backup og meta

ប្រើថ្នាំផ្សះលើសាច់មាន់លើសកម្រិត ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2021

    ប្រើថ្នាំផ្សះលើសាច់មាន់លើសកម្រិត ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

    សាច់មាន់​ ជា​អាហារ​ពេញ​និយម​បំផុត​មួយ ​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ញ៉ាំ ​​​មិន​ត្រឹម​តែ​ឆ្ញាញ់​​ទេ ថែម​ទាំង​ល្អ​សម្រាប់​សុខភាព​ជាជាង​ពពួក​សាច់​ផ្សេង​ទៀត​ផង។ ប៉ុន្តែ​ដោយ​សារ​តម្រូវ​ការ​ច្រើន​លើ​ទី​ផ្សារ មាន់​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដោយ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺ ជួយ​ឲ្យលូត​លាស់​លឿន បង្ក​ក្តី​បារម្ភ​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ពេល​ញ៉ាំ​សាច់​មាន់​ចាក់​ថ្នាំ​ទាំង​នេះ។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពេល​យើង​ញ៉ាំ​សាច់​មាន់​ដែល​ចាក់​ថ្នាំ​ផ្សះ​លើស​កម្រិត។

    ១- គុណប្រយោជន៍​សាច់​មាន់

    សាច់​មាន់ ​ផ្តល់​គុណ​ប្រយោជន៍​ជា​ច្រើន​ ដូច​ជា បង្កើន​សាច់​ដុំ រក្សា​រាងកាយឲ្យ​​នៅ​ម៉ាំ​មួន បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ដល់​សុខភាព​បេះដូង និង​ថែម​ទាំង​អាច​ជួយ​បន្ថយ​អាការៈឈឺ​ចាប់​ពេល​មក​រដូវ​ទៀត​ផង។ បន្ថែម​ពីនេះ​ បើ​ចម្អិន​បាន​ត្រឹម​ត្រូវ រសជាតិ​សាច់​មាន់​ពិត​ជា​​ឆ្ញាញ់​អស្ចារ្យ ក៏​ជា​ហេតុ​ផល​ ធ្វើ​ឲ្យ​តម្រូវ​ការ​សាច់​មាន់​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

    ការ​កើន​ឡើងតម្រូវ​សាច់​មាន់​លើ​ទី​ផ្សារ អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​សម្រាប់​សុខភាពយើង​ដែល​ញ៉ាំ ​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ (Antibiotic) ​មិន​បាន​ត្រឹម​ត្រូវ ជាពិសេស​ក្នុង​កសិដ្ឋានចិញ្ចឹម​មាន់​​ខ្នាត​មធ្យម​ និង​ខ្នាត​ធំ​តែ​ម្តង ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

    ២- មូលហេតុ​ញ៉ាំ​មាន់​ចិញ្ចឹម​ក្នុង​កសិដ្ឋានប្រឈម​គ្រោះ​ថ្នាក់

    អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា ​កសិករ​ជា​ច្រើន ​បាន​ចាក់​ថ្នាំផ្សះ លើ​សត្វ​ស្លាប​ចិញ្ចឹម ពិសេស​មាន់​ និង​ទា​ ដើម្បីឲ្យ​​ធំលូតលាស់​លឿន ការពារ​ជំងឺផ្សេងៗ និង​ធាត់​ល្អ។ បរិមាណ​ថ្នាំ​ និង​ប្រភេទ​ថ្នាំដែល​ត្រូវ​ចាក់​ទៅ​លើ​សត្វ​មាន់ ទា ​គួរ​ធ្វើ​ទៅ​តាម​ក្រិត​ក្រម ​និង​ច្បាប់​អនុញ្ញាតិ ប៉ុន្តែ​កសិដ្ឋាន​ចិញ្ចឹម ឬ​កសិករ​ភាគ​ច្រើន ដោយ​​ចង់​បាន​ប្រាក់​ចំណេញ​ច្រើន បានចាក់​ថ្នាំ​ច្រើន​ជាង​កម្រិត​អនុញ្ញាតិ​លើ​សត្វ​មាន់​ ទា​ទាំង​នោះ ទាំង​​មិន​គិត​ពី​​គ្រោះ​ថ្នាក់​ដល់​សុខភាពយើង​ដែល​ញ៉ាំ​សាច់​មាន់​ ទា​ទាំង​​នោះ​ឡើយ។​

    ៣- ពពួក​មេរោគ​ស៊ាំ​ថ្នាំ​ក្នុង​សាច់​មាន់

    មិន​ថាយើង​ប្រើ​​ថ្នាំផ្សះ​​ប្រភេទ​ណា​ទេ ពពួក​បាក់តេរី​មាន​ក្នុង​សាច់​មាន់ ​នៅ​តែ​អាច​រស់​បាន។ និយាយឲ្យ​​ស្រួល​ស្តាប់​​ គឺ​ថាពពួក​បាក់តេរីទាំង​នោះ ​អាច​ធ្វើឲ្យ​យើង​​​ឈឺ​ស៊ាំនឹង​ថ្នាំផ្សះជាច្រើន​ប្រភេទ មាន​ន័យ​ថា​ត្រឹម​ជំងឺ​ធម្មតាប៉ុណ្ណោះ​ ក៏​អាច​ឆក់​ជីវិត​យើង​បាន​ដែរ ដោយ​សារ​ថ្នាំ​មិន​មាន​ឥទ្ធិពលចំពោះ​គ្នា​​យើងដែលបានឆ្លង​ពពួក​​មេរោគស៊ាំ​នឹង​ថ្នាំ​ទាំង​​នេះ។

    ស៊ុបមាន់

    ៤- មេរោគផ្សេងៗ

    យោង​តាម​ការ​សិក្សា​មួយ​ បាន​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ Kemri ប្រភេទ​គេនយ៉ា កាល​ពីឆ្នាំ​ ២០១៦ សាច់​មាន់​​លក់​រាយ​នៅក្នុង​ទីក្រុង Nairobi មិន​ត្រឹម​តែ​មាន​ផ្ទុក​ថ្នាំ​ផ្សះ​កម្រិត​ខ្ពស់​នោះ​ទេ ថែម​ទាំង​ផ្ទុក​ពពួក​បាក់តេរី E.coli ដែល​ស៊ាំ​ថ្នាំ​ជា​ច្រើន​ទៀត​ផង។

    ជាធម្មតា​ពពួក​បាក់តេរី E.coli មាន​នៅ​ក្នុង​មនុស្ស​យើង ក៏​ដូច​ជា​សត្វ​ផ្សេងៗ នឹង​មិន​មាន​គ្រោះ​ថ្នាក់​ឡើយ តែ​ពពួក​មេរោគ​នេះមាន​នៅ​ក្នុង​សាច់​មាន់ ​ដែលគេ​បាន​ធ្វើ​ការ​សិក្សា​នេះ អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ ដូចជា បណ្តាល​ឲ្យ​​ពុល​អាហារ​ធ្ងន់​ធ្ងរ ​អាច​ធ្វើ​ឲ្យ​​ស្លាប់​បាន​ បើ​មិន​បានព្យាបាល​ឲ្យ​ត្រឹមត្រូវ។

    ការ​សិក្សា​​អះអាង​ថា ៧៥% នៃ​សាច់​មាន់ ​ដែលអ្នក​ស្រាវ​ជ្រាវ​​យក​មក​សិក្សា​ គឺ​មាន​មេរោគស៊ាំនឹង​ថ្នាំផ្សះពី​ ១-១២ ប្រភេទ​នៃ​ថ្នាំ​ផ្សះ ដោយ ៤០,៤% ក្នុង​ចំណោម​ពពួក​មេរោគ​ស៊ាំ​ថ្នាំ​ផ្សះ​នេះ គឺ​​មានហ្សែន​បង្កជា​ជំងឺ ១០​ ប្រភេទឯណោះ។

    បាក់តេរី Salmonella ជា​ក្រុម​មួយ​ទៀត​ ឧស្សាហ៍​ធ្វើ​យើង​​ពុល​អាហារ ក៏​អាច​នឹង​ស៊ាំ​ថ្នាំ​ផ្សះ​ដូច​គ្នា។ ក្រៅ​ពី​សាច់​មាន់ មេរោគ​ប្រភេទ​នេះ ​ក៏​មាន​នៅ​ក្នុង​ផ្នែក​ផ្សេងៗនៃគ្រឿង​ក្នុង ទឹក​ដោះគោ​ និង​ស៊ុត​ មាន់​ទាផង​ដែរ។ ស្រដៀង​គ្នា​នឹងមេរោគ E.coli ពេល​យើង​ឆ្លងមេរោគ Salmonella ហើយ​នោះ ​នឹង​មាន​អាការៈ​រាករូស ចុក​ពោះ ក្អួត ឬ​ក្តៅ​ខ្លួន​ខ្លាំង​ជាដើម។

    សាច់​មាន់ ​ផ្តល់​គុណប្រយោជន៍​ជាច្រើន​ដល់​រាងកាយ​ និង​សុខភាព​យើង​ ជាពិសេស​រក្សា​រាង​កាយ​អោយ​មាំមួន។ យ៉ាងណាក៏ដោយ គ្នា​យើង ​គួរ​ទិញ​សាច់​​ដឹង​ប្រភព​ច្បាស់​លាស់ ដោយ​សារ​សាច់​ទាំង​លើ​ទី​ផ្សារ​ អាចគេ​ត្រូវ​បាន​ចាក់​ថ្នាំ​លើស​កម្រិត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម