គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

    គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

    និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ល្អ ស្រស់​ស្រាយ​កម្រិត​ណា? ប៉ុន្តែ​ត្រូវ​ដឹង អ្វី​ក៏​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិដែរ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​គុណសម្បត្តិ និង​គុណ​វិបត្តិ​របស់​កាហ្វេ ឲ្យ​គ្នា​យើង​ថ្លឹង​ថ្លែង គួរ​បន្ត​ផឹក​ទៀត ​ឬ​យ៉ាង​ណា?។

    ១- គុណសម្បត្តិ​ពី​ជាតិ​កាហ្វេអ៊ីន

    ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រស់​ថ្លា ជួយ​ដល់​ការ​ចង​ចាំ ​និង​ជួយ​ឲ្យ​បាត់អស់​ភាព​ហត់​នឿយ។ ការ​សិក្សា​ខ្លះ​បញ្ជាក់​ថា ​កាហ្វេ​អ៊ីន មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​មុខងារ​ផ្លូវ​ចិត្ត ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​មួយ​កម្រិត អាច​ជួយ​ដល់​ការ​ចង់​ចាំ​ក្នុង​រយៈពេល​ខ្លី និង​ជួយ​បង្កើន​ល្បឿន​ប្រតិកម្ម​នៃរាង​កាយ។ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​ ការ​ញ៉ាំ​កាហ្វេ ៣-​៤ ​ពែង ប្រហាក់​ប្រហែល​ ៣០០-​៤០០ ​មិល្លីក្រាម​​ជាតិ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​តិច​តួច តែ​មាន​គុណ​ប្រយោជន៍​ច្រើន​ដល់​សុខភាព។

    ភស្តុតាង​ផ្សេងៗ​បង្ហាញ​ថា ផឹក ឬ​ញ៉ាំកាហ្វេ អាច​ជួយ​ការពារ​បញ្ហា​សុខភាព​ ដូច​ជា បង្ការជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ​២ ជំងឺ Parkinson (ជំងឺ​ញ័រ​ដៃ​ជើង​លើ​មនុស្សចាស់​ បណ្ដាល​មក​ពី​បញ្ហា​សរសៃ​ប្រសាទ) និង​ជំងឺ​ថ្លើម។ ទោះ​យ៉ាង​នេះ​ក្ដី គ្នា​យើង​មាន​ជំងឺ​លើស​ឈាម ក្មេងៗ យុវវ័យ និង​មនុស្ស​ចាស់​ ក៏​អាច​ងាយ​រង​ផល​រំខាន​ផ្សេងៗ​ ពី​ជាតិ​​កាហ្វេអ៊ីនដូចគ្នា។

    ២- គុណ​វិបត្តិជាតិ​កាហ្វេ​អ៊ីន

    មាន​ការ​សិក្សា​បាន​បង្ហាញដែរថា ជាតិ​កាហ្វេអ៊ីន ​អាច​ធ្វើ​ឲ្យ​កើន​សម្ពាធ​ឈាម​ ទោះ​បី​ជា​ការ​កើន​សម្ពាធ​ឈាម​នេះ​ ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ ក៏​​អាច​មាន​ផល​មិន​ល្អដែរ ពិសេស​ពេល​​សម្ពាធ​ឈាម​កើន​ឡើង​ញឹក​ញាប់​ជា​ប្រចាំ​បែប​នេះ។ ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​កត្តា​ទាំង​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង ផឹក​កាហ្វេ​ កើន​ឡើង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង។ លើស​ពី​នេះ មាន​ការ​សិក្សា​បាន​បង្ហាញ​ថា ​ស្រីៗផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន អាច​​ប្រឈម​​បញ្ហា​បាត់​បង់​ឆ្អឹង (ឆ្អឹង​ផុយ​ស្រួយ​ងាយ​បាក់)។

    បញ្ហា​មួយ​ទៀត ​ដោយ​សារ​ជាតិ​កាហ្វេអ៊ីន គឺ​សារធាតុ​​អាច​ធ្វើ​ឲ្យ​ញៀន​បាន។ ផលិត​ផល​ជា​ច្រើន​ចំណី ​តែង​មាន​កំហាប់​កម្រិត​ជាតិ​កាហ្វេអ៊ីន​ខ្ពស់ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង កាន់​តែ​មានសារធាតុ​នេះ​ច្រើន​ឡើងៗ។ ចំណុចទាំង​នេះ​ អាច​នឹង​កាន់​តែ​ធ្ងន់​ធ្ងរទៅ​ៗ ​ចំពោះ​គ្នា​យើង​​វ័យ​ក្មេង។ គ្នា​យើង​​ជា​ច្រើន ​អាច​នឹង​ត្រូវ​សម្រាក​ពេទ្យ ​នៅ​ពេលញ៉ាំ​អាហារ​បំប៉ន​​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់ ដោយ​រោគ​​សញ្ញា​​ញៀនជាតិ​កាហ្វេអ៊ីន រួម​មាន​ មាន​បញ្ហារឿង​​គេង ញ័រ ឈឺ​ពោះ ក្អួត ឈឺ​ទ្រូង ​និង​ញ័រ​ទ្រូង។

    ផឹកកាហ្វេជ្រុល

    ៣- បើ​ចង់ផឹក​កាហ្វ ឬជាតិ​កាហ្វេ​អ៊ីន​ជា​ប្រចាំ​ ត្រូវ​ធ្វើ​ម៉េច?

    អ្វី​សំខាន់​នោះ ត្រូវ​មើល​ពី​សកម្មភាព​រាង​កាយយើង​ខ្លួន​ឯង មាន​​ប្រតិកម្មយ៉ាង​ម៉េច​ខ្លះ​​ជាមួយ​ជាតិ​កាហ្វេអ៊ីន។ ​គួរ​សួរ​ខ្លួន​ឯង បើ​កាហ្វេ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ជ្រួល​ច្រាល ថប់​អារម្មណ៍ ឬ​អស់​កម្លាំង។ បញ្ហា​រឿង​គេងយើងម៉េច​ដែរ? ​ស្ថាន​ភាព​សុខភាព​យ៉ាង​ម៉េច​ដែរ? ​ត្រូវ​ពឹង​ផ្អែក​លើ​ជាតិ​កាហ្វេអ៊ីន​មែន​ទេ? នៅ​ពេល​និយាយ​ពី​ជាតិ​កាហ្វេអ៊ីន​ទាំង​នេះ អ្វី​ល្អ​បំផុតយើង​​ត្រូវ​ធ្វើ ​គឺផឹក ឬ​ញ៉ាំ​ក្នុង​កម្រិត​មធ្យមបាន​ហើយ។ ផឹក​កាហ្វេ ៤-​៥ ​ពែង​/ថ្ងៃ យើង​​នៅ​តែ​មាន​អារម្មណ៍​មិន​ល្អ​ដដែល ប្រហែល​ជា​ពេល​មួយ គ្នា​យើង​​ត្រូវ​ទៅជួប​ពេទ្យ​ហើយ។ ​បើ​​មាន​រោគ​សញ្ញា​អាក្រក់​ណា​មួយ​នៅ​ពេល​ព្យាយាម​ឈប់ផឹក​​កាហ្វេ ​គួរ​តែ​តាម​ដាន​​បញ្ហា​នោះ ​ដោយ​ពិគ្រោះ​ជាមួយ​ពេទ្យ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Pros and Cons of the Caffeine Craze. http://www.webmd.com/food-recipes/features/pros-and-cons-caffeine-craze#1. Accessed April 19, 2017.

    Caffeine pros and cons: effects of caffeine on your body. https://www.womenshealthnetwork.com/fatigueandinsomnia/effectsofcaffeine.aspx. Accessed April 19, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 24/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត