ស្ពៃក្ដោបតែងត្រូវគ្នាយើងមួយចំនួនមើលរំលងទោះបីជាមានសារធាតុចិញ្ចឹមច្រើនក៏ដោយ។ ស្ពៃក្ដោបមានពណ៌ជាច្រើនដូចជាពណ៌ស្វាយ ពណ៌ស និងពណ៌បៃតងជាដើម។ ដោយស្ពៃក្តោបសម្បូរដោយវីតាមីន និងជាតិរ៉ែច្រើន ស្ពៃក្ដោបមានប្រយោជន៍ច្រើនដល់សុខភាព។
១. គ្រប់គ្រងការរលាក
ការរលាកមិនមែនសុទ្ធតែអាក្រក់ទេ។ តាមពិតទៅរាងកាយរបស់យើងពឹងផ្អែកលើការឆ្លើយតបទៅនឹងការរលាកដើម្បីការពារការឆ្លងរោគ និងជួយដល់ការជាសះស្បើយឲ្យកាន់តែលឿន។ ការរលាកស្រាលគឺជារឿងធម្មតានៃការឆ្លើយតបទៅនឹងរបួស ឬការឆ្លងជំងឺអ្វីមួយ។ យ៉ាងណាមិញ ការរលាករ៉ាំរ៉ៃអាចបង្កជំងឺផ្សេងៗដូចជាជំងឺបេះដូង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកពោះវៀន។ ស្ពៃក្ដោបមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដែលអាចកាត់បន្ថយការរលាករ៉ាំរ៉ៃបាន។ ការសិក្សាមួយដែលមានអ្នកចូលរួមជាង១ ០០០នាក់បង្ហាញថាអ្នកដែលញ៉ាំស្ពៃក្ដោបក្នុងបរិមាណច្រើនបានបញ្ចុះកម្រិតការរលាកបានច្រើនបើធៀបនឹងអ្នកញ៉ាំស្ពៃក្ដោបតិចតួច។
២. សម្បូរដោយវីតាមីន C
វីតាមីន C ត្រូវបានស្គាល់ថាជាអាស៊ីដ ascorbic ដែលជាវីតាមីនរលាយក្នុងទឹក និងមានសារៈសំខាន់សម្រាប់រាងកាយ។ រាងកាយត្រូវការវីតាមីន C ដើម្បីផលិតខូឡាជេនដែលជាប្រូតេអ៊ីនច្រើនបំផុតក្នុងរាងកាយ។ ខូឡាជេនផ្តល់រចនាសម្ព័ន្ធ និងភាពបត់បែនដល់ស្បែក ហើយខូឡាជេនមានតួនាទីសំខាន់សម្រាប់ដំណើរការរបស់ឆ្អឹង សាច់ដុំ និងសរសៃឈាម។ បន្ថែមពីនេះទៀត វីតាមីន C ជួយរាងកាយស្រូបយកជាតិដែក non-heme ដែលមានក្នុងរុក្ខជាតិ។ វីតាមីន C ក៏ជួយការពាររាងកាយពីការខូចខាតបង្កដោយពពួករ៉ាឌីកាល់សេរីដែលអាចបណ្ដាលឲ្យមានជំងឺរ៉ាំរ៉ៃជាច្រើនដូចជាជំងឺមហារីកជាដើម។ ទោះបីជាមិនទាន់ការសិក្សាណាបញ្ជាក់ច្បាស់ពីឥទ្ធិពលវីតាមីន C ទៅលើជំងឺមហារីកដោយផ្ទាល់ក៏ដោយ ប៉ុន្តែគេច្បាស់ថាវីតាមីន C មានតួនាទីសំខាន់ក្នុងដំណើរការសំខាន់ៗរបស់រាងកាយ។
៣. ជួយដល់ការរំលាយអាហារ
ការញ៉ាំស្ពៃក្ដោបអាចជួយឲ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែល្អព្រោះស្ពៃក្ដោបសម្បូរដោយជាតិសរសៃមិនរលាយដែលជាកាបូអ៊ីដ្រាតមួយប្រភេទដែលមិនអាចបំបែកបានក្នុងពោះវៀន។ ជាតិសរសៃមិនរលាយនេះអាចជួយប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អដោយជួយដល់ការបន្ទោរបង់ឲ្យបានទៀងទាត់។ លើសពីនេះទៀត ស្ពៃក្ដោបក៏មានជាតិសរសៃរលាយដែលអាចបង្កើនបាក់តេរីល្អក្នុងពោះវៀន។ បាក់តេរីល្អទាំងនេះមានមុខងារការពារប្រព័ន្ធភាពស៊ាំ និងផលិតសារធាតុចិញ្ចឹមសំខាន់ដូចជាវីតាមីន K2 និងB12។
៤. សុខភាពបេះដូង
ស្ពៃក្ដោបពណ៌ក្រហមផ្ទុកសារធាតុ anthocyanin ដែលផ្តល់ជាតិពណ៌ដល់ស្ពៃក្ដោប។ ការសិក្សាមួយដែលមានអ្នកចូលរួម ៩៣ ៦០០នាក់បានរកឃើញថាអ្នកដែលញ៉ាំអាហារសម្បូរដោយសារធាតុ anthocyanin មានហានិភ័យទាបជំងឺគាំងបេះដូង។ ការបង្កើនការញ៉ាំអាហារដែលមានសារធាតុ anthocyanin បានបង្ហាញថាអាចកាត់បន្ថយសម្ពាធឈាម និងហានិភ័យជំងឺសរសៃឈាមបេះដូង។ ម៉្យាងទៀត ការរលាកគឺជាកត្តាមួយនៃការវិវត្តជំងឺបេះដូង ហើយសារធាតុ anthocyanin អាចប្រឆាំងនឹងការរលាកបាន។
៥. បញ្ចុះសម្ពាធឈាម
លើសសម្ពាធឈាមគឺជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ គ្រូពេទ្យតែងណែនាំឲ្យអ្នកជំងឺលើសសម្ពាធឈាមបន្ថយការញ៉ាំអំបិល។ ប៉ុន្តែការសិក្សាថ្មីៗនេះបង្ហាញថាការបង្កើនការញ៉ាំអាហារមានជាតិប៉ូតាស្យូមក៏សំខាន់ក្នុងការបញ្ចុះសម្ពាធឈាមដែរ។ ប៉ូតាស្យូមគឺជាជាតិរ៉ែ និងអេឡិចត្រូលីតសំខាន់ដែលរាងកាយត្រូវការដើម្បីដំណើរការ។ មុខងារសំខាន់របស់ប៉ូតាស្យូមគឺជួយរក្សាលំនឹងសម្ពាធឈាមដោយប្រឆាំងនឹងផលប៉ះពាល់របស់សូដ្យូមក្នុងរាងកាយ។ ប៉ូតាស្យូមជួយបញ្ចេញសូដ្យូមដែលលើសចេញពីរាងកាយតាមរយៈទឹកនោម និងសម្រួលសរសៃឈាមដែលអាចបញ្ចុះសម្ពាធឈាមបាន។ ប៉ូតាស្យូម និងសូដ្យូមសុទ្ធតែសំខាន់សម្រាប់សុខភាព ប៉ុន្តែរបបអាហារបច្ចុប្បន្នច្រើនតែមានសូដ្យូមច្រើនជាងប៉ូតាស្យូម។ យ៉ាងណាមិញ ស្ពៃក្ដោបគឺជាប្រភពដ៏ល្អសម្រាប់ប៉ូតាស្យូម។
៦. បញ្ចុះកូលេស្តេរ៉ូល
ស្ពៃក្ដោបមានសារធាតុ២ដែលបន្ថយកម្រិតខ្លាញ់អាក្រក់ (LDL)៖
- ជាតិសរសៃរលាយអាចជួយបញ្ចុះកម្រិតខ្លាញ់អាក្រក់ដោយភ្ជាប់ជាមួយនឹងកូលេស្តេរ៉ូលក្នុងពោះវៀន និងរក្សាជាតិខ្លាញ់ទាំងនោះមិនឲ្យជ្រាបចូលទៅក្នុងឈាម។
- សារធាតុ phytosterol មានក្នុងស្ពៃក្ដោបអាចកាត់បន្ថយកម្រិតខ្លាញ់អាក្រក់ LDL ដោយរារាំងការស្រូបយកជាតិខ្លាញ់នៅក្នុងក្រពះពោះវៀន។
៧. សម្បូរដោយវីតាមីន K
វីតាមីន K មានតួនាទីសំខាន់ក្នុងរាងកាយដោយដើរតួជាជំនួយដល់អង់ស៊ីមដែលទទួលខុសត្រូវក្នុងការបង្កកឈាម។ បើគ្មានវីតាមីន K ឈាមអាចនឹងបាត់បង់សមត្ថភាពក្នុងការកកដែលអាចបង្កើនហានិភ័យនៃការហូរឈាមច្រើន។
អត្ថបទពាក់ព័ន្ធ៖
- ក្រៅពីក្រូច បន្លែ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
- ញ៉ាំផ្លែឈើទាំងនេះល្អចំពោះសុខភាព និងមានជាតិស្ករតិច
- អ្នកមានកូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទសាច់ទាំងនេះ
- រោគសញ្ញាទាំងនេះបង្ហាញថាយើងញ៉ាំអាហារមានជាតិប្រៃច្រើនពេកហើយ
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmr]