backup og meta

សម្បក​ក្រូច​ឆ្មារ​ គ្នា​យើង​ដឹងទេថាមានប្រយោជន៍ច្រើនយ៉ាង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 28, 2021

    សម្បក​ក្រូច​ឆ្មារ​ គ្នា​យើង​ដឹងទេថាមានប្រយោជន៍ច្រើនយ៉ាង?

    ក្រូច​ឆ្មារ​ គឺ​ជា​ប្រភព​នៃ​វីតាមីន​C និង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​នៅ​ក្នុង​ការ​ធ្វើ​ជា​ភេសជ្ជៈ​ ក៏​ដូចជា​បន្ថែម​រសជាតិ​ទៅ​ក្នុង​អាហារ​។​ ប៉ុន្តែ​ គ្នា​យើង​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ សម្បក​ក្រូច​ឆ្មារ​ក៏​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ នៅ​ពេល​ដែល​​យើង​ដឹង​ពី​វិធី​​ប្រើប្រាស់​​វា​​ត្រឹមត្រូវ​។

    ១. តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​

    ទោះ​បី​ជា​យើង​ញ៉ាំ​នៅ​ក្នុង​បរិមាណ​តិចតួច​យ៉ាង​ណា​ក្ដី​ សម្បក​ក្រូច​ឆ្មារ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​។​ ​​សម្បកក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ ផ្ដល់​​នូវ​៖

    • កាឡូរី៖ ៣
    • កាបូអ៊ីដ្រាត៖ ១ក្រាម
    • ជាតិ​សរសៃ៖ ១ក្រាម
    • ប្រូតេអ៊ីន​៖ ០ក្រាម
    • ​ខ្លាញ់​៖ ០​ ក្រាម
    • ​វីតាមីន​C៖ ៩​%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​

    បន្ថែម​ពី​នេះ​ វា​ក៏​​មាន​បរិមាណ​កាល់ស្យូម​ ប៉ូតាស្យូម​ និង​ម៉ាញេស្យូម​​តិចតួច​ផង​ដែរ​។

    ២. ជួយ​ទ្រទ្រង់​សុខភាព​មាត់​ធ្មេញ​

    ​​ជំងឺ​ពុក​ធ្មេញ និង​ការ​ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ​ គឺ​បណ្ដាល​មក​ពី​បាក់តេរី​ដូចជា​ Streptococcus Mutans។​ រី​ឯ​សម្បក​ក្រូច​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ ដែល​អាច​រារាំង​ដល់​ការ​លូតលាស់​របស់​មីក្រូសរីរាង្គ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ៣. ផ្ទុក​​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ខ្ពស់​​

    ជាមួយ​គ្នា​នេះ​ដែរ​ សម្បក​ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ រួម​ទាំង​D-Limonene និង​វីតាមីន​C។ ការ​ស្រូប​យក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​Flavonoid ដូចជា​D-Limonene ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មួយ​ចំនួន​ ដូចជា​ជំងឺ​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

    ​៤. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

    សារធាតុ​Flavonoid​ និង​វីតាមីន​C​ដែល​មាន​នៅ​ក្នុង​សំបក​ក្រូច​ឆ្មារ​​នេះ​ ក៏​​​​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ដូច​​គ្នា​។​ ជាក់​ស្ដែង​ វីតាមីន​​C ​ប្រមូល​ផ្ដុំ​នៅ​ក្នុងPhagocytes ដែល​ជា​ប្រភេទ​កោសិកា​​មាន​តួនាទី​លេប​យក​សមាសធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​រាងកាយ​របស់​យើង​។

    ​​​​៥. លើក​កម្ពស់​សុខភាព​បេះដូង​

    លើស​ពី​នេះ​ សារធាតុ​Flavonoid​ វីតាមីន​C និង​Pectin​ ដែល​មាន​នៅ​ក្នុង​សម្បកក្រូច​ឆ្មារ​​ ក៏​អាច​ជួយ​លើក​កម្ពស់​សុខភាព​បេះដូង​ ដោយ​ធ្វើ​ឲ្យ​កម្រិត​កូឡេស្តេរ៉ូល​ក្នុង​ឈាម​ថយ​ចុះ ក៏​ដូចជា​កាត់​បន្ថយ​កត្តា​ហានិភ័យ​ផ្សេង​ៗ​ទៀត​នៃ​ជំងឺ​បេះដូង​។

    សំបកក្រូច២

    ​​​​ការ​ប្រើប្រាស់​សម្រាប់​ជំនួយ​សម្រស់​ និង​លាង​​សម្អាត​

    • កម្ចាត់​ក្លិន​មិន​ល្អ​៖ ដាក់​សម្បក​ក្រូច​ឆ្មារ​ចំនួន​ពីរ​បី​ចំណិត​នៅ​ក្នុង​ទូរ​ទឹកកក​ ឬ​នៅ​បាត​​ធុង​សំរាម​ ដើម្បី​កម្ចាត់​ក្លិន​មិន​ល្អ​។
    • លាង​សម្អាត​ពពួក​ដែក​អ៊ីណុក​៖ ​ដាក់​អំបិល​​បន្តិច​នៅ​លើ​សម្ភារៈ​ដែល​យើង​ចង់​សម្អាត​ បន្ទាប់​មក​ ដុស​សម្អាត​វា​ដោយ​ប្រើ​សម្បក​ក្រូច​ឆ្មារ​ និង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​។
    • លាង​សម្អាត​កំសៀវ៖ ចាក់​ទឹក​​ចូល​ទៅ​ក្នុង​កំសៀវ​ និង​ដាក់​សំបក​ក្រូច​ឆ្មារ​ទៅ​ក្នុង​ទឹក​នោះ​ រួច​ដាំ​ទឹក​ឲ្យ​ពុះ​ ដើម្បី​កម្ចាត់​ជាតិ​ខនិជ (mineral deposits ) ​ផ្សេង​ៗ។​ បន្ទាប់​មក​ ទុក​វា​ចោល​ប្រហែល​មួយ​ម៉ោង​ ទើប​លាង​ជម្រះ​ចេញ​។
    • ស្ក្រាប់​ខ្លួន​៖ លាយ​​ស្ករ​ ប្រេង​អូលីវ​ និង​សម្បក​ក្រូច​ឆ្មារ​ចិញ្ច្រាំ​ឲ្យ​ម៉ត់​ល្អ​ ​រួច​ធ្វើ​ការ​ម៉ាស្សា​ទៅ​លើ​ស្បែក​សើម​ រួច​លាង​ជម្រះ​ចេញ​។
    • ម៉ាស​បិទ​មុខ​៖ លាយ​ម្សៅ​អង្ករ​ ម្សៅ​សម្បក​ក្រូច​ឆ្មារ​ និង​ទឹក​ដោះ​គោ​ត្រជាក់​ ដើម្បី​ជម្រុះ​កោសិកា​ងាប់​ និង​សម្អាត​ស្បែក​។

    ការ​ប្រើប្រាស់​សម្បក​ក្រូច​ឆ្មារ​នៅ​ក្នុង​របប​អាហារ​

    • ​បន្ថែម​សម្បក​ក្រូច​ឆ្មារ​ស្រស់​ទៅ​ក្នុង​​ទឹកតែ​ ឬ​Cocktail
    • ​បន្ថែម​សម្បក​ក្រូច​ឆ្មារ​ដែល​ឈូស​រួច​ទៅ​ក្នុង​អាហារ​ដុត​ សាឡាត់​ ឬ​ទឹក​ដោះ​គោ​ជូរ​
    • ឈូស​សម្បក​ក្រូច​​​ឆ្មារ​ក្លាស្សេ ដោយ​រោយ​ទៅ​លើ​ស៊ុប​ និង​ភេសជ្ជៈ​ផ្សេងៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម