ខួរក្បាលគឺជាមណ្ឌលកណ្ដាលមួយនៃរាងកាយ មាននាទីគ្រប់គ្រងដំណើរការបេះដូង សួត ចលនារបស់រាងកាយ អារម្មណ៍ និងការគិត។ ដោយសារតែខួរក្បាលមានភារកិច្ចច្រើនបែបនេះហើយ ទើបជាការល្អ ដែលយើងត្រូវថែរក្សាសុខភាពខួរក្បាលឲ្យនៅល្អ។
អាហារមួយចំនួនជួយឲ្យខួរក្បាលយើងដំណើរការបានល្អ និងបង្កើនការចងចាំទៀតផង។ តើអាហារអ្វីខ្លះ?
១. កាហ្វេ
បើយើងជាអ្នកផឹកកាហ្វេ វាជាដំណឹងល្អមួយដែលថាកាហ្វេមានប្រយោជន៍ដល់សុខភាពខួរក្បាលរបស់យើង។ កាហ្វេមានសារធាតុពីរយ៉ាងសំខាន់ មួយគឺកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសុទ្ធតែមានប្រយោជន៍ជួយដល់ខួរក្បាលរបស់យើង។
ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ជួយឲ្យយើងមានស្មារតីស្វាហាប់ ជួយឲ្យមានអារម្មណ៍ល្អ និងបង្កើនការផ្ចង់អារម្មណ៍ទៀតផង។ ដូចគ្នាដែរ ការផឹកកាហ្វេជាប្រចាំ និងក្នុងរយៈពេលយូរ ក៏ជួយកាត់បន្ថយហានិភ័យជំងឺប្រព័ន្ធប្រសាទផងដែរ។
២. រមៀត
និយាយដល់គ្រឿងការីមួយមុខនេះវិញ ក៏មានប្រយោជន៍ច្រើនដល់សុខភាពខួរក្បាលដូចគ្នា។ Curcuminជាសារធាតុសកម្មមួយនៅក្នុងរមៀត ដែលអាចចូលទៅដល់កោសិកាខួរក្បាលបានដោយផ្ទាល់។ រមៀត មានផ្ទុកសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចផ្ដល់ប្រយោជន៍ច្រើនដល់ខួរក្បាល រួមមានអាចជួយបង្កើនការចងចាំ អាចជួយកាត់បន្ថយសម្ពាធផ្លូវចិត្ត និងជួយដល់ការលូតលាស់កោសិកាថ្មីៗរបស់ខួរក្បាល។
៣. ខាត់ណាខៀវ
ងាកមកខាត់ណាខៀវឯណេះវិញ ក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសប្បូរវីតាមីន K ផងដែរ។ វីតាមីនK មានសារសំខាន់ខ្លាំងដល់ខ្លាញ់ម្យ៉ាងនៅក្នុងកោសិកាខួរក្បាល ដែលជួយឲ្យមានការចងចាំល្អ។
ដូចគ្នាដែរ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងការរលាក ក្នុងខាត់ណាខៀវ ក៏ជួយការពារប្រឆាំងនឹងការបំផ្លាញកោសិកាខួរក្បាលផងដែរ។
៤. គ្រាប់ល្ពៅ
គ្រាប់ល្ពៅមិនត្រឹមតែជាអាហារសម្រន់ឆ្ងាញ់ជាប់មាត់ប៉ុណ្ណោះទេ តែវាក៏ជាអាហារមានផ្ទុកសារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មទៀតផង។ សារធាតុរ៉ែនៅក្នុងគ្រាប់ល្ពៅមានដូចជាដែក ស័ង្កសី ទង់ដែង និងម៉ាញ៉េស្យូម។ ជាតិរ៉ែទាំងនេះ មានប្រយោជន៍ជំនួយដល់ការចងចាំ និងកាត់បន្ថយហានិភ័យជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទផងដែរ។
៥. ផ្លែក្រូច
គ្រាន់តែញ៉ាំក្រូចមួយផ្លែក្នុងទំហំធំល្មម យើងអាចទទួលបានវីតាមីនC ដែលយើងត្រូវការប្រចាំថ្ងៃបានដែរ។ វីតាមីន C ដើរតួសំខាន់ណាស់ក្នុងការការពារការធ្លាក់ចុះនៃការចងចាំ។
ការទទួលបានវីតាមីនC គ្រប់គ្រាន់មានប្រយោជន៍ក្នុងការទប់ស្កាត់ការធ្លាក់ចុះការចងចាំទៅតាមវ័យ និងជំងឺចាស់វង្វេងទៀតផង។
ដូចគ្នាដែរ វីតាមីន C ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មក៏ខ្លាំង អាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលអាចជួយការពារការខូចខាតកោសិកាខួរក្បាល។ ពិសេសវីតាមីន C ជួយដល់ខួរក្បាលមនុស្សវ័យចំណាស់ផងដែរ។
៦. ស៊ុត
ស៊ុតជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើនមុខដែលទាក់ទងនឹងសុខភាពខួរក្បាល រួមមានវីតាមីនB6 B12 ហ្វូឡេត និងcholine។ Choline មានប្រយោជន៍ក្នុងការជួយគ្រប់គ្រងអារម្មណ៍ និងការចងចាំ។ ក្រៅពីនេះ សារធាតុចិញ្ចឹមនៅក្នុងស៊ុត ក៏ជួយពន្យឺតការធ្លាក់ចុះនៃការចងចាំនៅពេលវ័យកាន់តែចាស់ផងដែរ។
អាហារដែលបានរៀបរាប់ខាងលើ គឺមានប្រយោជន៍ដល់ខួរក្បាល ស្មារតី និងការចងចាំ។ ជាការណ៍ល្អ គ្នាយើងចង់ឲ្យខួរក្បាលមានសុខភាពល្អ កុំភ្លេចដាក់អាហារទាំងនេះចូលក្នុងរបបអាហារ។
[embed-health-tool-bmr]