backup og meta

ខ្វះជាតិស័ង្កសី អាច​ចេញ​រោគ​សញ្ញាទាំង ៨នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 19, 2022

    ខ្វះជាតិស័ង្កសី អាច​ចេញ​រោគ​សញ្ញាទាំង ៨នេះ

    ស័ង្កសី គឺជាសារធាតុរ៉ែដែលមាននាទីជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ ជួយភ្នែក និងជួយបង្កើតប្រូតេអ៊ីនសម្រាប់​​សុខភាពឆ្អឹង សាច់ដុំ ជាលិកា និងឈាម។ តើ​មានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយយើងខ្វះជាតិជាតិ​ស័ង្កសី? អាហារអ្វីខ្លះសម្បូរជាតិជាតិស័ង្កសី? បើ​សិន​ជា​រាង​កាយ​យើង​ខ្វះ​ជាតិ​ស័ង្កសី នោះ​អាច​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​​។​

    ១. មិនឃ្លានអាហារ

    កង្វះស័ង្កសីអាចបណ្តាលឱ្យយើងមិនឃ្លានអាហារ ដោយសារស័ង្កសី​គឺជាអង់ស៊ីម​ដែល​គ្រប់គ្រងឃានវិញ្ញាណ និងជីវហាវិញ្ញាណរប​ស់យើង ធ្វើឱ្យយើង​ហិតមិន​ដឹង​ក្លិន ញុំាមិនដឹងឆ្ងាញ់ ឬសាបមាត់ជាដើម។

    ២. ពិបាកផ្ចង់អារម្មណ៍

    តាមការសិក្សានៅសកលវិទ្យាល័យ Toronto បានឱ្យដឹងថា សារធាតុស័ង្កសី​មាន​តួនាទី​​សំខាន់ក្នុងការគ្រប់គ្រងណឺរ៉ូន (កោសិកាប្រសាទ)។ កង្វះស័ង្កសីអាចបណ្តាល​ឱ្យ​យើង​ពិបាកផ្ចង់អារម្មណ៍ និងភ្លេចភ្លាំង។

    ៣. ក្រជារបួស

    ប្រសិនបើយើងមានរបួស ហើយក្រជាសះស្បើយក៏អាចជាសញ្ញាកង្វះស័ង្កសីដែរ ព្រោះ​ស័ង្កសីជួយឱ្យឈាមឆាប់កក និងជួយដល់ដំណើរការ​ជាលិកាស្បែក​ក្នុងការ​ជួសជុល​ខ្លួនឯង។

    ៤. ឈឺញឹកញាប់ ឬផ្តាសាយយូរ

    ប្រព័ន្ធភាពស៊ាំរបស់យើងត្រូវការស័ង្កសីដើម្បីដំណើរការ។ ស័ង្កសីជួយកោសិ​កា​ T-Cell ក្នុង​ការសម្លាប់បាក់តេរី វីរុស និងកោសិកាមហារីក។ ប្រសិនបើយើងខ្វះស័ង្កសី រាងកាយ​យើង​នឹងចុះខ្សោយ ហើយងាយនឹង​ឈឺណាស់។

    ផ្តាសាយ

    ស័ង្កសីមាននាទីធ្វើឱ្យអ័រម៉ូនយើងមានតុល្យភាព ដែលមានន័យថា បើរាងកាយ​យើង​ខ្វះ​ស័ង្កសី ក្រពេញទីរ៉ូអ៊ីតបញ្ចេញ​អ័រម៉ូនមិនគ្រប់គ្រាន់​ដែល​ជា​ហេតុ​ធ្វើឱ្យ​យើង​ជ្រុះសក់។

    ៦. កើតមុន

    ស័ង្កសីជាសារធាតុធម្មជាតិដែលអាចជួយកាត់បន្ថយការផលិត​ជាតិខ្លាញ់​របស់កោសិកាស្បែក។ នៅពេលរាងកាយយើងខ្វះស័ង្កសី ស្បែករបស់យើងនឹងផលិត​ជាតិ​ខ្លាញ់​ច្រើនដែលធ្វើឱ្យរន្ធញើសយើងស្ទះ និងឡើងមុន

    ៧. មើលមិនច្បាស់

    កង្វះស័ង្កសីធ្វើឱ្យយើងមើលមិនច្បាស់ ដោយសារស័ង្កសីជាសារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែលការពារភ្នែកពីការចុះខ្សោយដោយសារមានអាយុច្រើន។ មិនតែ​ប៉ុណ្ណោះ ស័ង្កសីជួយឱ្យថ្លើមសំយោគវីតាមីន A ដែលជាសារធាតុល្អ​ចំពោះ​សុខភាព​ភ្នែក។

    ៨. ឆាប់ប្រែប្រួលអារម្មណ៍

    កង្វះស័ង្កសីអាចធ្វើឱ្យអារម្មណ៍យើងឆាប់ប្រែប្រួលដូចជា ឆាប់ខឹង ឆាប់រំជួលចិត្ត ធ្លាក់​ទឹកចិត្ត ឬខ្វះជំនឿចិត្តជាដើម ដោយសារស័ង្កសីអាចធ្វើឱ្យអារម្មណ៍យើងស្ងប់។

    ស័ង្កសីសម្បូរនៅក្នុងអាហារដូចជា អយស្ទ័រ សាច់គោ សាច់មាន់ បង្កង ក្តាម ខ្យង គ្រាប់​ផ្លែឈើដូចជា គ្រាប់ស្វាយចន្ទី អាល់ម៉ុនជាដើម។ ទឹកដោះគោ ឈីស និងទឹកដោះគោជូរ សណ្តែកហោឡាំងតៅ ស្រូវសាលីអូត បន្លែ​ស្លឹក​បៃតង គ្រាប់ល្ពៅ ល្ង ដំឡូង និងសូកូឡា​ខ្មៅ ជាដើម ក៏​សម្បូរ​ស័ង្កសី​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម