ក្រោយសម្រាលកូនរួច ក្នុងរយៈពេល ២៤ ម៉ោង ឬយ៉ាងយូរ១សប្តាហ៍ បើស្រីៗគ្នាយើងមានអាការៈគ្រុនក្តៅ ព្រឺរងា ត្រជាក់ចុងដៃចុងជើង ចុកពោះ នោះមានន័យថា ឆ្លងរោគហើយ មិនមែនទាស់សសៃទេ ត្រូវប្រាប់ ឬទៅពេទ្យបន្ទាន់។
ចំពោះមូលហេតុដែលនាំឲ្យស្ត្រីសម្រាលកូនរួចឆ្លងរោគនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន បានបកស្រាយថា មកពីកត្តាច្រើនយ៉ាង ក្នុងនោះមានការសម្រាលដោយខ្វះអនាម័យ សម្រាលកូនជាមួយគ្រូពេទ្យគ្មានជំនាញជាដើម។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា កាលណាពេទ្យខ្វះជំនាញ ដេរមិនស្អាត យកសុកចេញមិនអស់ សល់ដំុឈាម ឬប្រើឧបករណ៍ពេទ្យមិនបានសម្លាប់មេរោគត្រឹមត្រូវទេនោះ នាំឲ្យឆ្លងរោគចូលក្នុងស្បូន ទៅជាក្តៅខ្លួន ស្រៀវស្ញាញ ស្រដៀងអាការៈគ្រុនដែរ។ ករណីឆ្លងរោគក្រោយសម្រាលនេះ ប្រសិនបើមិនបានព្យាបាលឲ្យទាន់ពេលវេលាទេ អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ដោយសារការឆ្លងរោគក្នុងឈាម។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត
- ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់
មួយវិញទៀតការឆ្លងរោគក្រោយសម្រាលនេះ ក៏ពាក់ព័ន្ធនឹងការធ្វើអនាម័យទ្វារមាសរបស់ស្ត្រីក្រោយសម្រាលដែរ ដែលជាទូទៅស្ត្រីនៅបន្តធ្លាក់ឈាមជាច្រើនថ្ងៃ ហើយបើមិនងូតទឹក លាងសម្អាតនោះទេ បង្កឲ្យងាយឆ្លងរោគបំផុត។ បន្ថែមពីនោះ ស្រី្តក្រោយសម្រាលហើយមិនសូវដើរ ឬធ្វើចលនាដែលជាហេតុនំាឲ្យសល់ឈាម ធ្លាក់មិនអស់ ក៏មានអាការៈបែបនេះដែរ។
ចំពោះការអនាម័យនេះ លោកវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីរូបនេះ ណែនាំឲ្យស្ត្រីធ្វើអនាម័យខ្លួនប្រាណ និងប្រដាប់ភេទជាមួយទឹកក្តៅឧណ្ហៗ ឧស្សាហ៍ផ្លាស់ប្តូរសម្លៀកបំពាក់ និងសម្លីអនាម័យឲ្យបានញឹកញាប់ ចំណែកឯកន្លែងដេរត្រូវលាងសម្អាតនឹងថ្នាំសម្លាប់មេរោគទៅតាមការណែនាំរបស់គ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]