backup og meta

សរសៃ Fiber ជាអ្វី? មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ?

សរសៃ Fiber ជាអ្វី? មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ?

សរសៃ​ហ្វាយប៊័ (Fiber) គឺ​ជា​សារធាតុ​ដែល​យើង​តែង​តែ​ឮ​ជា​ប្រចាំ និង​មាន​សារៈ​ប្រយោជន៍​លើស​លប់​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង។ សរសៃ Fiber គឺ​ជា​ក្រុម​ប៉ូលីសាការ៉ាយ (polysaccharides) ដែល​មិន​ងាយ​នឹង​បំបែក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន។ សរសៃ Fiber ជា​ច្រើន ត្រូវ​បាន​​រាងកាយ​​យើង​យក​មក​ប្រើ​ក្រោយ​ពេល​មាន​​បាក់​តេរី​ច្រើន​ទៅ​ធ្វើ​សកម្មភាព​ក្នុង​ពោះ​វៀន​ធំ។ តាម​ពិត​ទៅ​សរសៃ​ Fiber គឺ​ជា​ប្រភេទ​សារធាតុ​ចិញ្ចឹម​ពិសេស​ម្យ៉ាង ហើយ​​ក៏​ជា​ប្រភេទ​សារធាតុ​គីមីដែល​មាន​តួនាទី​សំខាន់​ក្នុង​ខ្លួន​របស់​យើង។​

១- តើអ្វីជាសរសៃ Fiber?

សរសៃ​ Fiber គឺ​ជា​ចង្កោម​ ឬ​បណ្ដុំ​សរសៃ​ដែល​មាន​ក្នុងរុក្ខជាតិ ហើយ​រាងកាយ​​របស់​យើង​មិន​អាច​រំលាយ ឬ​បឺត​ស្រូប​វា​បាន​ឡើយ។ ដោយ​សារ​តែ​វា​មិន​អាច​រលាយ​បាន ដូច​នេះ​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​អស់ ទាំង​ពោះ​វៀន​តូច ពោះ​វៀន​ធំ និង​ចេញ​មក​ក្រៅ​ខ្លួន​របស់​យើង​វិញ។

យើង​អាច​រក​ប្រភេទ​សរសៃ​ Fiber​ បាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ ហើយ​យើង​បាន​ដឹង​ហើយ​ថា​វា​ក៏​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ​ទៀត​នោះ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ​Fiber​ ជួយ​ដល់​សុខ​ភាព​របស់​យើង​បាន​ជា​ច្រើន​ទៀត មាន​ដូច​ជា ជួយ​រក្សា​ទម្ងន់​ដង​ខ្លួន កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម និង​បេះ​ដូង។

២- តើសរសៃ Fiber​ មានប៉ុន្មានប្រភេទ?

ជា​ធម្មតា​គេ​ចែកFiber ​ចេញ​ជា​ពីរ​ក្រុម​ គឺ​ក្រុម​អាច​រលាយ និង​មិន​អាច​រលាយ។

ជាតិ​សរសៃ Fiber រលាយ

ជាតិ​សរសៃ​ប្រភេទ​នេះ​គឺ​អាច​រលាយ​ក្នុង​ទឹក​បាន និង​មាន​​​សភាព​ដូច​ជា​ចាហ៊ួយ។ ជាតិសរសៃអាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​រលាយ​ ភាគ​ច្រើន​ឃើញ​មាន​នៅ​ក្នុង​សណ្ដែក​ផៀ (Pea) សណ្ដែក ផ្លែ​ប៉ោម ការ៉ុត ​​គ្រាប់​អូត (oats) ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ (Citrus fruit) និង​ផ្លែ​ឈើ​មួយ​ចំនួន​ផ្សេង​ទៀត។

ជាតិ​សរសៃ (Fiber)មិនរលាយ

វា​ខុស​គ្នា​ពី​ប្រភេទ​ជាតិ​សរសៃ​ខាង​លើ។ ជាតិសរសៃ​មិន​រលាយ​​ជួយ​សម្រួល​ចលនា​របស់​ប្រព័ន្ធ​រំលាយ​អាហារ និង​សម្រួល​ដល់​ការ​បន្ទោរ​បង់។ ជាតិ​សរសៃ​មិន​រលាយ​ច្រើន​មាន​ក្នុង​ គ្រាប់​រុក្ខ​ជាតិ ផ្កា​ខាត់​ណា សណ្ដែក ដំឡូង ស្រូវ​សាឡី និង​បន្លែ​ជា​ច្រើនទៀត។ដើម្បី​ទទួល​បាន​សុខភាព​ល្អ យើង​​គួរ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ Fiber​ ខ្ពស់។

អត្ថបទពាក់ព័ន្ធ៖

៣- តើសរសៃ Fiber​ ជួយអ្នកអ្វីខ្លះ?

ជួយសម្រួលដល់ការបន្ទោបង់

អាហារ​ជាតិ​សរសៃ Fiber ធ្វើ​ឲ្យ​លាមក​របស់យើង​​មាន​ទំហំ​ធំ និង​​​ទន់។ ដុំ​លាមក​ទន់​ងាយ​ស្រួល​ជុះ​ចេញ​មក​ក្រៅ ដូច​នេះ​យើងនឹង​មិន​សូវ​មាន​បញ្ហា​ទល់​លាមក​ឡើយ។ ក្នុង​ករណី​ដែលយើងរាករូស ជាតិ​សរសៃ Fiber នឹង​ជួយ​ធ្វើ​ឲ្យ​លាមក​ទៅ​ជា​រឹង​ ដោយ​វា​នឹង​ទៅ​បឺត​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​លាមក​ប្រែ​ទៅ​ជា​ដុំ​ៗ​វិញ។

ជួយដល់សុខភាពពោះវៀន

ពេល​យើង​​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ Fiber ច្រើន យើង​នឹង​មិន​ងាយ​កើត​ជំងឺ​ឬស​ដូង​បាត​ និងអាច​​ការពារ​មិន​ឲ្យ​មាន​ប្រហោង​​តាម​ពោះ​វៀន​ធំទៀតផង។

គ្រប់គ្រងកូលេស្តេរ៉ូល

ជាតិ​សរសៃ Fiber ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់ ​LDL ដែល​ជា​ខ្លាញ់​អាក្រក់​ចេញ​ពី​ក្នុង​សរសៃ​ឈាម ​នឹង​ជួយ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​សរុប​ក្នុង​ឈាម​ថយ​ចុះ​ដែរ។ សរសៃ​ Fiber ដែល​អាច​រលាយ​បាន ក៏​ជួយ​ដល់​សុខភាព​របស់​បេះ​ដូង​បាន​ដែរ។ ជាតិ​សរសៃ​នេះ​ក៏​ទៅ​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ការ​រលាកដែរ​។

កាត់​បន្ថយជាតិ​ស្ករ​ក្នុង​ឈាម

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ទទួល​ទាន​សរសៃ​ Fiber ឲ្យ​បាន​ច្រើន ជា​ពិសេស​ប្រភេទ​សរសៃ​ Fiber ដែល​អាច​រលាយ។ Fiber ​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ប្រសិន​បើ​យើង​​មាន​របប​អាហារ​ល្អ​ត្រឹម​ត្រូវ ដែល​មាន​ជាតិ​សរសៃ​ Fiber មិនអាច​រលាយ​បាន​ក្នុង​នោះ យើង​​នឹង​មិន​ងាយ​ប្រឈម​ជាមួយ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​ទេ។

ជួយរក្សាទម្ងន់ដងខ្លួន

ការ​ទទួល​ទាន​ជាតិ​សរសៃ ​Fiber គឺ​បាន​ន័យ​ថា យើង​​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ញ៉ាំ​អាហារ និងធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ជាង​អាហារ​ប្រភេទ​ផ្សេង។ ដូច​នេះ​ជាតិសរសៃនឹង​កាត់​បន្ថយ​ចំនួន​កាឡូរី​ដែល​យើង​​ញ៉ាំ​ប្រចាំ​ថ្ងៃ​ ហើយ​វា​ក៏​ជួយ​ការ​ពារយើង​ពី​​ការ​​កើត​ជំងឺ​មហារីក​ពោះ​វៀន​ធំ​បាន​ថែម​ទៀត​ផង។

មនុស្ស​ជា​ច្រើន មិន​សូវ​ចូល​ចិត្ដ​ញ៉ាំ​អាហារ​សរសៃ​ Fiber ទេ។ ដូច​នេះ​ក្រោយ​បាន​អាន​អត្ថបទ​មួយ​នេះរួច​ សង្ឃឹម​ថា​ទាំង​អស់​គ្នា​ បែរ​​មក​ទទួល​ទាន​អាហារ​មាន​ជាតិ​សរសៃ Fiber ឲ្យ​បាន​ច្រើន​ជាង​មុន។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The health benefits of fiber. http://articles.mercola.com/sites/articles/archive/2013/11/25/9-fiber-health-benefits.aspx Accessed on March 21, 2017

Dietary fiber: Essential for a healthy diet. http://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/fiber/art-20043983. Accessed on March 21, 2017

What is fiber, how is it digested, and why is it important for health? http://whfoods.org/genpage.php?tname=dailytip&dbid=281. Accessed on March 21, 2017

កំណែ​ប្រែបច្ចុប្បន្ន

10/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារប៉ុន្មានប្រភេទនេះមានជាតិស្ករខ្ពស់ យកល្អកុំញ៉ាំច្រើនពេក

ទាំងនេះ ជាវិធីរៀបចំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម