backup og meta

ជម្រើស​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​វិបត្តិ​កូវីដ១៩​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 20, 2021

    ជម្រើស​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​វិបត្តិ​កូវីដ១៩​

    ក្នុង​ពេល​មានការ​បិទ​ខ្ទប់​ទីក្រុង​នេះ ប្រ​ជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​ទំនង​ជា​បារម្ភ​រឿង​ទិញ​អាហារ​ហូប​ចុក និង​ខ្លះ​ប្រ​ហែល​ជា​អាច​ទិញ​ច្រើន​ជាង​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ផង​ក៏​មាន​។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​អាហារ​មួយ​ចំនួន​ដែល​គួរ​ទិញ​ទុក​ញ៉ាំ​​ក្នុង​វិបត្តិកូវីដ១៩ មាន​ប្រយោជន៍​ចំពោះ​សុខភាព​និង​ប្រ​ព័ន្ធ​ភាពស៊ាំ​ ដែល​អាហារ​ទាំង​នេះ ជា​ប្រភេទ​អាហារ​ដែល​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ណែ​នាំ​។

    ​ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​សុខ​ភាព​យើង​ល្អ រឹងមាំ​ ក្នុង​វិបត្ត​កូវីដ​១៩ យើង​ក៏​គួរ​ចៀស​វាង ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ខ្ពស់ មាន​ជាតិ​ខ្លាញ់ ស្ករ និង​អំបិល​ច្រើន​ផង​ដែរ​។

    អាហារ​គួរ​ញ៉ាំ​​​​

    ១. បន្លែ​ និង​ផ្លែ​ឈើ​ស្រស់​

    អង្គការ​សុខភាព​ពិភព​លោក​បាន​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ផ្លែ​ឈើ ដូច​ជា​ទំពាំងបាយជូរ ចេក និង​ផ្លែ​ប៉ោម។ ក្រៅ​ពី​នេះ​នៅ​មាន​បន្លែ​ដូច​ជា​ការ៉ុត ស្ពៃក្ដោប ខាត់ណាខៀវ និង​ផ្កាខាត់ណា។ ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​អាហារ​កាន់​តែ​មាន​រសជាតិ យើង​អាច​ទិញ​ខ្ញី ខ្ទឹមស និង​ខ្ទឹម​បារាំង ជា​ដើម ដោយ​របស់​ទាំង​នេះ​សុទ្ធ​តែ​ជា​គ្រឿង​ផ្សំ​សម្រាប់​អាហារ​។

    ចំណែក​ដំឡូងជ្វា ដំឡូងបារាំង និង​ដំឡូង​មី ជា​ដើម សុទ្ធ​តែ​ជា​អាហារ​យើង​អាច​ទុក​បាន​យូរ និង​អាច​មក​យមក​កែច្នៃ​ជា​អាហារ​សម្រន់​បាន​យ៉ាង​ឈ្ងុយឆ្ងាញ់​ ដោយ​អាច​ដុត ស្ងោរ ឬ​ចំហុយ។ អាហារ​មើម​ទាំង​នេះ សម្បូរ​ដោយ​ជាតិ​សរសៃ និង​ម្សៅ​។​​

    ២.​ស៊ុត និង​សាច់​​​​

    ស៊ុត​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត។ ជម្រើស​ល្អ​បំផុត​នៃ​ការ​ចម្អិន​ស៊ុត​គឺ​ស្ងោរ​ ល្អ​ជាង​ចៀន​។

    ចំណែក​សាច់​វិញ យើង​គួរ​ញ៉ាំ​សាច់​ប្រភេទ​បសុបក្សី(មាន់ ទា)​ និង​ ត្រី ដែល​ជា​ទូទៅ​អាហារ​ទាំង​នេះ​មាន​កម្រិត​ខ្លាញ់​ទាប​ និង​ល្អ​ជាង​ការ​ញ៉ាំ​សាច់​ក្រហម​។

    អាហារគួរញ៉ាំ

    ៣. ផឹក​ទឹក​គ្រប់​គ្រាន់​

    ​ទឹក​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត។ ទឹក​ជួយ​ដឹក​ជញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​ក្នុង​ឈាម គ្រប់​គ្រង​សីតុណ្ហភាព​រាង​កាយ និង​ជួយ​កម្ចាត់​កាក​សំណល់​ពី​រាង​កាយ​ជា​ដើម​។

    ក្នុង​ដំណាក់​កាល​យើង​នៅ​តែ​ក្នុង​ផ្ទះ​នេះ ក៏​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ចន្លោះ​ពី​៨​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ។ ការ​ផឹក​ទឹក​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​សុខភាព តែ​គ្នា​យើង​ក៏​អាច​ភេសជ្ជៈ​ផ្សេង​ៗ​ដើម្បី​បំពេញ​ជាតិ​ទឹក​បន្ថែម​ដោយ​មិ​ន​មាន​បន្ថែម​ជាតិ​ស្ករ ដូច​ជា​ទឹក​ផ្លែឈើ និង​តែ។ សម្រាប់​កាហ្វេ ក៏​គ្នា​យើង​អាច​នៅ​ផឹក​បាន​ដូច​គ្នា តែ​កុំ​ផឹក​ច្រើន​ពេក​។

    អាហារ​មិន​គួរ​ញ៉ាំ ឬ​ញ៉ាំតិច​តួច​

    ១. អាហារ​កែ​ច្នៃ​ខ្ពស់​

    អាហារ​កែ​ច្នៃ​ ឬសាច់​កែច្នៃ ច្រើន​មាន​ជាតិ​ប្រៃ និង​មាន​ខ្លាញ់​ខ្ពស់​។ អាហារ​ទាំង​នោះ​មាន​ដូច​ជា​អាហារ​ Fast food ផ្សេងៗ ភីហ្សា អាហារ​បំពង និង​ឃុកឃី ជា​ដើម​។ ក្រៅពី​នេះ អាហារ​មាន​ជាតិ​ស្ករ​ច្រើន និង​អំបិល​ច្រើន ក៏​គួរ​កាត់​បន្ថយ​ដូច​គ្នា​។

    ២. ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​

    ​​​សម្រាប់​អ្នក​ចូល​ចិត្ត​កាហ្វេ គួរ​កម្រិត​ការ​ញ៉ាំ កុំ​ញ៉ាំ​ច្រើន​ពេក។ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជាតិ​ទឹក​ទៅ​វិញ​ ហើយ​ក៏​អាច​រំខាន​ដល់​ដំណេក​​ផង​ដែរ​។

    ចំពោះ​គ្រឿង​ស្រវឹង​វិញ កាល​ណា​យើង​ផឹក​ច្រើន​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ពិបាក​ទប់​ទល់​នឹង​រោគ​ឆ្លង​ផ្សេងៗ​ ពិសេស​វីរុស​កូវីដ១៩​។​ ជា​ការណែនាំ យើង​គួរ​ជៀស​វាង​ផឹក​គ្រឿង​ស្រវឹង​ពេល​យើង​មិន​អាច​ទៅ​ណា​បាន​នេះ ពិសេស​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម