អំឡុងពេលពពោះ ម៉ាក់ៗតែងតែត្រូវការវីតាមីន និងសារធាតុចិញ្ចឹមប្រចាំថ្ងៃច្រើនជាងមុខ ដើម្បីធានាថាទារកក្នុងផ្ទៃមានសុខភាពល្អ និងរាងកាយរឹងមាំ។ ពិតណាស់ នៅខណៈពេលដែលទារកកំពុងលូតលាស់ ម៉ាក់ៗចាំបាច់ត្រូវការអាហារដែលមានជីវជាតិល្អៗ ហើយផ្លែប៉េងប៉ោះគឺជាអាហារសុខភាពដែលផ្ដល់គុណប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីដែលកំពុងពពោះ។
វីតាមីនC និងជាតិដែក
ផ្លែប៉េងប៉ោះគឺជាប្រភពនៃវីតាមីនC ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយ ដើម្បីឲ្យម៉ាក់ៗ និងកូនក្នុងផ្ទៃមានសុខភាពល្អ។ ជាមួយគ្នានេះដែរ វីតាមីនC ក៏ជួយដល់ការលូតលាស់ឆ្អឹង ធ្មេញ និងអញ្ចាញធ្មេញរបស់ទារកថែមទៀតផង។ វីតាមីននេះក៏ជួយក្នុងការស្រូបយកជាតិដែក ដែលស្ត្រីពពោះជាទូទៅមានតម្រូវការខ្ពស់។ ខណៈពេលដែលគ្រូពេទ្យណែនាំឲ្យម៉ាក់ៗញ៉ាំអាហារបំប៉នជាតិដែកបន្ថែម ការញ៉ាំប៉េងប៉ោះដែលសំបូរទៅដោយវីតាមីនC អាចជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិដែកកាន់តែប្រសើរឡើង។
សារធាតុLycopene
ផ្លែប៉េងប៉ោះមានផ្ទុកបរិមាណសារធាតុ lycopene ខ្ពស់ ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចការពារប្រឆាំងនឹងការបំផ្លាញកោសិកា។ ពិតណាស់ ស្ត្រីមានគភ៌អាចញ៉ាំអាហារដែលផ្ទុកសារធាតុ lycopene បានដោយសុវត្ថិភាព ដូច្នេះហើយម៉ាក់ៗអាចរីករាយនឹងអត្ថប្រយោជន៍នៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្មតាមរយៈការញ៉ាំផ្លែប៉េងប៉ោះ ដោយមិនចាំបាច់ប្រើប្រាស់អាហារបំប៉នដែលជាសារធាតុ lycopene ឡើយ។
តើម៉ាក់ៗគួរកាត់បន្ថយការញ៉ាំប៉េងប៉ោះនៅពេលណា?
ខណៈពេលដែលប៉េងប៉ោះអាចផ្ដល់តម្លៃអាហារូបត្ថម្ភនៅអំឡុងពេលពពោះបានយ៉ាងមានប្រសិទ្ធភាព ពួកវាក៏អាចបង្កជាបញ្ហាមួយចំនួនសម្រាប់ស្ត្រីពពោះដូចគ្នា។ នៅអំឡុងពេលពពោះក្រោយសប្ដាហ៍ទី២០ ការក្រហាយទ្រូងបានក្លាយជាកង្វល់សម្រាប់ស្ត្រីពពោះ ដោយសារតែអ័រម៉ូន progesterone បន្ធូរសន្ទះដែលបំបែកបំពង់អាហារចេញពីក្រពះ និងបណ្ដាលឲ្យច្រាលអាស៊ីដ ព្រមទាំងមានអារម្មណ៍ក្រហាយទ្រូង។ អាហារដែលមានជាតិអាស៊ីដដូចជាប៉េងប៉ោះ អាចធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរចំពោះស្ត្រីមួយចំនួន ក៏ដូចជាធ្វើឲ្យអាការៈក្រហាយទ្រូងកាន់តែអាក្រក់ទៅៗ។ នៅក្នុងករណីដែលម៉ាក់ៗមានអាការៈក្រហាយទ្រូង អំឡុងពេលពពោះ ចូរកាត់បន្ថយការញ៉ាំផ្លែប៉េងប៉ោះ ព្រមទាំងអាហារមួយចំនួនទៀតដែលបណ្ដាលឲ្យមានបញ្ហាក្រពះពោះវៀន។
[embed-health-tool-ovulation]