backup og meta

ចង់ឆាប់មានកូន ក្នុងរបបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

    ចង់ឆាប់មានកូន ក្នុងរបបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ

    រឿងមាន​កូន​មាន​ចៅ ជា​ក្តី​សង្ឃឹម​សម្រាប់​ជីវិត​យើង​គ្រប់​គ្នា ពិសេស​គ្នា​យើង​ទើប​ចាប់​ដៃ​គ្នា​សាង​គ្រួសារ​។ ប៉ុន្តែ​រឿង​មាន​កូន​ម្នាក់​ពីរ​នឹង​គេ ក៏​មិន​ងាយ​ស្រួល​ដែរ ព្រោះ​មាន​ប្តី​ប្រពន្ធ​មិន​តិច​ទេ រៀប​ការ​រាប់​ឆ្នាំ​ ​នៅ​តែ​គ្មាន​កូន ខំ​យ៉ាង​ណានៅ​តែ​គ្មាន ​មានតែ​រកពេទ្យ​ឲ្យ​ជួយ​ប៉ុណ្ណោះ។ យ៉ាង​ណា ក្រៅពីវេជ្ជសាស្ត្រ ធាតុ​ផ្សំ​ក្នុង​របបអាហារ​ ក៏​អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​បាន​ដូច​គ្នា “Hello គ្រូពេទ្យ’ នឹង​ណែនាំ​សារធាតុ​ចិញ្ចឹម​ពិសេសៗ​មួយ​ចំនួន ប្រហែល​អាច​ជួយ​គ្នា​យើង​ឆាប់​មាន​កូនបាន។

    ១- សារធាតុរ៉ែ និងវីតាមីន

    ផ្អែកលើ​ការ​សិក្សា​ជា​ច្រើន សារធាតុ​រ៉ែ​ និង​វីតាមីន​មួយ​ចំនួន គឺមាន​ប្រសិទ្ធ​ភាព​អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន ក្នុង​នោះ​មាន​ដូច​ជា៖

    – វីតាមីន D៖ នៅ​ក្នុង​ការ​សិក្សា​កាល​ពី​ពេល​​ថ្មី​ៗ ទៅ​លើស្រី​​ៗសរុប ៦៧នាក់ សុទ្ធ​សឹង​​គ្មាន​កូននឹង​គេ។ ​ការ​សិក្សា​រក​ឃើញ​ថា ក្នុងចំណោម​ស្រីៗ​ទាំង​​នោះ​ មាន​តែ ៧ ភាគរយប៉ុណ្ណោះ​​មាន​កម្រិត​វីតាមីន D ធម្មតា ខណៈ​វីតាមីន D គឺ​ចាំបាច់​សម្រាប់​រាងកាយ​ ក្នុង​ការ​បង្កើត​អ័រម៉ូន​ភេទ ដែលមាន​នាទី​​គ្រប់​គ្រង​លើ​ការ​បង្កកំណើត។

    – វីតាមីន E៖ វីតាមីន E អាច​ជួយ​បង្កើន​ដល់​សុខ​ភាព​មេជីវិត​ឈ្មោល និង​ចលនាទឹក​កាម ​ជួយ​កាត់​បន្ថយ​ហានិភ័យ​​វិវត្ត​មិន​ប្រក្រតី​នៃ​ហ្សែន​​កូន ដោយ​វា​នឹង​ទៅ​រ​ពារ​មេជីវិត​ឈ្មោល ​រក្សា​ភាព​ត្រឹម​ត្រូវនៃ DNA មេជីវិត​ញី។

    – CoQ 10៖ CoQ 10 គឺជា​សារធាតុ​មួយ មាន​សារៈ​​សំខាន់​សម្រាប់​​ផលិត​ថាមពល​ក្នុង​រាង​កាយ ​ជួយ​ការពារ​សុខភាព​មេជីវិត​ញី និង​មេជីវិត​ឈ្មោល​ ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី។

    – វីតាមីន C៖ យោង​តាម​ការ​សិក្សា​ពី​ការ​មាន​កូន និង​គ្មាន​កូន ​​បង្ហាញ​ថា​ វីតាមីន C អាច​ជួយ​ឲ្យ​គុណ​ភាពចលនា​មេ​ជីវិត​ឈ្មោល​ប្រសើរ​ឡើង និង​ការពារ​ពី​ការ​បំផ្លាញ​របស់ DNA។ ចំពោះ​ស្រីៗ​វិញ វីតាមីន​ប្រភេទ​នេះ ​ជួយ​បង្កើន​កម្រិត​អ័រម៉ូន ជួយ​ឲ្យ​ឆាប់​មាន​កូន និង​ជួយ​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែកបាន​ល្អ​​ផង​ដែរ។ កាន់​តែ​ពិសេស​ទៀត​នោះ វីតាមីន​ C អាចជួយ​កាត់​បន្ថយ​ឱកាសរលូត​កូន និង​បញ្ហា​ក្រូម៉ូសូម​ដូ​ចគ្នា។

    – អាស៊ីដ Lipoic៖ អាស៊ីដ Lipoic ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់​មួយ​ អាច​​ការពារ​សរីរាង្គ​បន្ត​ពូជ​ស្រីៗ​បាន និង​ជួយ​គុណ​ភាព ក៏​ដូច​ជា​​ចលនា​​មេជីវិត​ឈ្មោល​ ​កាន់​តែ​ប្រសើរ​ឡើង។

    – វីតាមីន B6៖ វីតាមីន B6 ជួយសម្រប​សម្រួល​អ័រម៉ូន​ ទៅ​លើ​ស្រីៗមាន​បញ្ហា​​​ខូច​ខាត​មេ​ជីវិត​ញីដោយ​សារ​វដ្ដ​រដូវ (Luteal Phase) ដោយ​សារ​វីតាមីន​នេះ ​អាច​ទៅ​រំខាន​ដល់​វដ្ត​រដូវ​ស្រីៗ​បាន។

    – វីតាមីន B12៖ វីតាមីន B12 មាន​នាទី​ជួយ​ពង្រឹង​ជញ្ជាំង​ស្បូន​ ធ្វើ​ឲ្យដំណើរ​ពពោះ​យើង​​កាន់​តែ​ប្រសើរ​ឡើង។

    – អាស៊ីដហ្វូលិក (B9)៖ អាស៊ីដ​ហ្វូលិក ឬវីតាមីន B9 អាច​​ជួយ​ការ​ពារ​ការ​វិវត្ត​មិន​ប្រក្រតី​ពី​កំណើតរបស់គភ៌​អំឡុង​ពេល​ពពោះ និង​ការ​ពារ​ផលវិបាក​​អំឡុង​ពេល​ពពោះមួយ​ចំនួន ដូច​ជា ករណី​​កូន​កើត​មុន​ខែ រហែក​សុក និងលើសឈាម​ពេល​ពពោះ

    ថ្នាំ​ជាតិ​ដែក៖ ញ៉ាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់ ​អាច​បង្ក​ឲ្យ​សុខ​ភាព​​មេជីវិត​ញី​មិន​ល្អ និង​ធ្វើ​ឲ្យ​ការ​បង្ក​កំណើត​មាន​ភាព​ខ្វះ​ខាត។

    – សេ​លេ​ញ៉ូម៖ សេលេញ៉ូម​ ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ជួយ​ការពារ​មេជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ពី​រ៉ាឌីកាល់​សេរី។

    – ស័ង្ក​សី៖ ញ៉ាំ​ជាតិ​ស័ង្ក​សី​គ្រប់​គ្រាន់​ ​អាច​ជួយ​​បង្កើន​កម្រិត​មេជីវិត​ឈ្មោល ​ជួយ​ដល់​ការ​បង្កើន​ទម្រង់ មុខងារ និង​គុណ​ភាព​មេ​ជីវិត​ឈ្មោល​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

    – អាស៊ីដខ្លាញ់​៖ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាច​ជួយ​ជំរុញឲ្យ​ឆាប់​មាន​កូន​ តាម​រយៈ​ការ​​សម្រប​សម្រួល​អ័រម៉ូន​ក្នុង​រាង​កាយ។

    ២- ប្រូតេអ៊ីន

    យោង​តាម​ការ​សិក្សា​មួយ ​ពី​កម្ម​វិធី​កិច្ច​ប្រជុំ​គ្លីនិក​ប្រចាំឆ្នាំ​ នៃ​មហា​វិទ្យាល័យ​សម្ភព និង​រោគស្ត្រី នៅ​អាមេរិក ​របប​អាហារ​ដែល​សម្បូរ​​ប្រូតេអ៊ីន ត្រូវ​បាន​អះអាង ​មាន​ឥទ្ធិពល​វិជ្ជមានទៅ​លើ​ការចង់​​មាន​កូន។ ស្រី​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់​ នឹង​មាន​មេជីវិត​ញី ក៏​ដូច​ជា​អំប្រ៊ីយ៉ុង​ ល្អ​ជាង​ស្រីៗ​មាន​របប​អាហារ​ធម្មតា។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង
    • ខ្លាញ់សត្វ និងខ្លាញ់រុក្ខជាតិ មានគុណប្រយោជន៍ គុណ​វិបត្តិអ្វីខ្លះ?

    ៣- ជាតិខ្លាញ់

    នៅ​ពេល​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួនកើន​ឡើង ​នោះ​ជាតិ​ស្ករ​ក្នុង​ឈាមក៏​កើន​ឡើង​ដូច​គ្នា នាំ​ឲ្យ​រាង​កាយខិត​ខំ​​ផលិតអាំង​ស៊ុយ​លីន ដើម្បី​បំបែក​ជាតិ​ស្ករ​ទាំង​នោះ។ ដូច្នេះ​​បើ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួនយើង​​នៅ​តែ​បន្ត​កើន​ឡើង ​នោះ​រាងកាយ​នឹង​មិន​មាន​អាំង​ស៊ុយ​លីន​គ្រប់​គ្រាន់​ក្នុង​ការ​បំបែក​ជាតិ​ស្ករ​ឡើយ។ ព្រោះ​បើ​កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់ ​អាច​បណ្តាល​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ក្នុងរាង​កាយ​ ទើប​វា​អាច​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ពង​មេជីវិតញី​បាន។

    ៤- សារធាតុប្រឆាំងអុកស៊ីតកម្ម

    រ៉ាឌីកាល់​សេរី​នៅ​ក្នុង​ខ្លួន​ អាច​បំផ្លាញ​កោសិកា​បាន ​រួម​ទាំង​ កោសិកា​បន្តពូជ មេជីវិត​ឈ្មោល កោសិកា​ស្បូន អូវែ ក្រពេញ​ទីរ៉ូអ៊ីត ក្រពេញ​អ៊ីប៉ូភីស ជាដើម។ រ៉ាឌីកាល់​សេរី​ កើត​ចេញ​ពី​ជាតិ​ពុល ភាព​តាន​តឹង ថ្នាំសម្លាប់​​សត្វ​ល្អិត ជំងឺ ​ហាត់​ប្រាណ​ហួស​កម្រិត​ និង​ការ​ត្រូវ​កម្តៅ​ថ្ងៃ​ច្រើន​ពេក។

    ៥- ជាតិសរសៃ

    ជាតិ​សរសៃ ចាំបាច់​ណាស់​សម្រាប់​ការ​រំលាយ​អាហារ និង​រក្សាលំនឹង​​អ័រ​ម៉ូន​ក្នុង​ខ្លួន។ សារជាតិចិញ្ចឹម​ចាំ​បាច់​មួយ​នេះ អាច​គ្រប់​គ្រង​លើ​ជាតិ​ស្ករ​ក្នុង​ឈាម ​ស្រដៀង​នឹង​ខ្លាញ់ Trans-fat អាច​ប៉ះពាល់​ដល់​កម្រិត​អាំង​ស៊ុយ​លីន​។ ញ៉ាំ​អាហារ​សរសៃ​ មាន​សារៈ​សំខាន់​ណាស់ចំពោះ​​មនុស្ស​ទូទៅ​ ​ពិសេស​សម្រាប់​ស្រីៗ​មាន​​ជំងឺដំុគីសទឹកលើក្រពេញអូវែ (PCOS) និង​ជំងឺរលាកភ្នាសស្បូន ក៏​ដូច​ជា​គ្នា​យើង​ចង់​មាន​កូន​តែ​ម្តង។ ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​​បង្កកំណើត​មួយ​ចំនួន​ ដូច​ជា ជំងឺដំុគីសទឹកលើក្រពេញអូវែ PCOS និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ផ្សេង​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម