– លេបថ្នាំជាតិដែក៖ ពេលសម្រាលកូនរួចស្ត្រីបាត់បង់ឈាមច្រើន តាមការណែនាំរបស់ក្រសួងសុខាភិបាល តម្រូវឲ្យស្រ្តីញ៉ាំថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីបំពេញគ្រាប់ឈាមក្រហមឲ្យបានច្រើន បំបាត់ភាពស្លេកស្លាំង។
– សម្រាកឲ្យបានគ្រប់គ្រាន់៖ កាលណាគេងមិនបាន ញ៉ាំក៏បានតិច ធ្វើឲ្យស្ត្រីងាយមានបញ្ហាសុខភាព ដែលចាស់ៗចំណាំហៅថា ទាស់។ ដូច្នេះស្ត្រីក្រោយសម្រាលត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន ដោយពេលកូនគេង យើងត្រូវឆ្លៀតគេងដែរ មិនថាតិច ឬច្រើននោះទេ ព្រោះកូនតូច គេងញឹក ហើយក៏ភ្ញាក់ញឹកដែរ យើងត្រូវមើលថែ គ្មានពេលបានគេងយូរទេ។
– ងូតទឹក កក់សក់ធម្មតា៖ តាមទម្លាប់ចាស់ៗ សម្រាលកូនរួចមិនឲ្យម៉ាក់ៗងូតទឹក ឬកក់សោះនោះទេ ត្រូវរង់ចាំដល់ ១អាទិត្យ ឬកន្លះខែឯណោះ។ តាមក្បូនពេទ្យវិញ ក្រោយសម្រាលរួចមួយថ្ងៃ ស្ត្រីអាចងូតទឹក កក់សក់បានហើយ បើទុកយូរស្អុះស្អាប់ ងាយនឹងឆ្លងរោគ ឯអារម្មណ៍ក៏មិនស្រស់ស្រាយដែរ។
– ដើរឲ្យបានច្រើន៖ ពេលសម្រាលរួច ឲ្យតែមានកម្លាំង អាចងើបដើរបាន គ្រូពេទ្យនឹងឲ្យម៉ាក់ៗដើរចុះដើរឡើងឲ្យបានច្រើន ដើម្បីឲ្យសរសៃដំណើរល្អ ឯឈាមក៏ឆាប់ធ្លាក់អស់។