ការសិក្សាថ្មីមួយបានណែនាំថា ការទទួលទានបន្លែដូចជា ផ្កាខាត់ណាខៀវ និងស្ពៃក្ដោប អាចការពារយើងពីជំងឺសរសៃឈាមធ្ងន់ធ្ងរបាន។
ភាគច្រើនមិនថាក្មេងៗចាស់ទេ រឿងបន្លែនេះមួយ គឺមិនសូវចូលចិត្ដនោះទេ ប៉ុន្តែបើយើងគិតដល់សារៈប្រយោជន៍របស់វាគឺអាចជួយការពារយើងពីជំងឺសរសៃឈាម ហើយយើងគួរតែព្យាយាមញ៉ាំបន្លែនេះឲ្យបានច្រើន។
អត្ថបទសា្រវជ្រាវមួយបោះពុម្ភផ្សាយក្នុង British Journal of Nutrition បានរកឃើញថា មនុស្សស្រីមានវ័យចំណាស់ ដែលញ៉ាំបន្លែក្ដោបៗបានច្រើន ដូចជាផ្កាខាត់ណាខៀវ និងស្ពៃក្ដោប គឺមិនងាយកើតជំងឺសរសៃឈាម ដូចអ្នកមិនសូវទទួលទានបន្លែបែបនេះទេ។
ការសិក្សាមួយទៀតបានរកឃើញថា អ្នកដែលទទួលទានបន្លែក្ដោបច្រើន គឺមិនមានជាតិកាល់ស្យូមកកនៅតាមសរសៃឈាមអាអកនោះទេ។ កំណកកាល់ស្យូមនោះ គឺជាសញ្ញាបញ្ជាក់អំពីជំងឺសរសៃឈាមបាន។
តើអ្វីជាជំងឺសរសៃឈាម?
ជំងឺសរសៃឈាម គឺជាជំងឺកើតលើសរសៃឈាមវ៉ែន និងសរសៃឈាមអាកទែ។ ពេលយើងកើតជំងឺនេះ នឹងធ្វើឲ្យចលនាឈាមរត់ក្នុងខ្លួនយើងមិនបានគ្រប់គ្រាន់។ ពេលខ្លះវាអាចកើតឡើងដោយសារតែ មានជាតិខ្លាញ់ច្រើន មានជាតិកាល់ស្យូមច្រើន នៅក្នុងជញ្ជាំងខាងក្នុងរបស់សរសៃឈាម ដូចជាសរសៃឈាមអាអកជាដើម។ បញ្ហានេះ អាចនឹងបណ្ដាលឲ្យយើងមានជំងឺគាំងបេះដូង ឬស្ទះសរសៃឈាមក្នុងខួរក្បាលជាដើម។
ខាងក្រោមនេះ គឺជាការរកឃើញរបស់អ្នកស្រាវជ្រាវ អំពីទំនាក់ទំនងរវាងបន្លែក្ដោប និងជំងឺសរសៃឈាម
លោកស្រីវេជ្ជបណ្ឌិត Lauren Blekkenhorst ដែលជាអ្នកដឹកនាំការស្រាវជ្រាវមួយនេះ បានលើកឡើងថា ក្នុងការសិក្សាលើកមុនលោកស្រីបានរកឃើញថា អ្នកដែលទទួលទានបន្លែដូចជាខាត់ណាខៀវ និងស្ពៃក្ដោប នឹងកាត់បន្ថយអត្រាប្រឈមជាមួយជំងឺសរសៃឈាមបេះដូង ដូចជាជំងឺគាំងបេះដូង ឬស្ទះសរសៃឈាមក្នុងខួរក្បាលជាដើម តែពេលនោះលោកស្រីពុំបានដឹងអំពីមូលហេតុរបស់វាឡើយ។ យ៉ាងណា ក្នុងការសិក្សាថ្មីនេះ លោកស្រីបានបកស្រាយចម្ងល់នេះហើយ។
លោកស្រីបានរកឃើញថា មនុស្សស្រីវ័យចំណាស់ ដែលទទួលទានបន្លែក្ដោបជារៀងរាល់ថ្ងៃ គឺមិនសូវមានកំណកកាល់ស្យូមនៅក្នុងសរសៃឈាមអាអករបស់គាត់ឡើយ ដោយថាសារធាតុសំខាន់មួយ ក្នុងបន្លែក្ដោប នោះគឺ វីតាមីន K ដែលវីតាមីននេះ វាចូលរួមជួយកុំឲ្យជាតិកាល់ស្យូមទៅតោងក្នុងសរសៃឈាមបាន។
លោកស្រីវេជ្ជបណ្ឌិត Blekkenhorst ក៏បានលើកឡើងដែរថា ក្នុងការសិក្សាមួយនេះ មនុស្សស្រីដែលទទួលទានបន្លែក្ដោប ៤៥ក្រាមក្នុងមួយថ្ងៃ នឹងមិនងាយមានបញ្ហាលើសជាតិកាល់ស្យូមក្នុងសរសៃឈាមបានរហូតដល់ ៤៦ភាគរយ បើប្រៀបជាមួយអ្នកដែលមិនទទួលទានបន្លែក្ដោបជាប្រចាំ។
លោកស្រីក៏បានបន្ថែមទៀតដែរថា ការរកឃើញនេះ គឺមិនមែនមានន័យថា យើងគ្រប់គ្នាត្រូវតែញ៉ាំបន្លែតែប៉ុន្មានមុខនេះ នោះទេ គឺយើងត្រូវញ៉ាំបន្លែគ្រប់ប្រភេទ ដើម្បីទ្រទ្រង់សុខភាពរបស់យើងទាំងអស់គ្នា។
លោក Beth Meertens ជាអ្នកគ្រប់គ្រងនៅ Heart Foundation Manager, Food and Nutrition បានលើកឡើងថា ការសិក្សាមួយនេះ ជួយឲ្យយើងបានដឹងអំពីគុណសម្បតិ្ដរបស់បន្លែប្រភេទនេះទាក់ទងជាមួយនឹងជំងឺសរសៃឈាមបេះដូង ដែលជំងឺបេះដូងគឺជាជំងឺបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនក្នុងប្រទេស អូស្ត្រាលី។ ការទទួលទានអាហារមិនត្រឹមត្រូវ គឺមានទាក់ទងជាមួយការកើតជំងឺបេះដូងនេះ រហូតដល់ ៦៥,៥ភាគរយឯណោះ។
[embed-health-tool-bmr]