ឈឺពោះសម្រាលកូន មិនមែនឈឺភ្លាម សម្រាលកូនភ្លែតនោះទេ ត្រូវឈឺរាប់ម៉ោង ខ្លះឈឺដល់ ១-២ ថ្ងៃឯណោះ ជាពិសេសស្ត្រីដែលទើបមានកូនដំបូង។ លោកស្រី អួង លីដា នាយសាល នៅផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានណែនាំឲ្យស្រីៗគ្នាយើងដែលត្រៀមសម្រាលកូនធ្វើតាម ៤ ចំណុចខាងក្រោមនេះ ដើម្បីកាត់បន្ថយការឈឺចាប់។
១. តាំងអារម្មណ៍ឲ្យល្អ
ទោះជាឈឺពោះតិច ឬខ្លាំង ម៉ាក់ៗត្រូវតាំងអារម្មណ៍ឲ្យបានល្អ ដកដង្ហើមវែងៗ កុំស្លន់ស្លោ ឬបាក់ទឹកចិត្តឲ្យសោះ ទើបអាចទប់ទល់នឹងការឈឺចាប់បានយូរ។ ម៉ាក់ៗត្រូវចាំថា ស្រីៗដទៃអាចឆ្លងកាត់វាបាន យើងក៏អាចឆ្លងកាត់បានដូចគ្នា។
២. ងូត ឬត្រាំទឹកក្តៅឧណ្ហៗ
ការងូត ឬត្រាំទឹកក្តៅឧណ្ហៗពេលឈឺពោះពិតជាអាចកាត់បន្ថយអារម្មណ៍តានតឹង និងការឈឺចាប់បានច្រើន ហេតុនេះទើបមានការសម្រាលក្នុងទឹក។ បើពុំអាចងូតទឹកក្តៅឧណ្ហៗបាន យើងអាចត្រាំដៃ-ជើង ឬយកកន្សែងពោះគោជ្រលក់ទឹកក្តៅឧណ្ហៗមកដាក់ត្រង់ចង្កេះដែលឈឺខ្លាំង។
៣. ដើរឲ្យបានច្រើន
ពេលកំពុងតែឈឺពោះល្មមៗអាចទ្រាំទ្របាន ម៉ាក់ៗកុំអង្គុយ ឬដេកនៅមួយកន្លែង ត្រូវព្យាយាមដើរចុះដើរឡើង ធ្វើបែបនេះអាចឲ្យយើងបន្លប់ការឈឺពោះបានមួយចំណែក ឬឯក្បាលកូនកាន់តែចុះក្រោមខ្លាំង ឆាប់សម្រាល។
៤. ម៉ាស្សាចង្កេះ ឬបាតជើង
ពេលឈឺពោះខ្លាំង ឯកូនក្នុងពោះកាន់តែចំកោង ស្រីៗគ្នាយើង ច្បាស់ជាចុករួយចង្កេះដែលពេលខ្លះចង់ដាច់ចង្កេះក៏មាន។ ការម៉ាស្សា ឬច្របាច់ចង្កេះ និងបាតជើងថ្នមៗដោយពេទ្យឆ្មប ឬប៉ាៗដែលទៅកំដរម៉ាក់ៗ អាចជួយសម្រាលការឈឺចុកចាប់បានខ្លះ។
៥. ផឹកទឹកផ្លែឈើផ្អែមៗ
ទឹកផ្លែឈើផ្អែមៗ ដូចជាទឹកត្រឡាច ទឹកសណ្តែក ម៉ាក់ៗអាចផឹកពេលកំពុងឈឺពោះ ដើម្បីជាជំនួយឲ្យមានកម្លាំងប្រឹងកើតអាអូន។
[embed-health-tool-due-date]