យោងតាមគោលការណ៍ណែនាំរបបអាហារថ្មីៗនេះ គេបានណែនាំឲ្យញ៉ាំអំបិល ២,៣ក្រាម(១ស្លាបព្រាកាហ្វេ)ក្នុងមួយថ្ងៃ។ ប៉ុន្តែមានការប៉ាន់ស្មានថាជាមធ្យមមនុស្សយើងអាចញ៉ាំអំបិលរហូតជិតដល់ ៣,៤ក្រាម (១ស្លាបព្រាកាហ្វេកន្លះ)តាមរយៈអាហារប្រចាំថ្ងៃ។ ការញ៉ាំអំបិលច្រើនពេកអាចនឹងបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ។ តើមានរោគសញ្ញាណាខ្លះបញ្ជាក់ថាយើងញ៉ាំអំបិលចូលក្នុងខ្លួនច្រើនពេក?
១. អាការៈហើម
ប្រសិនជាយើងមានអារម្មណ៍ថាចិញ្ចៀនតឹងជាងមុន ហើមជើង ឬហើមភ្នែកនៅពេលព្រឹក យើងប្រហែលជាញ៉ាំអំបិលច្រើនពេកហើយ។ ស្ថានភាពនៅពេលរាងកាយរបស់យើងចាប់ផ្ដើមស្តុកជាតិទឹកបន្ថែមដែលជាលទ្ធផលនៃការញ៉ាំអំបិលច្រើនត្រូវបានគេហៅថា Edema ហើយស្ថានភាពនេះគួរព្យាបាលដោយកំណត់របបអាហារឲ្យតឹងតែង។
២. ស្រេកទឹកខ្លាំង
សូដ្យូមរកឃើញក្នុងអំបិលជួយរក្សាលំនឹងជាតិទឹកក្នុងរាងកាយ។ នៅពេលយើងញ៉ាំអំបិលច្រើនពេក រាងកាយរបស់យើងត្រូវការទឹកបន្ថែមក្នុងការកម្ចាត់អំបិលឲ្យអស់ពីរាងកាយដើម្បីឲ្យសាច់ដុំ និងសរីរាង្គផ្សេងៗអាចដំណើរការបានត្រឹមត្រូវ។ នេះជាដំណើរការនៃរាងកាយក្នុងការរក្សាសមាមាត្រនៃសូដ្យូម និងទឹក ហើយការផឹកទឹកគឺជាវិធីដ៏ល្អបំផុតដើម្បីឲ្យរាងកាយត្រលប់រកសភាពធម្មតាវិញដែរ។ គួរចងចាំដែរថាការផឹកទឹកមិនគ្រប់គ្រាន់អាចធ្វើឲ្យរាងកាយទាញជាតិទឹកចេញពីកោសិកា និងអាចបង្កឲ្យមានការបាត់បង់ជាតិទឹក។
៣. ការផ្លាស់ប្តូរពណ៌ទឹកនោម
នៅពេលរាងកាយមានជាតិសូដ្យូមច្រើន នោះនឹងមានការផ្លាស់ប្តូរពណ៌ក្នុងទឹកនោមដែលបង្កដោយមូលហេតុពីរ៖
- ការញ៉ាំអំបិលច្រើនអាចធ្វើឲ្យតម្រងនោមធ្វើការធ្ងន់ដើម្បីកម្ចាត់អំបិលចេញពីរាងកាយ។ នេះអាចបង្កឲ្យមានជំងឺតម្រងនោម ដែលជាទូទៅយើងនឹងនោមញឹក ហើយទឹកនោមថ្លា។
- រាងកាយទទួលបានជាតិសូដ្យូមច្រើនអាចធ្វើឲ្យបាត់បង់ជាតិទឹក។ នៅពេលរាងកាយបាត់បង់ជាតិទឹកខ្លាំង បរិមាណទឹកនោមក៏ថយចុះហើយមានពណ៌លឿងចាស់។
៤. ឈឺឆ្អឹង
ការញ៉ាំអំបិលច្រើនអាចជាឧបសគ្គដល់ការមានឆ្អឹងរឹងមាំ។ នៅពេលយើងញ៉ាំអំបិលច្រើនពេក តម្រងនោមរបស់យើងមិនអាចកម្ចាត់អស់បរិមាណអំបិលទាំងនោះទេ ដែលនេះបង្កឲ្យមានការបាត់បង់ជាតិកាល់ស្យូមខ្លាំង។ កង្វះជាតិកាល់ស្យូមរ៉ាំរ៉ៃអាចបង្កឲ្យឆ្អឹងចុះខ្សោយ ធ្មេញមានបញ្ហា ថែមទាំងអាចមានការវិវត្តជំងឺពុកឆ្អឹងដែរ។
៥. រមួលក្រពើ
ការរក្សាលំនឹងសូដ្យូម និងប៉ូតាស្យូមឲ្យបានត្រឹមត្រូវគឺសំខាន់សម្រាប់សុខភាពព្រោះសារធាតុទាំងនេះទទួលខុសត្រូវលើការកន្ទ្រាក់របស់សាច់ដុំ។ ប្រសិនជាយើងញ៉ាំអំបិលច្រើន ឬអាហារប្រៃច្រើន យើងប្រឈមនឹងអាការៈរមួលក្រពើ ឬការឈឺចាប់ក្នុងសាច់ដុំ។
៦. ឈឺក្បាលជាប់
ការញ៉ាំជាតិសូដ្យូមច្រើនពេកអាចបង្កើនបរិមាណឈាមរបស់យើងដែលជាហេតុបង្កឲ្យសរសៃឈាមរីក។ ការរីកនៃសរសៃឈាមអាចបណ្ដាលឲ្យលើសសម្ពាធឈាមដែលបង្កឲ្យមានអាការៈឈឺក្បាលធ្ងន់ធ្ងរ។
៧. បញ្ហាក្នុងការគិត
ការលើសសម្ពាធឈាមអាចកើតមានដោយសារការញ៉ាំអាហារមានបិរមាណអំបិលច្រើនដែលបង្កការខូចខាតដល់សរសៃអាកទែរទៅកាន់ខួរក្បាល។ នេះអាចប៉ះពាល់ដល់សមត្ថភាពក្នុងការគិតរួមទាំងធ្វើឲ្យយើងពិបាកក្នុងការផ្ដោតអារម្មណ៍ធ្វើការប្រចាំថ្ងៃដែរ។ ក្រៅពីនេះ ការបាត់បង់ជាតិទឹកញឹកញាប់អាចបណ្ដាលឲ្យការចងចាំចុះខ្សោយ និងអស់កម្លាំងជាដើម។
យើងអាចកាត់បន្ថយការញ៉ាំអំបិលបានដោយ៖
- ចៀសវាងអាហារប្រៃដូចជាអាហារកែច្នៃ ភីហ្សា បឺហ្គឺរ សាច់ប្រឡាក់ស្រាប់ ស៊ុបកំប៉ុង
- ពិនិត្យមើលបរិមាណសូដ្យូមពេលទិញអាហារ យកល្អយកអាហារណាដែលមានសូដ្យូមតិចជាង ៥%នៃកម្រិតត្រូវការប្រចាំថ្ងៃ
- កាត់បន្ថយការប្រើអំបិលដោយប្រើគ្រឿងទេស ក្រូចឆ្មារ ឬទឹកខ្មេះជំនួសវិញពេលចម្អិនអាហារ។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយតាមវិធីងាយៗទាំងនេះ
- ពពួកអាហារសត្រូវនឹងសុខភាព ចៀសបានអាយុវែង
- ញ៉ាំប្រៃ គ្រោះថ្នាក់ខ្លាំង កើតលើសឈាមផង មហារីកផង
- មិនចង់កើតជំងឺលើសឈាមទាំងនៅក្មេងវ័យ កែទម្លាប់ប៉ុន្មាននេះចេញ
- មើលឲ្យហើយអ្នកចូលចិត្តញ៉ាំប្រៃ អាចមានគ្រោះថ្នាក់ធំពីរយ៉ាង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]