backup og meta

សម្រាលកូនតាមធម្មជាតិម៉ាក់ៗ និងកូន ទទួលបានគុណសម្បត្តិមហាសាលទាំង ៥ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 16, 2020

    សម្រាលកូនតាមធម្មជាតិម៉ាក់ៗ និងកូន ទទួលបានគុណសម្បត្តិមហាសាលទាំង ៥ នេះ

    ការ​សម្រាល​កូន មាន ២ វិធីសាស្រ្ត គឺ​ការ​សម្រាល​តាម​ធ​ម្មជាតិ និង​ដោយ​វះកាត់។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្រ្តី​បាន​ឲ្យ​ដឹង​ថា ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​ទារក និង​ម៉ាក់​ៗ​ខ្លួនឯង។ អត្ថប្រយោជន៍​ធំ​ៗ​ទាំង ៥ ពី​ការ​ផ្តល់​កំណើត​ធម្មជាតិ​ដល់​ទារក និង​យើង​ជាម្ដាយ៖

    ១- គុណសម្បត្តិដំបូង

    ​ទារក​ដក​ដង្ហើម​បាន​ល្អ​ប្រសើរ។ ក្នុង​ពេល​សម្រាល​កូន កូន​របស់​យើង​ផលិត​អ័រម៉ូន​ស្ត្រេស​ហៅ​ថា catecholamines ដែល​វា​គឺជា​អរម៉ូន“ ប្រយុទ្ធ” ត្រូវ​បាន​ផលិត​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ស្ត្រេស ឬ​គំរាមកំហែង។ វា​ជួយ​ក្នុង​ការ​បន្សាំ​ដង្ហើម (ដកដង្ហើម) ពេល​ទារក​ចាប់កំណើត។ វា​បង្កើន​ការ​ស្រូប​យក​សារធាតុរាវ amniotic នៅ​ក្នុង​សួត និង​បង្កើន​ការ​ផលិត​សារធាតុ surfactant ដែល​ជា​អ្នក​ជំនួយ​ដល់​សួត​ទារក​ទុំ មាន​មុខងារ​បន្ទាប់​ពី​កើត។ នៅ​ពេល​ស្បូន​កន្ទ្រាក់ និង​ច្របាច់​ទារក ទ្រូង​ទារក​ត្រូវ​បាន​បង្រួម នេះ​ជួយ​ឲ្យ​សួត​បណ្ដេញ​អង្គធាតុ​រាវ​នៅ​ខាង​ក្នុង​សួត​ទារក ដូច្នេះ​កូន​អាច​ដកដង្ហើម​បាន​ត្រឹមត្រូវ​នៅ​ពេល​កើត។ ទារក​ដែល​កើត​ដោយ​វះកាត់​មាន​អត្រា​នៃ​ការ​សង្គ្រោះ​ដង្ហើម ៤ ដង និង​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ច្រើន​ជាង​អត្រា​សម្រាល​កូន​ធម្មជាតិ​ទ្វេដង។

    ២- ប្រព័ន្ធ​ភាព​ស៊ាំ​កាន់តែ​ខ្លាំង

    អំឡុង​ពេល​មាន​ផ្ទៃពោះ​ទារក​ទទួល​បាន​អង្គបដិប្រាណ (អង់ទីក័រ) ​ពី​យើង ប៉ុន្តែ​ភាគច្រើន​ត្រូវ​បាន​បាត់បង់​ក្នុង​កំឡុង​ពេល​សម្រាល។ កោសិកា​ឈាម​ស​ក៏​កើន​ឡើង​ផង​ដែរ ដោយសារ​តែ​កម្រិត​ខ្ពស់​នៃ catecholamines។ កោសិកា​ឈាម​របស់​វា​ជួយ​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​ក្រោយ​ពេល​កើត ហើយ​ការពារ​កូន​ពី​ការ​បង្ក​រោគ។ ទឹកដោះ​ម្តាយ​ក៏​មាន​ផ្ទុក​កោសិកា​ឈាម​ស​ការពារ​កូន​យើង​បាន​ល្អ​ជាង​មុន។ តំណក់​ទឹកដោះ​តែ​មួយ​តំណក់​មាន​ផ្ទុក​កោសិកា​ឈាម​ស​ប្រហែល​មួយ​លាន​កោសិកា។

    ទារក​កើត​តាម​ទ្វារមាស​ទទួល​បាន​បាក់តេរី​ការពារ​នៅ​លើ​ស្បែក​របស់​ពួកគេ​ដែរ។ បាក់តេរី​ល្អ​ធ្វើ​អាណានិគម​លើ​ពោះវៀន ហើយ​បណ្ដុះបណ្ដាល​រាងកាយ​ឲ្យ​ស្គាល់​បាក់តេរី និង​អតិសុខុមប្រាណ “ល្អ” និង “អាក្រក់” ។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​ដែល​មិន​បាន​ប៉ះពាល់​នឹង​បាក់តេរី​ម៉ាក់​ៗ មិន​អាច​វិវត្ត​ពេញលេញ​បាន​ទេ។ នេះ​អាច​បង្កើន​ហានិភ័យ​ជំងឺ​ពួកគេ​នៅ​ពេល​ក្រោយ។ ត្រូវ​អនុវត្ត ស្បែក​ប៉ះ​ស្បែក​ភ្លាម​ៗ បន្ទាប់ពី​កំណើត និង​បំបៅ​ដោះ​ផ្តាច់​មុខ អាច​ផ្តល់​លទ្ធភាព​ដល់​ការ​បង្កាត់​ពូជ​បាក់តេរី​ល្អ​បាន។

    ៣- បង្កើន​ថាមពល​កូន

    ក្រោយ​ពេល​កើត កូន​លែង​ទទួល​អាហារ​បំប៉ន​ថេរ​ពី​សុក​ទៀត​ហើយ។ ជា​លទ្ធផល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួកគេ​ចាប់ផ្ដើម​ធ្លាក់​ចុះ ទារក​ដែល​បាន​កើត​មក​ដោយ​ធម្មជាតិ​ត្រូវ​បាន​ការពារ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំងអស់​នៃ​ការ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ដូចជា​ការ​ខូចខាត​ខួរក្បាល។ ជាតិអរម៉ូន កាតេកូឡាមីន ជួយ​បង្កើន​កម្រិត​ជាតិ​គ្លុយកូស​នៅ​ក្នុង​ឈាម​ទារក ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ស្ថិរភាព​រហូត​ដល់​យើង​បាន​បំបៅ​ទឹកដោះ​កូន។

    សម្រាលធម្មជាតិ

    ៤- បង្កើន​អុកស៊ីសែ​ន​ដល់​កូន

    ពេល​សម្រាល​កូន​តាម​ធម្មជាតិ​ទារក​ត្រូវ​បាន​ការពារ​ពី​កម្រិត​អុកស៊ីសែន​ទាប​ក្នុង​អំឡុង​ពេល​ស្បូន​កន្ត្រាក់​ដោយ​អ័រម៉ូន​ស្ត្រេស​នៅ​ក្នុង​ខ្លួន។ ប្រសិនបើ​កម្លាំង​កន្ទ្រាក់​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ថ្នាំ (ដូចជា syntocinon ឬ Pitocin) សកម្មភាព​របស់​អុកស៊ីតូស៊ីន​លើ​ស្បូន​អាច​បណ្ដាល​ឲ្យ​មាន​ការ​កន្ទ្រាក់​ខ្លាំង និង​ញឹកញាប់។ ការ​កន្ទ្រាក់​ទាំងនេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ថយ​ចុះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម។ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ក្នុង​ការ​មើល​ឃើញ​ការ​ថប់​ដង្ហើម​របស់​ទារក​ក្នុង​ការ​សម្រាល​កូន ដែល​ជា​លទ្ធផល​នៃ​ការ​កន្ទ្រាក់​ហួស​កម្រិត​នៃ​ស្បូន។

    ៥- លើក​កម្ពស់​ចំណង​ម៉ាក់ និង​កូន

    អរម៉ូន​កាតេកូឡាមីន ដែល​ផលិត​ដោយ​កូន​ក្នុង​ពេល​សម្រាល​កូន មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​កូន ក្រោយ​ពេល​កើត។ បន្ទាប់ពី​កំណើត​ធម្មជាតិ​ទារក​ទើប​នឹង​កើត​មាន​ការ​ប្រុងប្រយ័ត្ន និង​មើល​ឃើញ​យើង​នៅ​ពេល​ពួកគេ​ជួប​គ្នា​ដំបូង។ រយៈ​ពេល​នេះ​ភ្លាម​ៗ​បន្ទាប់​ពី​កំណើត នៅ​ពេល​ទារក​ត្រូវ​បាន​គេ​ដាក់​ស្បែក​ពី​លើ​ស្បែក​ម៉ាក់​បង្កើត​ឲ្យ​មាន​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ម៉ាក់ និង​កូន និង​ការ​បំបៅ​កូន​ដោយ​ជោគជ័យ។ កូន​ស្គាល់​សំឡេង​យើង ហើយ​ក្រឡេក​មើល​មុខ​របស់​អ្នក​ដោយ​ក្លិន​ខ្លួន ក្លិន​ទឹកដោះ និង​រសជាតិ​នៃ​ស្បែក​ក្នុង​អំឡុង​ពេល​បំបៅ​ដំបូង។ ប្រសិនបើ​ទារក​ត្រូវ​បាន​ប៉ះពាល់​នឹង​ថ្នាំ​អំឡុង​ពេល​សម្រាល​កូន​ដោយ​វះកាត់ ពួកគេ​អាច​ងងុយ​ដេក​បន្ទាប់​ពី​កំណើត​រួច ទារក​យំ​កាន់តែ​ច្រើន​ហើយ​ចំណាយ​ពេល​យូរ ដើម្បី​ចាប់ផ្ដើម​បំបៅ​កូន​ដោយ​ទឹកដោះ។

    ជាចុងក្រោយ​វេជ្ជបណ្ឌិត​ខាង​លើ​បាន​ណែនាំ​ថា ការ​សម្រាល​ធម្មជាតិ​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​យើង និង​ទារក។ ហេតុ​ដូច្នេះ​បើ​មិន​មាន​ករណី​ចាំបាច់​ផ្នែក​វេជ្ជសាស្ត្រ​សម្ភព សូម​បោះបង់​ការ​សម្រាល​កូន​ដោយ​វះកាត់ ហើយ​ចាប់ផ្ដើម​សម្រាល​កូន​តាម​ធម្មជាតិ នោះ​អ្នក និង​កូន​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​នៃ​ការ​សម្រាល​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម