និយមន័យ
១- អ្វីជាជំងឺដុំពកទឹកពីកំណើត?
ជំងឺដុំពកទឹកពីកំណើត ដែលជាភាសាបច្ចេកទេស Cystic Hygromas សំដៅលើការលូតលាស់ ចេញជាដុំពកខុសប្រក្រតី ជាទូទៅលេចចេញឡើងនៅលើ ក ឬក្បាលរបស់ទារក។ វាមានជាដុំគីសមួយ ឬច្រើន លូតលាស់ធំទៅៗជារៀងរាល់ថ្ងៃ។ ជំងឺនេះ ជាទូទៅ គឺកើតមានឡើងទាំងអំឡុងពេលទារកនៅក្នុងផ្ទៃនៅឡើយ ប៉ុន្តែវាក៏អាចលេចចេញឡើងបន្ទាប់ពីក្មេងកើតហើយដែរ។
ជំងឺដុំពកទឹកពីកំណើត ជាដុំថង់ពេញទៅដោយទឹក ដែលកើតឡើងដោយសារការស្ទះក្នុងប្រព័ន្ធក្រពេញទឹករងៃ ដោយសារប្រព័ន្ធនេះ ជាបណ្ដាញនៅក្នុងជាលិកា និងសរីរាង្គ ហើយមាននាទីជាអ្នកដឹកនាំសារធាតុរាវ ពេញរាងកាយ និងដឹកជញ្ជូនកោសិកាឈាមស។
ដុំថងទឹកនេះ ជាទូទៅលេចជាទម្រង់ឡើងនៅចន្លោះសប្ដាហ៍ ទី ៩-១៦ នៃការពពោះ។ ប្រហែល ៥០% នៃទារកមានជំងឺនេះ កើតឡើងដោយសារតែមានក្រូម៉ូសូមខុសប្រក្រតី។
ក្រូម៉ូសូម ជាកោសិកាផ្ទុក DNA របស់យើង ហើយនៅពេលចំណែកធំៗណាមួយបាត់បង់ ឬខូចខាត ផលវិបាកធ្ងន់ធ្ងរនឹងកើតមានចំពោះសុខភាព។ ទោះជាយ៉ាងនេះក្ដី កូនយើងអាចនឹងមានបញ្ហាក្រូម៉ូសូមខុសប្រក្រតីតិចតួច បើសិនជាដុំពកទឹកនេះ បាត់ទៅវិញនៅសប្ដាហ៍ទី ២០។
ជំងឺដុំពកទឹកពីកំណើត អាចបង្កើនគ្រោះថ្នាក់រលូតកូន និងពេលខ្លះ អាចគំរាមដល់អាយុជីវិតទៀតផង។ គ្រូពេទ្យ អាចនឹងណែនាំឲ្យយើងត្រូវរៀបចំពេលសម្រាលកូននៅមន្ទីរពេទ្យធំ ក្នុងករណីពេទ្យរកឃើញថា ទារកក្នុងផ្ទៃ មានបញ្ហាជំងឺនេះ។
២- ជំងឺដុំពកទឹកពីកំណើតកើតឡើងញឹកញាប់ដែរទេ?
សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺដុំពកទឹកពីកំណើតមានអ្វីខ្លះ?
ជំងឺដុំពកទឹកពីកំណើត អាចនឹងវិវត្តក្រោយពេលក្មេងកើតមក ប៉ុន្តែប្រហែលជាមិនងាយនឹងចាប់អារម្មណ៍ឃើញឡើយ។ ជំងឺនឹងលេចចេញឲ្យឃើញ នៅពេលវារីកធំទៅៗ និងក្មេងកាន់តែលូតលាស់ធំឡើងៗ ខណៈជំងឺនេះនឹងលេចចេញឡើងនៅពេលដល់អាយុ ២ ឆ្នាំ។
រោគសញ្ញាចម្បងរបស់ជំងឺ គឺមានដុំពក ទន់ និងស្ពោតៗ ដោយដុំពកនេះ ជាទូទៅលេចចេញនៅត្រង់ក ប៉ុន្តែវាអាចកើតមាននៅលើក្លៀក និងក្រលៀនដូចគ្នា។
ទំហំដុំពកទឹកពីកំណើត អាចចាប់ពីតូចជាងកាក់ ទៅធំប៉ុនកូនបាល។ ពេលដុំពករីកធំ វានឹងធ្វើឲ្យរំខានដល់ការធ្វើចលនា ឬបណ្ដាលឲ្យមានផលវិបាកផ្សេងៗទៀត។
អាចនៅមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ បើមានក្តីបារម្ភពីរោគសញ្ញា សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើមានរោគសញ្ញាដូចរៀបរាប់ខាងលើ ឬមានសំណួរអ្វីមួយ សូមពិគ្រោះជាមួយគ្រូពេទ្យភ្លាម ព្រោះរាងកាយមនុស្សម្នាក់ៗ មានសកម្មភាពខុសៗគ្នា ដូចនេះ ជាការល្អបំផុត ត្រូវពិគ្រោះជាមួយពេទ្យ ដើម្បីអាចរកដំណោះស្រាយល្អបំផុតសម្រាប់យើង។
មូលហេតុបង្ក
៥- មូលហេតុអ្វីខ្លះបង្កឲ្យកើតជំងឺដុំពកទឹកពីកំណើត?
មូលហេតុបង្កឲ្យមានជំងឺដុំពកទឹកពីកំណើត មកទល់នឹងពេលនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែបញ្ហាហ្សែនខុសប្រក្រតី កើតមានប្រហែល ២៥-៧៥ ភាគរយ ចំពោះក្មេងមានជំងឺនេះ។
កត្តាប្រឈម
៦- កត្តាប្រឈមជំងឺដុំពកទឹកពីកំណើតមានអ្វីខ្លះ?
ជំងឺដុំពកទឹកពីកំណើត អាចកើតមានឡើងដោយសារបញ្ហាហ្ស៊ែន ឬកត្តាបរិស្ថានជុំវិញ។ ដុំពក អាចនឹងមានមួយ ឬច្រើននៅពេលដែលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញ។ ខណៈកត្តាប្រឈមចប្បងនាំឲ្យកើតជំងឺនេះមានដូចជា៖
– កត្តាបរិស្ថាន៖ បរិស្ថានជុំវិញខ្លួនយើង អាចបង្កឲ្យកើតជំងឺនេះញឹកញាប់ណាស់មានដូចជា៖
- ការបង្ករោគដោយវីរុស ឆ្លងពីម៉ាក់ៗ’ ទៅគភ៌អំឡុងពេលពពោះ។
- ប្រើប្រាស់គ្រឿងញៀន ឬផឹកស្រាអំឡុងពេលពពោះ។
– តក្តាហ្សែន៖ ជំងឺដុំពកទឹកពីកំណើត ឃើញកើតមានញឹកញាប់ខ្លាំងចំពោះក្មេងមានបញ្ហាហ្សែន។ វាកើតឡើងញឹកញាប់ ជាពិសេសចំពោះក្មេង មានក្រូម៉ូសូមខុសប្រក្រតី ហើយបញ្ហាហ្សែនខ្លះៗនាំឲ្យកើតជំងឺនេះមានដូចជា៖
- បណ្ដុំរោគសញ្ញា Turner (Turner’s syndrome) ដែលក្មេងស្រីមានតែក្រូម៉ូសូម X តែមួយប៉ុណ្ណោះ។
- ជំងឺ Trisomy ១៣ ១៨ ឬ ២១ (ជំងឺដែលក្មេងមានក្រូម៉ូសូម ចម្លងលើសថែមមួយទៀត)។
- បណ្ដុំរោគសញ្ញា Noonan ជាជំងឺកើតឡើងដោយមានការផ្លាស់ប្ដូរ (Mutation) លើហ្សែនពិសេស ១ ក្នុងចំណោមហ្សែនពិសេសទាំង ៧។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧‑ ធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យ នឹងតម្រូវឲ្យធ្វើការបូមយកទឹកភ្លោះបន្តិច (Amniocentesis) ដើម្បីពិនិត្យមើល បើមានការសង្ស័យថា ទារកមានជំងឺនេះអំឡុងពេលថតអេកូ (Ultrasound)។ ការធ្វើតេស្តនេះ អាចរកឃើញបញ្ហាខុសប្រក្រតីរបស់ហ្ស៊ែនទារកក្នុងផ្ទៃបាន។
អំឡុងពេលធ្វើតេស្ត គ្រូពេទ្យនឹងតម្រូវឲ្យយើងគេងលើគ្រែ ហើយសម្អាតពោះ ជាមួយនឹងសូលុយស្យុងអ៊ីយ៉ូត (Iodine solution) បន្ទាប់មកគ្រូពេទ្យនឹងថតអេកូ (Ultrasound) រួចនឹងប្រើម្ជុលបូមយកសំណាកទឹកភ្លោះបន្តិចពីថង់ទឹកភ្លោះ។
បើមិនអាចរកឃើញជំងឺនេះពេលពពោះទេ ក្មេងកើតមកគ្រូពេទ្យ នឹងតម្រូវឲ្យធ្វើតេស្តមួយចំនួនដើម្បីធ្វើរោគវិនិច្ឆ័យ រួមមាន៖
– ថតកាំរស្មីអ៊ិចលើទ្រូង
– ឆ្លុះអេកូ (Ultrasound)
– ថត CT scan។
៨- ព្យាបាលដោយវិធីណា?
ជំងឺដុំពកទឹកពីកំណើត មិនអាចព្យាបាលពេលទារកនៅក្នុងផ្ទៃបានទេ។ ផ្ទុយទៅវិញ គ្រូពេទ្យនឹងពិនិត្យមើលសុខភាពទារកយ៉ាងល្អិតល្អន់បំផុត។ ជំងឺនេះ បើរកឃើញទាន់ពេលនៅអំឡុងពេលពពោះ ពេលខ្លះអាចនឹងបាត់ទៅវិញមុនពេលសម្រាល។ ទាមទារឲ្យយើងរៀបចំពេលសម្រាលនៅឯមន្ទីរពេទ្យៗ មានសម្ភារៈទំនើបៗ ដើម្បីការពារផលវិបាកផ្សេងៗអំឡុងពេលសម្រាល។
ជំងឺដុំពកនេះ ជាទូទៅអាចព្យាបាលបាន បើកើតមាននៅពេលកើត ឬនៅពេលវិវត្តក្រោយមកទៀត។ ជំហានទីមួយនៃការព្យាបាល គឺត្រូវវះកាត់ ដោយកាត់ដុំពកទាំងមូលចេញ ដើម្បីការពារកុំឲ្យកើតមានឡើងវិញ។
ករណីខ្លះ គ្រូពេទ្យអាចនឹងមិនវះកាត់យកដុំធំខ្លាំងនោះទេ ព្រោះដុំពកនោះ មិនមែនជាដុំមហារីក ហើយគ្រូពេទ្យនឹងមិនចង់វះកាត់វាចេញឡើយ បើសិនការវះកាត់នោះ ធ្វើឲ្យប្រឈមខូចជាលិកាមានសុខភាពល្អផ្សេងទៀត។ ផ្ទុយទៅវិញ គ្រូពេទ្យ នឹងប្រើវិធីសាស្ត្រផ្សេងទៀតដើម្បីបង្រួមដុំពកឲ្យតូច ដូចជា៖
– ចាក់ថ្នាំចូលទៅក្នុងដុំគីស (Sclerotherapy)
– ព្យាបាលដោយថ្នាំគីមី
– ព្យាបាលដោយវិទ្យុសកម្ម
– ព្យាបាលដោយថ្នាំស្តេរ៉ូអ៊ីត
យ៉ាងណា វិធីសាស្ត្រទាំងនោះ គ្មានប្រសិទ្ធិភាពពេញលេញទេចំពោះដុំពកគីសមានទម្រង់តូច ប៉ុន្តែវាអាចមានសារសំខាន់ ក្នុងការបង្រួញដុំដែលរីកធំខ្លាំង។ ពេលដុំពកគីសរួមតូចល្មម ការវះកាត់យកចេញ នឹងកាន់តែងាយស្រួល។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្ដូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះដូចខាងក្រោម អាចជួយឲ្យយើងគ្រប់គ្រង និងបង្កកុំឲ្យកូនកើតមានជំងឺដុំពកទឹកពីកំណើត ពិសេសមិនត្រូវព្យាយាមចាក់ ឬបង្ហូរដុំទឹកនោះដោយខ្លួនឯងដាច់ខាត់ ព្រោះអាចបង្កជាការហូរឈាមធ្ងន់ធ្ងរ និងនាំឲ្យមានការបង្ករោគបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]