ជាតិរ៉ែគឺជាសារធាតុមានក្នុងអាហារ និងមានសារៈសំខាន់សម្រាប់សុខភាពណាស់ ហើយជាតិរ៉ែបែងចែកជាពីរក្រុមទៅតាមតម្រូវការរបស់រាងកាយ។ ជាតិរ៉ែដែលរាងកាយត្រូវការច្រើនមានកាល់ស្យូម ប៉ូតាស្យូម សូដ្យូម ផូស្វ័រ និងម៉ាញេស្យូម។ ចំណែកជាតិរ៉ែដែលរាងកាយត្រូវការតិចប៉ុន្តែសំខាន់ដូចគ្នាមានដូចជាជាតិដែក ស្ពាន់ ស័ង្កសី អ៊ីយ៉ូត ម៉ង់កាណែស(Manganese) និងសេលេន្យូម(Selenium)។ ជាតិរ៉ែទាំងនេះសម្បូរនៅក្នុងអាហារប៉ុន្មានប្រភេទខាងក្រោមនេះ។
១. គ្រាប់ផ្លែឈើ (Nuts)
ពពួកគ្រាប់ផ្លែឈើសម្បូរដោយពពួករ៉ែច្រើនប្រភេទដូចជាម៉ាញេស្យូម ស័ង្កសី ស្ពាន់ សេលេន្យូម(Selenium) ផូស្វ័រ និងម៉ង់កាណែស(Manganese)។ គ្រាប់ផ្លែឈើនេះរួមមានគ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី គ្រាប់ walnut ជាដើម។
២. ពពួកសាច់សត្វមានសំបក
ពពួកសាច់សត្វមានសំបកដូចជាអយស្ទើរ លៀស សុទ្ធតែសម្បូរដោយស័ង្កសី ស្ពាន់ ជាតិដែក និងសេលេន្យូម(Selenium)។ ស័ង្កសីសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ ការធ្វើមេតាបូលីស និងការជួយឲ្យជាសះស្បើយនៃរបួសផ្សេងៗ។
៣. គ្រឿងក្នុងសត្វ
ទោះបីគ្រឿងក្នុងសត្វមិនសម្បូរប្រូតេអ៊ីនដូចពពួកសាច់ ប៉ុន្តែគ្រឿងក្នុងសត្វសម្បូរដោយជាតិរ៉ែ។ ថ្លើមគោ៨៥ក្រាមផ្តល់ សេលេន្យូម(Selenium) ៥៥% ស័ង្កសី ៤១% ជាតិដែក ៣១% និងផូស្វ័រ ៣៣% នៃកម្រិតត្រូវការប្រចាំថ្ងៃ។ ក្រៅពីជាតិរ៉ែ គ្រឿងក្នុងសត្វមានវីតាមីន B12 វីតាមីន A និងFolate។
៤. ត្រីសាឌីន
ត្រីសាឌីនមានផ្ទុកវីតាមីន និងជាតិរ៉ែច្រើនដែលរាងកាយត្រូវការ។ ជាតិរ៉ែក្នុងត្រីសាឌីនមានកាល់ស្យូម ជាតិដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម និងសេលេន្យូម(Selenium)។
៥. ស៊ុត
ស៊ុតសម្បូរដោយសារធាតុចិញ្ចឹម និងជាតិរ៉ែសំខាន់ៗដូចជាជាតិដែក ផូស្វ័រ ស័ង្កសី និងសេលេន្យូម(Selenium)។ ដើម្បីទទួលបានគ្រប់វីតាមីន ជាតិរ៉ែក្នុងស៊ុត យើងគួរញ៉ាំទាំងស៊ុតលឿង និងស។
៦. ពពួកសណ្ដែក
ពពួកសណ្ដែកផ្ទុកជាតិសរសៃ ប្រូតេអ៊ីន និងជាតិរ៉ែច្រើន។ ជាតិរ៉ែក្នុងសណ្ដែកមានដូចជាកាល់ស្យូម ម៉ាញេស្យូម ជាតិដែក ផូស្វ័រ ប៉ូតាស្យូម ម៉ង់កាណែស(Manganese) ជាតិស្ពាន់ និងស័ង្កសី។
៧. ផ្លែបឺរ
ផ្លែបឺរសម្បូរដោយជាតិខ្លាញ់ល្អ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ។ ជាតិរ៉ែក្នុងផ្លែបឺរមានម៉ាញេស្យូម ប៉ូតាស្យូម ម៉ង់កាណែស(Manganese) និងជាតិស្ពាន់។ ប៉ូតាស្យូមគឺជារ៉ែសំខាន់សម្រាប់រក្សាលំនឹងសម្ពាធឈាម និងសុខភាពបេះដូង។
៨. ពពួកផ្លែឈើត្រូពិច
ពពួកផ្លែឈើត្រូពិចដូចជាផ្លែចេក ផ្លែស្វាយ ផ្លែម្នាស់ ផ្លែត្របែក និងផ្លែខ្នុរ គឺសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន និងជាតិរ៉ែ។ ជាតិរ៉ែទាំងនោះរួមមានប៉ូតាស្យូម ម៉ង់កាណែស(Manganese) ស្ពាន់ និងម៉ាញេស្យូម។
[embed-health-tool-bmr]