backup og meta

បើមាន​បញ្ហា​សុខភាព​​​ទាំង​នេះ​ ត្រូវប្រយ័ត្ន​ចំពោះ​ការ​ញ៉ាំ​​រមៀត​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2021

    បើមាន​បញ្ហា​សុខភាព​​​ទាំង​នេះ​ ត្រូវប្រយ័ត្ន​ចំពោះ​ការ​ញ៉ាំ​​រមៀត​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ ​រមៀត​មាន​គុណប្រយោជន៍​​ជា​ច្រើន​ចំពោះ​សុខភាព​ ហើយ​​​វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​​ជា​គ្រឿង​ទេស​ដ៏​ពេញ​និយម​​ផង​ដេរ​។​ ​ជាមួយ​នឹង​សារធាតុ​ពណ៌​Curcumin ​ដែល​មាន​នៅ​ក្នុង​រមៀត​ ​វា​​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​ដ៏​ស័ក្ដិសិទ្ធិ​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​ប្រសិទ្ធភាព​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឈឺ​ជង្គង់​ គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​ ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ អ្នក​ដែល​ស្ថិត​នៅ​ក្នុង​លក្ខខ័ណ្ឌ​សុខភាព​ទាំង​នេះ​ គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​​បាន​ច្រើន​ជាង​មុន​ នៅ​ពេល​ញ៉ាំ​រមៀត​ ពីព្រោះ​វា​​ក៏​មាន​គុណវិបត្តិ​ដូច​គ្នា​។

    ១. ស្ត្រី​ពពោះ​ និង​ម៉ាក់​ៗ​​បំបៅ​ដោះ​កូន​

    ​​​​​​​​រមៀត​​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ ហើយ​ជា​ទូទៅ​ វា​​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​ពពោះ​ និង​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​​នៅ​ក្នុង​អាហារ​ ពីព្រោះ​​សារធាតុ​ពណ៌​Curcumin នៅ​ក្នុង​អាហារ​ឆ្អិន​​គឺ​មាន​បរិមាណ​​តិចតួច​។​ ​ប៉ុន្តែ​ វា​មិន​មាន​សុវត្ថិភាព​ឡើយ​ ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​នៅ​ក្នុង​ទម្រង់​ជា​ថ្នាំ​ ព្រោះ​វា​អាច​ជំរុញ​ដល់​ការ​មក​រដូវ​ ឬ​រំញោច​ស្បូន​​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​ហានិភ័យ​ខ្ពស់​។

    ២. អ្នក​មាន​​ជំងឺ​ស្លេកស្លាំង​

    ​​​​​ជំងឺ​ស្លេកស្លាំង​គឺ​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ផលិត​គ្រាប់​ឈាម​​ក្រហម​គ្រប់គ្រាន់​ ឬ​រាងកាយ​បាត់បង់​​កោសិកា​ឈាម​ក្រហម​ច្រើន​ពេក​​។​ ការ​ញ៉ាំ​រមៀត​​ក្នុង​បរិមាណ​ច្រើន​​អាច​បញ្ចៀស​ការ​ស្រួប​យក​ជាតិ​ដែក​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។

    ៣. វិបត្តិ​ហូរ​ឈាម

    ​​ជាមួយ​គ្នា​នេះ​ដែរ​ សម្រាប់​អ្នក​ដែល​មាន​វិបត្តិ​ហូរ​ឈាម​គ្រប់​ប្រភេទ ​ដូចជា​អ្នក​ដែល​ពឹង​ផ្អែក​​លើ​ថ្នាំ​ធ្វើ​ឲ្យ​ឈាម​រាវ​ ឬ​អ្នក​ដែល​ហូរ​ឈាម​ច្រមុះ​ញឹកញាប់​ គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ញ៉ាំ​សារធាតុ​ពណ៌curcumin។​ ការ​ញ៉ាំ​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​​ឈាម​កក​ ដែល​បង្កើន​ហានិភ័យ​នៃ​​ស្នាម​ជាំ​ និង​ការ​ហូរ​ឈាម​កាន់​តែ​ច្រើន​ឡើង​។

    ៤. ជំងឺ​ទឹក​នោម​ផ្អែម​

    ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​របប​អាហារ​របស់​ខ្លួន​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​។​ ចំណែក​ឯ​សារធាតុ​ពណ៌curcumin​អាច​កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដ៏​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ ប្រសិន​បើ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​​​ទេ​​នោះ​។

    រមៀត

    ៥. ក្រួស​​តម្រង​នោម​

    ​ក្រួស​តម្រង​នោម​គឺ​ជា​គ្រីស្តាល់​ដែល​បង្កើត​ឡើង​ដោយ​​​សារធាតុ​រ៉ែ និង​អំបិល​។​ ​រមៀត​​មាន​សារជាតិ​ oxalate ខ្ពស់ ដែល​អាច​​​ភ្ជាប់​ជាមួយ​​កាល់ស្យូម​ និង​បណ្តាល​ឲ្យ​ក្រួស​តម្រង​នោម​កកើត​ឡើង​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​​ក្រួស​តម្រង​នោម​ស្រាប់​ ចូរ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ញ៉ាំ​រមៀត​។

    បរិមាណ​សម​ល្មម​ក្នុង​ការ​ញ៉ាំ​រមៀត​

    ​​​​​​បរិមាណ​នៃ​សារធាតុ​ពណ៌curcuminមាន​ភាព​ធម្មតា​ប៉ុណ្ណោះ ប្រសិនបើ​យើង​ប្រើប្រាស់​នៅ​ក្នុង​អាហារ​ដែល​បាន​ចម្អិន​ ​ នៅ​ពេល​ដែល​យើង​បន្ថែម​រមៀត​ចំនួន​២០០០​ទៅ​២៥០០​មិល្លីក្រាម​ទៅ​ក្នុង​​អាហារ​ វា​​ផ្ដល់​សារធាតុ​ពណ៌curcumin​ត្រឹម​តែ​៦០​ទៅ​១០០​មិល្លីក្រាម​ប៉ុណ្ណោះ​​។​ ​បរិមាណ​នេះ​ គឺ​មិន​​បង្ក​ជា​គ្រោះថ្នាក់​ណាមួយ​ឡើយ​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​យើង​ញ៉ាំ​អាហារ​បំប៉ន​ដែល​មាន​សារធាតុ​ពណ៌curcumin​ ​ចូរ​ពិគ្រោះយោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន ទើប​ជា​ការ​ប្រសើរ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម