backup og meta

ក្មេងៗ​មាន​សញ្ញា​ទាំង​នេះ បញ្ជាក់​ថាខ្វះសារជាតិចិញ្ចឹមហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 17, 2023

    ក្មេងៗ​មាន​សញ្ញា​ទាំង​នេះ បញ្ជាក់​ថាខ្វះសារជាតិចិញ្ចឹមហើយ

    ប៉ាម៉ាក់ទាំង​អស់​ត្រូវ​ដឹង​ផង វីតាមីន ជា​អាហារូបត្ថម្ភ​ចាំបាច់​សម្រាប់​សុខភាព​ និងធ្វើ​ឲ្យ​ជាលិកា​ ប្រព័ន្ធ​មុខ​ងារ រួម​ទាំង​​​ដំណើរ​ការក្នុង​រាង​កាយ​ មានភាព​​ប្រក្រតី។ យើង​អាច​នឹង​គិត​ថា បញ្ហា​កង្វះ​ជីវជាតិ​បំប៉ន កើត​ឡើង​ចំពោះ​តែ​គ្មាន​យើង ឬ​ក្មេងៗ​ពុំ​ទទួល​បាន​អាហារ​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់​ប៉ុណ្ណោះ ប៉ុន្តែ​​ជាក់​ស្តែង​ ខ្លួន​យើង ក៏​ដូច​ជាកូនៗ បើ​ទោះ​ជា​មាន​របប​អាហារ​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់ ក៏នៅ​តែ​ប្រឈម​កង្វះ​ជីវជាតិ​ចិញ្ចឹម បើ​អាហារ​ទាំង​នោះ​ គ្មាន​តុល្យ​ភាព​នឹង​រាង​កាយ​ទេនោះ។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ពី​សញ្ញា​ខ្លះៗ បញ្ជាក់​ថាក្មេងៗ​កំពុង​មាន​បញ្ហា​ខ្វះ​ជីវជាតិ។

    ជាតិ​ដែក​ជួយ​ឲ្យ​រាង​កាយយើង ផលិត​ឈាម​ក្រហម​ នៅ​ពេលកម្រិត​ជាតិ​ដែក​ទាប ឈាម​ក្រហម​មិន​អាច​ចាប់​យក​អុកស៊ីហ្សែនគ្រប់​គ្រាន់ ​ដើម្បី​ចែក​ចាយ​ពេញ​រាង​កាយ​ទេ។ ជា​លទ្ធផល​ នឹង​ធ្វើ​ឲ្យ​ក្មេងៗ មាន​សភាព​​ស្លេក​ស្លាំង ​អស់​កម្លាំងជាដើម។ យើង​​អាច​នឹងសម្គាល់​ស្បែក​ក្មេង​ប្រែ​ជា​​​ស្លេក សក់​​ស្ងួត ហើយ​ស្ដើង។ ដើម្បី​បង្កើន​កម្រិត​ជាតិ​ដែក ​ត្រូវ​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ​ដូច​ជា សាច់​គោ អយស្ទ័រ សណ្ដែក និង​ស្ពៃ​ពួយ​ឡេង។

    ២- វីតាមីន D

    វីតាមីន D ជួយ​ឲ្យ​ឆ្អឹងក្មេង ស្រូប​យក​ជាតិ​កាល់ស្យូម​ចំបាច់​សម្រាប់​ការ​លូត​លាស់ ហើយ​វិតាមីន D ត្រូវ​គេ​បែង​ចែក​ ២ ​ទម្រង់៖

    – វីតាមីន D2 ​អាច​រក​បាន​ក្នុង​ខ្លាញ់​ត្រី ផ្នែក​លឿងក្នុង​ស៊ុត ថ្លើមសត្វ និង​ទឹក​ដោះ។

    – វីតាមីន D3 ត្រូវ​បាន​ផលិត​ដោយ​រាង​កាយ​ខ្លួន​ឯង​ផ្ទាល់ នៅ​ពេល​​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ។

    រោគ​សញ្ញា​ខ្វះ​វីតាមីន D រួម​មាន​ បាក់​ឆ្អឹង និង​ឆ្អឹង​ទន់ ហើយ​កង្វះ​វីតាមីន D អាច​កើន​ហានិភ័យ​នៃ Macular Degeneration (បញ្ហា​ស្រវាំង​ភ្នែក​ ឬ​មើល​មិន​ឃើញ​ នៅ​ផ្នែក​កណ្ដាល​គំហើញនៃ​ភ្នែក) មហារីក ក៏​ដូច​ជា​មហារីក​ក្រពេញ​ប្រូស្តាត ទឹក​នោម​ផ្អែម និងបញ្ហា​តម្រងនោម។ ដើម្បី​ទទួល​បាន​វីតាមីន D គ្រប់​គ្រាន់ ​គួរ​តែ​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់ ឬ​យ៉ាអួរ​ជា​រៀង​រាល់​ថ្ងៃ ញ៉ាំ​ខ្លាញ់​ត្រី ដូច​ជា ​ត្រីសាល់​ម៉ុន ឬ​ត្រី​ធូណា ២ ​ដង/ថ្ងៃ និង​ចំណាយ​ពេល​ខ្លះ​ដើរ​លេង​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ជារៀង​រាល់​ថ្ងៃ។

    ៣- វីតាមីន A

    វីតាមីន A សំខាន់​សម្រាប់​គំហើញ​ភ្នែក យើង​​អាច​ទទួល​បាន​វីតាមីន A ក្នុង​ចំណី​អាហារ ​តាម​រយៈ​បន្លែ ផ្លែ​ឈើ​ ដែល​មាន​ពណ៌​ស្រស់ ថ្លើមសត្វ ផលិតផល​ទឹក​ដោះ​គោ ខ្លាញ់​ត្រី និង​ស៊ុត។ រោគ​សញ្ញា​ខ្វះ​វីតាមីន A រួម​មាន ខ្វាក់​មាន់ បាត់​បង់គំហើញ ស្ងួត​ស្បែក ​និង​ស្បែក​បែក​ស្រកា ហើយ​មាន​ការ​បង្ក​រោគ​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ ប៉ុន្តែ​កម្រិត​វីតាមីន A ច្រើន​ពេក ​ក៏​អាច​ធ្វើ​ឲ្យ​ពុលថ្លើម ប៉ះពាល់​គំហើញ ក្អួត និង​ឈាន​ដល់​បាត់​បង់​ជីវិត​ទៀត​ផង។

    កង្វះវីតាមីន Hello គ្រូពេទ្យ

    ៤- ម៉ាញេស្យូម (Mg)

    សារធាតុ​ម៉ាញេស្យូម ជួយ​ទ្រទ្រង់​សុខភាព​ឆ្អឹង និង​ផលិត​ថាមពល ទោះ​បី​ជា​កង្វះ​ជាតិ​ម៉ាញេស្យូម​កម្រ​កើត​មាន​លើ​គ្នា​យើង ឬ​ក្មេងៗ​មាន​សុខភាព​ល្អក៏​ដោយ ប៉ុន្តែ​​​នៅ​អាច​ប៉ះ​ពាល់​ចំពោះ​យើង ឬ​ក្មេង​ៗដែល​ញ៉ាំ​ថ្នាំ​មួយ​ចំនួន មាន​បញ្ហា​សុខភាព​ផ្សេងៗ ឬ​ផឹក​ស្រា​ច្រើន។ កង្វះ​ជាតិ​ម៉ាញេស្យូម អាច​បណ្ដាល​ឲ្យ​បាត់បង់​ចំណង់​អាហារ ក្អួត និង​អស់​កម្លាំង។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​អាច​ធ្វើ​ឲ្យ​រមួយ​សាច់​ដុំ ប្រកាច់ ចង្វាក់​បេះដូង​ខុស​ធម្មតា និង​ផ្លាស់​ប្ដូរ​អាកប្បកិរិយា។ ដើម្បី​ឲ្យ​ទទួល​បាន​កម្រិត​ម៉ាញេស្យូម​ត្រលប់​មក​ធម្មតា​វិញ ត្រូវញ៉ាំ​អាហារ​ដែលសម្បូរដោយ​ជាតិ​ម៉ាញ៉េស្យូម ​ដូច​ជា គ្រាប់ Almonds គ្រាប់​ស្វាយ​ចន្ទី គ្រាប់​សណ្ដែក​ដី ស្ពៃ​ពុយឡេង សណ្ដែក​ក្រហម និង​ចេក។

    ៥- កាល់ស្យូម (Ca)

    ជាតិ​កាល់ស្យូម មាន​តួនាទី​សំខាន់​ ដើម្បី​រក្សា​ភាព​រឹងមាំ​របស់​ឆ្អឹង និង​គ្រប់​គ្រង​សាច់​ដុំ និង​មុខងារ​សរសៃ​ប្រសាទ។ សញ្ញាធ្លាក់​ចុ​កម្រិត​កាល់ស្យូម​ធ្ងន់ធ្ងរ រួម​មាន អស់​កម្លាំង រមួល​សាច់ដុំ និង​មិន​ឃ្លាន​អាហារ។ ត្រូវ​ប្រាកដ​ថា ទាំង​ប៉ាម៉ាក់ ឬអូនៗ ​បាន​ទទួល​ជាតិ​កាល់​ស្យូម​គ្រប់​គ្រាន់​ តាម​រយៈ​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់​ ឬ​យ៉ាអួរ​ យ៉ាង​តិច ៣ ​ដង/ថ្ងៃ​ និង​ប្រភព​អាហារ​ផ្សេង​ទៀត មាន​ជាតិ​កាល់ស្យូម​ ដូច​ជា ឈីស (Cheese) និង​ទឹក​ក្រូច។

    ៦- វីតាមីន C

    វីតាមីន C មាន​សារៈសំខាន់​សម្រាប់​ការ​ផលិត​ ខូឡាជែន ដែល​ជា​ប្រូតេអ៊ីន​ដែល​រក​ឃើញ​នៅ​លើ​ឆ្អឹង សរសៃ​ពួរ (Tendons) សរសៃ​ពួរ​តូច (Ligament) និង​ឆ្អឹង​ខ្ចី។ កង្វះ​វីតាមីន C អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​មួយ​ហៅ​ថា Scurvy ​មាន​រោគ​សញ្ញា ដូចជា​ អស់​កម្លាំង ស្បែក​ស្លេក ភ្នែក​រូង រលាក​អញ្ចាញ​ធ្មេញ ឈឺ​សាច់​ដុំ បាត់​បង់​ចំណង់​អាហារ រាក គ្រុន​ក្ដៅ ឈឺ​សន្លាក់ ឆាប់​ខឹង ពិបាក​ដក​ដង្ហើម។ យើងអាច​ទទួល​បាន​វីតាមីន​ប្រភេទ​នេះ ពី​ផ្លែឈើ និង​បន្លែ ជាពិសេស​ផ្លែ​ឈើមាន​រស​ជាតិ​ជូរ ល្ហុង ម្ទេស​ប្លោក ដំឡូង​បារាំង និង​ខាត់ណា​ខៀវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ May 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម