ម៉ាក់ៗពពោះច្បាស់ជាធ្លាប់ឮពីជំងឺបម្រុងក្រឡាភ្លើងហើយ។ ជំងឺនេះភាគច្រើនកើតឡើងនៅពេលដែលម៉ាក់ៗពពោះបាន ២០ សប្ដាហ៍ ហើយជំងឺនេះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃ។ ចុះស្ត្រីណាខ្លះដែលងាយកើតជំងឺបម្រុងក្រឡាភ្លើងនេះ?
លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសរោគស្ត្រី និងសម្ភព បានឲ្យដឹងថា ស្ត្រីដែលប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើងនេះ ត្រូវបានចែកចេញជា៣កម្រិត គឺខ្ពស់ មធ្យម និងទាបដូចខាងក្រោម៖
ក្រុមប្រឈមកម្រិតខ្ពស់
– មានប្រវត្តិកើតជំងឺបម្រុងក្រឡាភ្លើង
– កូនភ្លោះ២ ៣…
– មានជំងឺលើសឈាម មុនមានផ្ទៃពោះ
– មានជំងឺទឹកនោមផ្អែមប្រភេទ១ និង២
– ជំងឺតម្រងនោម
– ជំងឺប្រព័ន្ធភាពស៊ាំ
ក្រុមប្រឈមកម្រិតមធ្យម
– ស្ត្រីមានកូនដំបូង
– ស្ត្រីធាត់ (MBI>30)
– ប្រវត្តិគ្រួសារមានអ្នកកើត ជំងឺបម្រុងក្រឡាភ្លើង (ម្ដាយ ឬបងស្រីបង្កើត)
– ស្ត្រីដែលកម្រិតជីវភាពទាប
– ស្ត្រីមានអាយុលើសពី៣៥ឆ្នាំ
ក្រុមប្រឈមកម្រិតទាប
– ស្ត្រីដែលពពោះគ្រប់ខែ និងមិនធ្លាប់មានជំងឺអ្វីអំឡុងពេលពពោះ
លោកបន្តថា ជំងឺបម្រុងក្រឡាភ្លើងនេះ បង្កជាផលវិបាកគ្រោះថ្នាក់ច្រើនដូចជា កូនលូតលាស់មិនល្អ ខ្សោយ កើតមិនគ្រប់ខែ ប្លាកែតចុះទាប របើកសុក ស្លាប់កូននិងម្ដាយ ឬបែកកោសិកាឈាមក្រហម។ល។
ក្នុងករណីដែល ម៉ាក់ៗកើតជំងឺបម្រុងក្រឡាភ្លើង ត្រូវតាមដានព្យាបាលជាមួយ វេជ្ជបណ្ឌិតជំនាញ សម្ភព និងរោគស្ត្រី ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងហេតុការអាក្រក់កើតឡើង (អាចស្លាប់ទាំងម្ដាយ និងទារក)។
[embed-health-tool-ovulation]