backup og meta

ញ៉ាំ​​​​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ​ អាចប៉ះពាល់​សុខភាពរាងកាយ​ច្រើន​យ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24, 2022

    ញ៉ាំ​​​​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ​ អាចប៉ះពាល់​សុខភាពរាងកាយ​ច្រើន​យ៉ាង

    គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​​ជា​ប្រចាំ ពីព្រោះ​ថា​ភេសជ្ជៈ​​ប្រភេទ​នេះ​​មាន​ជាតិ​ស្ករ​ កាបូន និង​កាហ្វេ​អ៊ីន​ដែល​ជួយ​​​បង្កើន​ថាមពល ព្រម​​ទាំង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។ យ៉ាង​ណា​មិញ ភេសជ្ជៈ​កំប៉ុង​ ជា​ប្រភេទ​​កាឡូរី​ទទេដែល​មាន​​ជាតិ​ស្ករ​សិប្បនិម្មិត មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម ​អាច​ប៉ះពាល់​ដល់​សុខភាព​​ធ្ងន់ធ្ងរ​ ប្រសិនបើ​យើង​ញ៉ាំ​រាល់​ថ្ងៃ​។

    ១. ប្រឈម​ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង​

    យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​​លើ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ មាន​ទំនាក់ទំនង​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​បេះដូង​ដល់​ទៅ​១៦​%។ បន្ថែម​ពី​នេះ ក៏​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា​ នេះ​បើ​យោង​តាម​ការ​សិក្សា​​ឆ្នាំ​២០១២​របស់​​ទស្សនាវដ្ដី​Amercian Journal of Clinical Nutrition។​

    ២. ប៉ះពាល់​ដល់​ពោះវៀន​

    ពិត​ណាស់​ ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ​ជួយ​ជំរុញ​ការ​កើន​ឡើង​នៃ​បាក់តេរី​អាក្រក់ និង​ផ្សិត​​នៅ​ក្នុង​ពោះវៀន​។ ជាមួយ​គ្នា​នេះ​ដែរ ភេសជ្ជៈ​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ហ្គាស​ និង​ហើម​ពោះ ព្រម​ទាំង​បង្ក​ជា​បញ្ហា​រំលាយ​អាហារ​ផ្សេង​ទៀត​​ ដូចជា​ចាល់​អាស៊ីដ​​ជាដើម​។

    ៣. បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​

    ​​ភេសជ្ជៈ​កំប៉ុង​អាច​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅ​ពេល​ដែល​ជាតិ​ស្ករ​កើន​ឡើង​ អាំងស៊ុយលីន​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ចរន្ត​ឈាម​ និង​ចូល​ទៅ​ក្នុង​កោសិកា​ដើម្បី​បង្កើន​ថាមពល​ ឬ​រក្សា​ទុក។ បើ​យើង​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ​ ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​អាំងស៊ុយលីន​​កើន​ឡើង​ពេញ​មួយ​ថ្ងៃ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។

    ៤. ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ថ្លើម​

    ថ្លើម​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​បំប្លែង​ជាតិ​ស្ករ​ពី​ក្នុង​​ភេសជ្ជៈ​កំប៉ុង​។ ជាក់​ស្ដែង ជាតិ​ស្ករ​បន្ថែម​នៅ​ក្នុង​ភេសជ្ជៈ​កំប៉ុង​ អាច​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម ព្រម​ទាំង​អាច​បង្ក​ជា​​​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ដែល​មិន​មែន​បណ្ដាល​មក​ពី​ជាតិ​អាល់កុល​ ។

    គ្រឿងកំប៉ុង២

    ​​​​​៥. ធ្វើ​ឲ្យ​ឆ្អឹង​ និង​ធ្មេញ​ចុះ​ខ្សោយ​

    ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​​ភេសជ្ជៈ​កំប៉ុង​​រាល់​ថ្ងៃ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​​កាចា​ធ្មេញ​ផង​ដែរ​។ ការ​រួម​បញ្ចូល​នៃ​អាស៊ីដ​ និង​ជាតិ​ស្ករ​​ អាច​នាំ​ឲ្យ​កាចា​ធ្មេញ​យើង​ចុះ​ខ្សោយ​ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​​​ប្រហោង​ធ្មេញ។ ក្រៅ​ពី​នេះ ភេសជ្ជៈ​កំប៉ុង​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​របស់​យើង​ដូច​គ្នា​ ពីព្រោះ​​សារធាតុ​កាហ្វេអ៊ីន​ អាច​រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ ក៏​ដូចជា​នាំ​ឲ្យ​​បាក់​ឆ្អឹង។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម