ដឹងថាស្រលាញ់កូនហើយ ប៉ុន្តែក៏មិនគួរទម្រើសពេកដែល ពិសេសអារឿងញ៉ាំចំណីចំណុកនេះតែម្តង ប្រយ័ត្នត្រូវគេហៅកូនថា កាម៉ាប់ៗៗទៅ។ កូនយើងអាចមានវិប្បដិសារីពេលធំឡើង ព្រោះក្មេងៗឥឡូវ កើតជំងឺធាត់ច្រើនណាស់។ ណាមួយជំងឺនេះ ស្មុគស្មាញណាស់ ធ្វើឲ្យក្មេងឡើងទម្ងន់ទប់មិនឈ្នះតែម្តង។ “Hello គ្រូពេទ្យ’ នឹងលម្អិតរឿងជំងឺធាត់លើក្មេងៗឲ្យប៉ាម៉ាក់បានដឹង។
១- អ្វីជាជំងឺធាត់លើក្មេងៗ
អូនៗមានរូបរាងធាត់ទាំងពីក្មេង នឹងកើតជំងឺធាត់នៅពេលពេញវ័យ ហើយប្រឈមនឹងស្ថានភាពជំងឺធ្ងន់ធ្ងរជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងទៀតផង ធ្វើឲ្យអូនៗងាយរងគ្រោះបញ្ហាផ្លូវចិត្ត ដូចជាឲ្យតម្លៃទាបលើខ្លួនឯង មានភាពទុក្ខព្រួយ អារម្មណ៍តានតឹង។
២-មូលហេតុធ្វើឲ្យក្មេងកើតជំងឺធាត់
មានមូលហេតុច្រើន បណ្តាលឲ្យក្មេងៗកើតជំងឺធាត់ ដោយភាគច្រើនបណ្តាលមកពីហ្សែន របបអាហារគ្មានសុខភាពល្អ អសកម្មភាពលើរាងកាយជាដើម។ ករណីកម្រ ជំងឺធាត់លើក្មេង គឺបណ្តាលមកពីអ័រម៉ូន។ បើប៉ាម៉ាក់ រកឃើញថា កូនយើងមានហានិភ័យដែលបណ្តាលឲ្យមានជំងឺធាត់ ដូចជា បញ្ហាអ័រម៉ូននោះ គួរនាំអូនៗទៅធ្វើតេស្តឈាម និងពិនិត្យរាងកាយ។
ប្រវត្តិសមាជិកគ្រួសារ ឬប៉ាម៉ាក់ធ្លាប់មានជំងឺធាត់ ក៏អាចជាមូលហេតុមួយដែរ ប៉ុន្តែមិនមែនក្មេងគ្រប់គ្នា មានគ្រួសារកើតជំងឺធាត់ សុទ្ធតែកើតជំងឺនេះទេ។ គ្រាន់តែថា បើម៉ាក់ប៉ាអូនៗ ឬបងប្អូនមានធាត់ អូនៗប្រឈមនឹងហានិភ័យខ្ពស់រឿងលើសទម្ងន់។ ទោះជាយ៉ាងណា មូលហេតុចម្បងនៃជំងឺធាត់លើក្មេងៗ គឺទម្លាប់រស់នៅក្នុងគ្រួសារ ពិសេសគឺរបបអាហារ គ្មានសុខភាពតែម្តង។
ទម្ងន់ក្មេងៗ ពឹងផ្អែកទៅលើរបបអាហារ និងកម្រិតលំហាត់ប្រាណ ការបញ្ចេញសកម្មភាពប្រចាំថ្ងៃ។ បច្ចុប្បន្នក្មេងៗភាគច្រើន មិនបានចូលរួមបញ្ចេញសកម្មភាពរាងកាយទេ បែរជាចំណាយពេលតិចជាង ៤ម៉ោង មើលទូរទស្សន៍រាល់ថ្ងៃនេះមិនទាន់គិតលើចំនួនម៉ោងចំណាយលើកុំព្យូទ័រ និងវីដេអូហ្គេម ថេបប្លេត ឬស្មាតហ្វូនទេ ហើយកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។
អត្ថបទពាក់ព័ន្ធ៖
- បើកូនស្គមកំព្រឹង មិនឡើងគីឡូ សាកវិធីទាំងនេះ
- បណ្តោយឲ្យកូនញ៉ាំ ៣ មុខនេះ អាចកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន
៣- ផលវិបាកពីជំងឺធាត់លើក្មេងៗ
– កត្តាប្រឈមដល់សុខភាព៖ ជំងឺធាត់លើក្មេង អាចមានផលប៉ះពាល់មិនល្អដល់រាងកាយលើក្មេងបាន ខណៈបញ្ហាធ្ងន់ធ្ងរអាចកើតមានលើកូនយើង មានដូចជា៖
- មានកូលេស្តេរ៉ូល និងសម្ពាធឈាមខ្ពស់ ដែលជាមូលហេតុអាចបង្កឲ្យកើតជំងឺបេះដូង
- មានបញ្ហាផ្លូវដង្ហើម (គេងមិនដកដង្ហើម ជំងឺហឺត)
- បញ្ហាសន្លាក់
- មានបញ្ហាឆ្អឹង និងសាច់ដុំ
- កត្តាប្រឈមបញ្ហាអ័រម៉ូនអាំងស៊ុយលីន បណ្តាលឲ្យជំងឺទឹកនោមផ្អែមប្រភេទទី ២ និងប៉ះពាល់កម្រិតជាតិ ស្ករក្នុងខ្លួន
- ស្បែកមានបញ្ហា ដូចជាឡើង មុន កន្ទួល និងឆ្លងមេរោគផ្សិត
- មានបញ្ហាខ្លាញ់រុំថ្លើម
– បញ្ហាពាក់ព័ន្ធសុខភាពផ្លូវចិត្ត មានដូចជា៖
- ការថប់បារម្ភ
- បាក់ទឹកចិត្ត
- ការឲ្យតម្លៃទាបលើខ្លួនឯង
- បញ្ហាសង្គម ដូចជារងការមើលងាយ និងការគំរាមកំហែង
៤- កែប្រែទម្លាប់រស់នៅដើម្បីចៀសផុតពីជំងឺធាត់
– រៀបចំសកម្មភាពគ្រួសារដោយការធ្វើលំហាត់ប្រាណ ប៉ាម៉ាក់ត្រូវបង្ហាញពីភាពសប្បាយរីករាយ អំឡុងពេលហាត់ប្រាណ បែបនេះអូនៗ ស្ម័គ្រចិត្តធ្វើតាមដោយសប្បាយរីករាយដូចគ្នា។
– បង្ហាញប្រាប់កូន យើងនៅគាំទ្រពីក្រោយជានិច្ច។
– ព្យាយាមជួយខ្លួនឯង និងសមាជិកគ្រួសារ ឲ្យចៀសឆ្ងាយពីទម្លាប់រស់នៅបែបស្ងប់ស្ងាត់ ដូចជាលេងវីដេអូហ្គេម ឬមើលទូរទស្សន៍ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]