ជាតិកាហ្វេអ៊ីនគឺអាចជួយដាស់ស្មារតីរបស់យើង ប៉ុន្តែនៅពេលផឹកជាតិកាហ្វេអ៊ីនច្រើនពេកអាចផ្ដល់ផលប៉ះពាល់មួយចំនួនដូចជាពិបាកក្នុងការគេង ចង្វាក់បេះដូងកើនឡើង និងធ្វើឲ្យមានអាការៈញ័រជាដើម។ គ្នាយើងមួយចំនួនអាចនឹងមានចម្ងល់ថាតើគួរធ្វើយ៉ាងដូចម្តេចដើម្បីកម្ចាត់ជាតិកាហ្វេអ៊ីនពីរាងកាយបាន។
ផលប៉ះពាល់បង្កដោយកាហ្វេអ៊ីនអាចនឹងកើតមានរហូតដល់ច្រើនម៉ោង ប្រសិនជាយើងផឹកកាហ្វេ សូដា ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងទៀតក្នុងបរិមាណច្រើន។ តាមពិតទៅ នៅពេលជាតិកាហ្វេអ៊ីនចូលទៅក្នុងរាងកាយយើង មិនមានវិធីឲ្យយើងកំចាត់ជាតិកាហ្វេអ៊ីនពីរាងកាយទេមានតែចាំឲ្យជាតិកាហ្វេអ៊ីនសាបទៅដោយខ្លួនឯង។ យ៉ាងណាមិញ យើងអាចអនុវត្តប៉ុន្មានវិធីនេះដើម្បីកាត់បន្ថយផលប៉ះពាល់បានខ្លះ។
១. បញ្ឈប់ការផឹកភេសជ្ជៈមានកាហ្វេអ៊ីន
នៅពេលយើងសង្កេតឃើញថាមានរោគសញ្ញាមួយចំនួនដូចជាយើងមានអាការៈញ័រ ដូចជាញ័រដៃ យើងគួរបញ្ឈប់ការផឹកភេសជ្ជៈ និងឈប់ញ៉ាំអាហារដែលមានជាតិកាហ្វេអ៊ីនផ្សេងទៀត។ អាហារ និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនមានកាហ្វេ តែ ភេសជ្ជៈប៉ូវកម្លាំង សូដា និងសូកូឡាខ្មៅ។ បន្ថែមពីនេះទៀត គួរយកចិត្តទុកដាក់ទៅលើឱសថ និងអាហារបំប៉នដែលអាចមានជាតិកាហ្វេអ៊ីន។ ឧទាហរណ៍ថ្នាំ Aspirin មានផ្ទុកកាហ្វេអ៊ីន ៤០ទៅ៦០មីល្លិក្រាមក្នុងមួយគ្រាប់។
២. រង់ចាំឲ្យកាហ្វេអ៊ីនអស់ប្រសិទ្ធភាព
ផលប៉ះពាល់បង្កពីកាហ្វេអ៊ីនជាទូទៅអាចសម្គាល់ឃើញក្នុងរយៈពេល៤៥នាទីក្រោយពីផឹក ឬញ៉ាំអាហារ ឬភេសជ្ជៈមានកាហ្វេអ៊ីន ហើយកាហ្វេអ៊ីនអាចនៅក្នុងរាងកាយបានរហូតដល់៣ ទៅ៥ម៉ោង។ លើសពីនេះទៀត រាងកាយអាចនឹងត្រូវការរយៈពេល១០ម៉ោងដើម្បីសម្អាតកាហ្វេអ៊ីនអស់ទាំងស្រុង។ ប្រសិនជាគ្នាយើងមានបញ្ហាក្នុងការគេង យកល្អគួរបញ្ឈប់ការញ៉ាំជាតិកាហ្វេអ៊ីន ៦ទៅ៨ម៉ោងមុនម៉ោងចូលគេង។
៣. ផឹកទឹក
ការផឹកទឹកគឺសំខាន់ក្នុងការរក្សាជាតិទឹក។ ការសិក្សាមួយចំនួនបានអះអាងថាការផឹកទឹកអាចជួយបន្ថយអាការៈញ័របង្កដោយជាតិកាហ្វេអ៊ីន។ ដូចនេះហើយពេលកំពុងរង់ចាំឲ្យជាតិកាហ្វេអ៊ីនសាបពីរាងកាយ យកល្អគួរផឹកទឹកឲ្យបានច្រើន។ បន្ថែមពីនេះទៀត សម្រាប់គ្នាយើងមួយចំនួនដែលមិនទាន់ស៊ាំនឹងជាតិកាហ្វេអ៊ីន អាចនឹងនោម ឬបន្ទោរបង់ញឹកក្រោយពីផឹកជាតិកាហ្វេអ៊ីនដែលនេះកម្រកើតមានលើអ្នកផឹកកាហ្វេ ឬតែជាប្រចាំ ហើយការផឹកទឹកអាចជួយកាត់បន្ថយផលប៉ះពាល់ទាំងពីរនេះ។
៤. ហាត់ប្រាណ
ការហាត់ប្រាណអាចជួយឲ្យរាងកាយធ្វើមេតាបូលីសជាតិកាហ្វេអ៊ីនលឿនជាងមុន។ យើងអាចដើរហាត់ប្រាណ ឬធ្វើលំហាត់ប្រាណផ្សេងទៀតដែលអាចឲ្យរាងកាយធ្វើចលនាបាន។ ម៉្យាងទៀត យើងអាចនឹងញ័រ និងមានថាមពលច្រើនដែលទទួលបានពីកាហ្វេអ៊ីន ហើយការហាត់ប្រាណនេះអាចជួយបញ្ចេញថាមពលទាំងនេះ។
៥. ញ៉ាំពពួកផ្កាខាត់ណា
ផ្កាខាត់ណា និងផ្កាខាត់ណាខៀវជាជម្រើសល្អក្នុងការពង្រឹងការធ្វើមេតាបូលីស និងកំចាត់ជាតិកាហ្វេអ៊ីន។ នេះមានន័យថាកាហ្វេអ៊ីននឹងត្រូវកំចាត់អស់ពីរាងកាយក្នុងរយៈពេលខ្លីជាងមុន។
៦. គេងឲ្យបាន២០នាទី
ការគេងរយៈពេលខ្លីក្រោយពីផឹក ឬញ៉ាំជាតិកាហ្វេអ៊ីនអាចជួយរាងកាយក្នុងការទប់ទល់នឹងផលប៉ះពាល់។ ការគេងត្រឹមតែ២០នាទីនេះ ពេលក្រោកឡើងយើងនឹងមានអារម្មណ៍ស្រស់ស្រាយជាងមុន។ យកល្អគ្នាយើងគួរគេងនៅកន្លែងងងឹត និងត្រជាក់។
៧. ហានិភ័យនៃការផឹកជាតិកាហ្វេអ៊ីនច្រើនលើសកំណត់
ទោះបីជាជាតិកាហ្វេអ៊ីនត្រូវគេទទួលស្គាល់ថាមានសុវត្ថិភាព ប៉ុន្តែមនុស្សម្នាក់ៗធន់នឹងជាតិកាហ្វេអ៊ីនខុសៗគ្នា។ យើងគួរយកចិត្តទុកដាក់ទៅលើផលប៉ះពាល់ផ្សេងៗរួមមានឈឺក្បាល ញ័រ ពិបាកក្នុងការគេង និងចង្វាក់បេះដូងញាប់។ នៅពេលមានអាការៈបែបនេះ គួរកាត់បន្ថយកម្រិតការផឹកជាតិកាហ្វេអ៊ីន។
ប៉ុន្តែបើក្រោយពីផឹកជាតិកាហ្វេអ៊ីនច្រើន ហើយសង្កេតឃើញមានរោគសញ្ញាដូចជាចុកទ្រូង គ្រុនក្ដៅ ចង្វាក់បេះដូងមិនប្រក្រតី បាត់បង់ជាតិទឹក ពិបាកដកដង្ហើម និងមិនអាចគ្រប់គ្រងចលនាសាច់ដុំបាន យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព
- ផឹកកាហ្វេប៉ុនណាទើបមិនលើសកម្រិត? នរណាខ្លះមិនត្រូវផឹកកាហ្វេ?
- “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់?
- ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?
- អនុវត្តវីធីនេះរយៈពេល ៦សប្តាហ៍អាចបន្ថយអាការៈញៀនកាហ្វេបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]