ពិតណាស់ រមៀតមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយវាក៏ត្រូវបានប្រើប្រាស់ជាគ្រឿងទេសដ៏ពេញនិយមផងដេរ។ ជាមួយនឹងសារធាតុពណ៌Curcumin ដែលមាននៅក្នុងរមៀត វាមានឥទ្ធិពលក្នុងការប្រឆាំងនឹងការរលាកដ៏ស័ក្ដិសិទ្ធិ។ បន្ថែមពីនេះ វាក៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាឈឺជង្គង់ គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងថែមទៀតផង។ យ៉ាងណាមិញ អ្នកដែលស្ថិតនៅក្នុងលក្ខខ័ណ្ឌសុខភាពទាំងនេះ គប្បីមានការប្រុងប្រយ័ត្នឲ្យបានច្រើនជាងមុន នៅពេលញ៉ាំរមៀត ពីព្រោះវាក៏មានគុណវិបត្តិដូចគ្នា។
១. ស្ត្រីពពោះ និងម៉ាក់ៗបំបៅដោះកូន
រមៀតជួយជំរុញប្រព័ន្ធភាពស៊ាំ ហើយជាទូទៅ វាមានសុវត្ថិភាពចំពោះស្ត្រីពពោះ និងម៉ាក់ៗដែលកំពុងបំបៅដោះកូន នៅពេលដែលយើងញ៉ាំវានៅក្នុងអាហារ ពីព្រោះសារធាតុពណ៌Curcumin នៅក្នុងអាហារឆ្អិនគឺមានបរិមាណតិចតួច។ ប៉ុន្តែ វាមិនមានសុវត្ថិភាពឡើយ នៅពេលដែលយើងប្រើប្រាស់នៅក្នុងទម្រង់ជាថ្នាំ ព្រោះវាអាចជំរុញដល់ការមករដូវ ឬរំញោចស្បូនធ្វើឲ្យកូនក្នុងផ្ទៃមានហានិភ័យខ្ពស់។
២. អ្នកមានជំងឺស្លេកស្លាំង
ជំងឺស្លេកស្លាំងគឺបណ្ដាលមកពីកង្វះជាតិដែក ដែលកើតឡើងនៅពេលដែលរាងកាយមិនអាចផលិតគ្រាប់ឈាមក្រហមគ្រប់គ្រាន់ ឬរាងកាយបាត់បង់កោសិកាឈាមក្រហមច្រើនពេក។ ការញ៉ាំរមៀតក្នុងបរិមាណច្រើនអាចបញ្ចៀសការស្រួបយកជាតិដែក ដែលធ្វើឲ្យស្ថានភាពជំងឺរបស់យើងកាន់តែយ៉ាប់យ៉ឺនទ្វេដង។
៣. វិបត្តិហូរឈាម
ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលមានវិបត្តិហូរឈាមគ្រប់ប្រភេទ ដូចជាអ្នកដែលពឹងផ្អែកលើថ្នាំធ្វើឲ្យឈាមរាវ ឬអ្នកដែលហូរឈាមច្រមុះញឹកញាប់ គឺត្រូវមានការប្រុងប្រយ័ត្ននៅពេលញ៉ាំសារធាតុពណ៌curcumin។ ការញ៉ាំច្រើនជ្រុលអាចធ្វើឲ្យឈាមកក ដែលបង្កើនហានិភ័យនៃស្នាមជាំ និងការហូរឈាមកាន់តែច្រើនឡើង។
៤. ជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះរបបអាហាររបស់ខ្លួន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យបានល្អ។ ចំណែកឯសារធាតុពណ៌curcuminអាចកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម ដែលអាចបង្កគ្រោះថ្នាក់ដ៏អ្នកជំងឺទឹកនោមផ្អែមបាន ប្រសិនបើមិនមានការប្រុងប្រយ័ត្នទេនោះ។
៥. ក្រួសតម្រងនោម
ក្រួសតម្រងនោមគឺជាគ្រីស្តាល់ដែលបង្កើតឡើងដោយសារធាតុរ៉ែ និងអំបិល។ រមៀតមានសារជាតិ oxalate ខ្ពស់ ដែលអាចភ្ជាប់ជាមួយកាល់ស្យូម និងបណ្តាលឲ្យក្រួសតម្រងនោមកកើតឡើង។ ដូច្នេះហើយ ប្រសិនបើយើងកំពុងប្រឈមនឹងបញ្ហាក្រួសតម្រងនោមស្រាប់ ចូរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការញ៉ាំរមៀត។
បរិមាណសមល្មមក្នុងការញ៉ាំរមៀត
បរិមាណនៃសារធាតុពណ៌curcuminមានភាពធម្មតាប៉ុណ្ណោះ ប្រសិនបើយើងប្រើប្រាស់នៅក្នុងអាហារដែលបានចម្អិន នៅពេលដែលយើងបន្ថែមរមៀតចំនួន២០០០ទៅ២៥០០មិល្លីក្រាមទៅក្នុងអាហារ វាផ្ដល់សារធាតុពណ៌curcuminត្រឹមតែ៦០ទៅ១០០មិល្លីក្រាមប៉ុណ្ណោះ។ បរិមាណនេះ គឺមិនបង្កជាគ្រោះថ្នាក់ណាមួយឡើយ។ ប៉ុន្តែ នៅក្នុងករណីដែលយើងញ៉ាំអាហារបំប៉នដែលមានសារធាតុពណ៌curcumin ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាមុនសិន ទើបជាការប្រសើរ។
[embed-health-tool-bmi]