backup og meta

មានរោគសញ្ញាទាំងនេះអាចបង្ហាញថាយើងកំពុង​ខ្វះវីតាមីន D

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 26, 2020

    មានរោគសញ្ញាទាំងនេះអាចបង្ហាញថាយើងកំពុង​ខ្វះវីតាមីន D

    វីតាមីន D គឺ​មាន​សារៈសំខាន់​សម្រាប់​រាងកាយ​ណាស់។ យើង​អាច​ទទួល​បាន​វីតាមីន D ពី​ការ​ត្រូវ​កពន្លឺ​ថ្ងៃ និង​តាម​រយៈ​អាហារ​ដូចជា​ត្រី​មាន​ជាតិ​ខ្លាញ់ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​បន្ថែម​វីតាមីន D។ ជាទូទៅ​យើង​ត្រូវ​ញ៉ាំ​វីតាមីន D ពី​១០-២០​មីក្រូក្រាម ឬច្រើន​ជាង​នេះ​​ក្នុង​មួយ​ថ្ងៃ។ ​បញ្ហា​កង្វះ​វីតាមីន D តែង​កើត​មាន ប៉ុន្តែ​យើង​អាច​នឹង​មិន​ដឹង​ខ្លួន។ ដូចនេះហើយ​អត្ថបទ​​នេះ​នឹង​លើក​ឡើង​ពី​រោគសញ្ញា​ខ្លះៗ​​ដែល​អាច​បង្ក​ដោយ​កង្វះ​វីតាមីន D។

    ១. ឈឺ​ញឹកញាប់

    វីតាមីន D មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹងមាំ​ដើម្បី​ប្រឆាំង​នឹង​វីរុស និង​បាក់តេរី​ដែល​បង្ក​ជំងឺ​ផ្សេងៗ។ ប្រសិនជា​យើង​ឧស្សាហ៍​ឈឺ ជាពិសេស​ជំងឺ​ផ្ដាសាយ នេះ​អាច​មក​ខ្វះ​វីតាមីន D។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​​កង្វះ​វីតាមីន D និង​ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ផ្ដាសាយ ជំងឺ​រលាក​ទង​សួត និង​ជំងឺ​រលាកសួត។

    ២. អស់កម្លាំង

    អាការៈ​អស់​កម្លាំង​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​ ហើយ​កង្វះ​វីតាមីន D គឺ​មូលហេតុ​មួយ​ក្នុង​ចំណោម​នោះដែរ​។ ក្នុង​ករណី​សិក្សា​មួយ​គេ​រក​ឃើញ​ថា​ស្ត្រី​ដែល​មាន​អាការៈ​អស់​កម្លាំង​អំឡុង​ពេល​ថ្ងៃ​ និង​ឈឺក្បាល ​គឺ​មាន​កម្រិត​វីតាមីន D​ ​ទាប​ក្នុង​ឈាម​ត្រឹមតែ ៥,៩ ng/ml។ ប្រសិនជា​កម្រិត​វីតាមីន D ក្រោម ២០ ng/ml គេ​ចាត់​ទុក​ថា​មាន​បញ្ហា​កង្វះ​វីតាមីន​ហើយ។ ស្ត្រី​រូប​នេះ​មាន​អាការៈ​ប្រសើរ​ឡើង​ក្រោយ​ពី​ញ៉ាំ​អាហារ​បំប៉ន​វីតាមីន D។

    ៣. ឈឺខ្នង និង​ក្នុង​ឆ្អឹង

    វីតាមីន D ជួយ​រក្សា​សុខភាព​ឆ្អឹង និង​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម។ ការ​ឈឺចាប់​ក្នុង​ឆ្អឹង និង​ខ្នង​អាច​ជា​សញ្ញា​មួយ​នៃ​កង្វះ​វីតាមីន D។ ការសិក្សា​មួយ​បាន​រកឃើញ​ថា​ អ្នក​ដែល​ខ្វះ​វីតាមីន D មាន​ភាគរយ​ខ្ពស់​ក្នុង​ឈឺ​ខ្នង​ដែល​អាច​ធ្ងន់ធ្ងរ​​រហូត​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ។ ការសិក្សា​មួយ​ទៀត​បាន​ឲ្យ​ដឹង​ថា​អ្នក​ខ្វះ​វីតាមីន D អាច​នឹង​មាន​បញ្ហា​ឈឺចាប់​ក្នុង​ឆ្អឹង​នៅ​ជើង ឆ្អឹង​ជំនីរ ឬ​សន្លាក់។

    ៤. ពន្យឺត​ការ​ជាសះស្បើយ​នៃ​របួស

    ការ​ជា​សះស្បើយ​របស់​របួស​មាន​រយៈពេល​យូរ​ក៏​អាច​ជា​សញ្ញា​មួយ​នៃ​ការ​មាន​កម្រិត​វីតាមីន D ទាប​ក្នុង​ឈាម​ដែរ។ ការសិក្សា​មួយ​បាន​សិក្សា​ទៅ​លើ​អ្នក​ដែល​ធ្វើ​ការ​វះកាត់​ហើយ​បាន​រក​ឃើញ​ថា​ផ្នែក​មួយ​នៃ​របួស​មាន​ការ​ជា​សះស្បើយ​យូរ​ដែល​បង្ក​ដោយ​កង្វះ​វីតាមីន D ។ ការសិក្សា​នេះ​ក៏​បាន​លើក​ឡើង​ទៀត​ថា​វីតាមីន D ​មាន​តួនាទី​គ្រប់គ្រង​ការ​ការ​រលាក និង​ប្រឆាំង​ការ​ឆ្លង​រោគ​ដែល​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​ជា​សះស្បើយ។

    ៥. ពុក​ឆ្អឹង

    វីតាមីន D ​ជួយ​រាងកាយ​ស្រូប​យក​ជាតិ​កាល់ស្យូម និង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ គេ​ជឿ​ថា​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​ពុកឆ្អឹង​មក​ពី​ខ្វះ​កាល់ស្យូម ប៉ុន្តែ​ពួកគាត់​អាច​នឹង​មាន​បញ្ហា​កង្វះ​វីតាមីន D​ ដែរ។ ការ​ថយ​ចុះ​នៃ​កំហាប់​ឆ្អឹង​បង្ហាញ​ថា​ឆ្អឹង​របស់​យើង​បាត់​បង់​ជាតិ​កាល់ស្យូម និង​ជាតិ​រ៉ែ​ផ្សេង​ទៀត ហើយ​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​ជាពិសេស​ស្ត្រី​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បាក់ឆ្អឹង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម