ពេលនិយាយដល់រឿងសម្រកគីឡូ គ្នាយើងច្បាស់ជាគិតដល់អាហារណាត្រូវញ៉ាំ គួរញ៉ាំប៉ុន្មាន និងអាហារណាខ្លះមិនគូរញ៉ាំមិនខាន ហើយគ្នាយើងភាគច្រើនប្រហែលជាមិនបានគិតដល់ទឹកនោះទេ។
គ្នាយើងធ្លាប់ដឹងទេថាការរក្សាជាតិទឹកក្នុងខ្លូនឲ្យបានគ្រប់គ្រាន់គឺជាផ្នែកសំខាន់មួយដែរក្នុងផែនការសម្រកគីឡូរបស់យើងគ្រប់គ្នា។
ទឹកគឺគ្មានផ្ទុកកាឡូរីនោះទេ តែទឹកបែរជាជួយយើងដុតបំផ្លាញកាឡូរីទៅវិញ និងប្រហែលជាអាចជួយកុំឲ្យយើងឃ្លានខ្លាំង ឬញ៉ាំអាហារច្រើនផងដែរបើយើងផឹកទឹកមុនពេលញ៉ាំអាហារ។ គុណប្រយោជន៍របស់ទឹកគឺមានច្រើនជាងភេសជ្ជៈមានជាតិស្ករដែលយើងកំពុងផឹកផង។
ដូចបាននិយាយអ៊ីចឹងការញ៉ាំអាហារក្នុងបរិមាណត្រឹមត្រូវគឺជាផ្នែកមួយក្នុងការសម្រកទម្ងន់ ហើយកាន់តែពិសេសថែមទៀតបើយើងអាចរក្សាកម្រិតជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍ក្នុងការសម្រកទម្ងន់។
ជាមធ្យមយើងគួរផឹកទឹកឲ្យបានចន្លោះពី២ទៅ២,៥លីត្រក្នុងមួយថ្ងៃ ដើម្បីកុំឲ្យបាត់បង់ជាតិទឹកក្នុងខ្លួន។ ការបាត់បង់ជាតិទឹកនឹងធ្វើឲ្យយើងអស់កម្លាំង និងវិលមុខ នាំឲ្យថាមពលក្នុងរាងកាយធ្លាក់ចុះ។ ការផឹកទឹកបានគ្រប់គ្រាន់នឹងជួយឲ្យរាងកាយយើងមានថាមពល ផ្ដោតអារម្មណ៍បានល្អ និងមានអារម្មណ៍ល្អទៀតផង។
និយាយដល់រឿងសម្រកទម្ងន់វិញ ទឹកជាធាតុមួយសំខាន់មិនអាចខ្វះបានបើយើងចង់ឲ្យគីឡូស្រក ព្រោះថាទឹកជួយឲ្យពោះវៀនមានសុខភាពល្អ។ ទឹកជួយកម្ចាត់ជាតិខ្លាញ់ពីរាងកាយបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចនាំជាតិពុលចេញពីរាងកាយយើងផងដែរ។
ការផឹកទឹកគ្រប់គ្រាន់ក៏ជួយជំរុញដល់ការធ្វើមេតាប៉ូលិស និងសម្អាតកាកសំណល់ផ្សេងៗចេញពីរាងកាយ។ បន្ថែមពីនេះ ទឹកក៏ជួយកុំឲ្យយើងឃ្លានអាហារខ្លាំងពេក និងមានអារម្មណ៍ឆាប់ឆ្អែតទៀតផង បើយើងញ៉ាំទឹកមួយកែវមុនញ៉ាំអាហារ ដែលនេះជាការល្អជួយយើងកុំឲ្យនាំយកកាឡូរីចូលខ្លួនច្រើនពេក។
ជំនួសឲ្យការផឹកទឹកក្រូច ឬភេសជ្ជៈផ្អែមផ្សេងទៀត យើងគួរផឹកទឹកវិញ។ មួយវិញទៀត យើងក៏អាចទទួលបានជាតិទឹកពីបន្លែ ផ្លែឈើ និងទឹកតែផងដែរ។ យ៉ាងណា គ្នាយើងត្រូវចាំថាការផឹកទឹកគ្រប់គ្រាន់តែមួយមុខមិនអាចជួយឲ្យគ្នាយើងស្រកគីឡូដូចការរំពឹងទុកទេ គឺត្រូវតែអនុវត្តវិធីផ្សេងៗទៀតដូចគ្នា គ្រាន់តែថាទឹក គឺជាផ្នែកសំខាន់មួយក្នុងដំណើរការសម្រកគីឡួរបស់យើង។
[embed-health-tool-bmr]