្ថយសម្ពាធឈាម (ចំពោះម្ដាយ) និងផ្ដល់បរិយាកាសស្រដៀងនឹងថង់ទឹកភ្លោះ ផ្ដល់ទំនុកចិត្ត និងអារម្មណ៍ធូរស្រាល (ចំពោះទារក)។
ផលអាក្រក់៖ សីតុណ្ហភាពកូនអាចក្ដៅខ្លាំង ឬត្រជាក់ខ្លាំង អាចឆ្លងមេរោគតាមទឹក ឬអាចប្រកាច់ជាដើម។
[embed-health-tool-due-date]