វីរុស COVID-19 ឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីមាត់អ្នកជំងឺតាមរយៈការក្អក ឬកណ្តាស់។ ខណៈសុខភាពខ្លួនខ្សោយ ហើយថែមទាំងមានកូនក្នុងផ្ទៃពោះ ស្ត្រីពពោះភាគច្រើនតែងបង្ហាញក្តីបារម្ភរបស់ខ្លួន និងមានការងឿងឆ្ងល់ច្រើនជុំវិញវីរុស COVID-19។
ដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោក (WHO) បានចងក្រងនូវកម្រងសំណួរ-ចម្លើយ មួយចំនួន អំពីស្ត្រីមានផ្ទៃពោះ និងវីរុស COVID-19។
សំណួរ១. តើជាការពិតទេ ស្ត្រីពពោះជាក្រុមមនុស្សប្រឈមខ្លាំងនឹងការឆ្លង COVID-19?
ចម្លើយ៖ ការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះកំពុងដំណើរការនៅឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។
សំណួរ២. ខ្ញុំជាស្ត្រីមានផ្ទៃពោះ តើខ្ញុំត្រូវការពារខ្លួនពី COVID-19 យ៉ាងដូចម្តេច?
ចម្លើយ៖ មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។ ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ជេល ឬអាល់កុលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ហើយចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
សំណួរ៣. តើវីរុស COVID-19 អាចឆ្លងពីម្តាយទៅកូនផ្ទៃ ឬកូនទើបកើតទេ?
ចម្លើយ៖ នៅមិនទាន់ដឹងថាតើស្ត្រីមានផ្ទៃពោះដែលមានវីរុស COVID-19 អាចចម្លងមេរោគទៅកូនក្នុងផ្ទៃ ឬពេលសម្រាលកូនឡើយ ហើយក៏មិនទាន់ដឹងថា វីរុស COVID-19 មាននៅក្នុងទឹកភ្លោះ ឬទឹកដោះម្តាយនោះដែរ។
សំណួរ៤.តើស្ត្រីដែលឆ្លង COVID-19 អាចបំបៅកូនដោយទឹកដោះបានទេ?
ចម្លើយ៖ ជាពិត ស្ត្រីដែលមានឆ្លងវីរុស COVID-19 អាចបំបៅកូនបាន ប្រសិនបើម៉ាក់ៗមានបំណងបំបៅកូនដោយទឹកដោះ ប៉ុន្តែម៉ាក់ៗត្រូវអនុវត្តក្បួនអនាម័យផ្លូវដង្ហើម ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវអំឡុងពេលបំបៅដោះកូន លាងសម្អាតដៃឲ្យស្អាត មុន និងក្រោយពេលបំបៅកូន។
អត្ថបទពាក់ព័ន្ធ៖
- COVID-19 កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ
- WHO ថា ស្រ្តីពពោះមានសិទ្ធិទទួលបានការថែទាំហ្មត់ចត់ ទោះមាន ឬគ្មានផ្ទុកCOVID-19
- នាយករដ្ឋមន្ត្រីអង់គ្លេសណែនាំស្ត្រីមានផ្ទៃពោះឲ្យនៅផ្ទះបីខែ បារម្ភខ្លាចឆ្លង COVID-19
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]