អំបិល ជាគ្រឿងផ្សំមួយក្នុងចំណោមគ្រឿងផ្សំចាំបាច់ជាច្រើន ដើម្បីប្រើប្រាស់ក្នុងការចម្អិនអាហារ។ ប៉ុន្តែគ្នាយើងតិចណាស់ ដឹងពីប្រភេទអំបិលអស់ និងការប្រើប្រាស់ទៅតាមប្រភេទនីមួយៗជាដើម។ ដឹងពីប្រភេទអំបិល និងវិធីប្រើឲ្យចំគោលដៅ អាចជួយឲ្យអាហារមានរសជាតិឆ្ងាញ់ សុខភាពក៏ល្អ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់អំពីប្រភេទអំបិលទាំងអស់ ក៏ដូចជាវិធីប្រើប្រាស់ឲ្យចំប្រភេទនីមួយៗ។
១- អំបិលអ៊ីយ៉ូត
អំបិលប្រភេទនេះ យើងនិយមយកមកប្រើច្រើនជាងគេ។ សព្វថ្ងៃនេះ រោងចក្រផលិតអំបិលជាច្រើន ផ្ដោតសំខាន់លើការផលិតអំបិលលាយជាមួយជាតិអ៊ីយ៉ូត ដែលគេហៅថាអំបិលអ៊ីយ៉ូត។ ជាតិអ៊ីយ៉ូត អាចប្រឆាំងជាមួយជំងឺទាក់ទងជាតិអ៊ីយ៉ូតមួយចំនួន ដូចជា ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត (Hypothyroidism) ជាដើម។ បើយើងមិនចង់ញ៉ាំអំបិលច្រើនពេក អាចញ៉ាំសារាយសមុទ្រជំនួស ដោយសារសារាយ ក៏មានផ្ទុកជាតិអ៊ីយ៉ូតច្រើនដែរ។
២- អំបិលសមុទ្រ
អំបិលសមុទ្រ ផលិតឡើងដោយការរំហួតទឹកសមុទ្រ វាស្រដៀងគ្នាជាមួយអំបិលធម្មតាដែរ ប៉ុន្តែអំបិលប្រភេទនេះ សម្បូរដោយសារធាតុសូដ្យូមក្លរួ។ ក្នុងទឹកសមុទ្រ មានផ្ទុកជាតិរ៉ែជាច្រើន រួមមាន សង្កសី ប៉ូតាស្យូម និងពពួកអ៊ីយ៉ុង សុទ្ធសឹងជាសារធាតុសំខាន់ៗ ជួយដល់រាងកាយយើង។ ប៉ុន្តែដោយសារតែមានការបំពុលក្នុងទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្រមានផ្ទុកសារធាតុលោហៈខ្លះៗដែរ ហេតុនេះធ្វើឲ្យយើងប្រៀបធៀប ឃើញថាអំបិលសមុទ្រគ្រើមជាងអំបិលអ៊ីយ៉ូត រាងប្រៃជាងបន្តិច អាចធ្វើឲ្យម្ហូបប្រៃខ្លាំង បើប្រើជ្រុលដៃបន្តិច។
៣- អំបិលហិម៉ាល័យពណ៌ផ្កាឈូក
អំបិលហិម៉ាល័យ មានពណ៌ផ្កាឈូក ដោយសារតែវាមានជាតិដែកអុកស៊ីត ដែលសារធាតុច្រែះ។ អំបិលនេះ ក៏មានផ្ទុកជាតិម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម និងជាតិដែកដូចគ្នា។ បើប្រៀបធៀបជាមួយអំបិលអ៊ីយ៉ូត អំបិលហិម៉ាឡៃមិនសូវមានផ្ទុកជាតិស្យូដ្យូមច្រើននោះទេ ហើយកត្តាធ្វើឲ្យអំបិលមួយនេះ ខុសគ្នាជាមួយអំបិលដទៃទៀត គឺពណ៌របស់វាតែម្តង បើយើងយកវាមករោយលើអាហារ និងធ្វើឲ្យអាហារយើង គួរឲ្យចង់ញ៉ាំមួយកម្រិតទៀត។
យ៉ាងណា តាមការអះអាងពីបណ្តាសារព័ត៌មានធំៗជុំវិញពិភពលោក អំបិលហិម៉ាល័យ គឺមានតម្លៃថ្លៃកប់ពពក ប្រមាណ ៥០-៦០ ដុល្លារ/គីឡូក្រាម ព្រោះគេជឿថា អំបិលហិម៉ាល័យមានសារធាតុរ៉ែសរុប ៨៤ ប្រភេទ ល្អសម្រាប់សុខភាព។ អំបិលកម្រនេះ មានកម្រិតសូដ្យូមទាប និងគ្រាប់ធំជាងអំបិលធម្មតា ជួយយើងប្រើជាតិអំបិលតិចជាងមុនក្នុងរបបអាហារ។ កាន់តែពិសេសជាងនេះ ការប្រើអំបិលហិម៉ាល័យ ក្នុងអាហារ ឬភេសជ្ជៈ ជួយរក្សាតុល្យភាពសារធាតុរាវក្នុងរាងកាយ និងបង្ការការខ្សោះជាតិទឹក។
៤- អំបិល Kosher
អំបិលមួយប្រភេទនេះ ភាគច្រើនប្រើសម្រាប់សាសនិកជនជាតិជីហ្វ។ បើយោងតាមច្បាប់សាសនាជនជាតិជីហ្វ រាល់សាច់ទាំងអស់ ត្រូវតែមិនមានជាប់ឈាមទើបអាចយកមកញ៉ាំបាន។ ហើយអំបិល Kosher គឺមានសភាពគ្រើម និងឆាប់រលាយចូលក្នុងសាច់ ទើបមានប្រសិទ្ធភាពខ្ពស់ សម្អាតឈាមចេញពីក្នុងសាច់ឆៅបានឆាប់។
អ្វីខុសគ្នារវាងអំបិល Kosher ជាមួយអំបិលផ្សេងទៀត គឺអំបិលផ្សេងមិនមានរាងសំប៉ែតធំៗដូចជាអំបិលប្រភេទនេះទេ។ ដោយសារតែវាមានរាងសំប៉ែតបែបនេះហើយ ទើបយើងអាចចាប់វាមករោយលើអាហារបានយ៉ាងស្រួល។ អំបិល Kosher មានរសជាតិខុសគ្នា ពីអំបិលដទៃបន្តិច ប៉ុន្តែបើទុកវាឲ្យរលាយដោយខ្លួនឯង ក៏មានរសជាតិស្រដៀងគ្នាមនឹងអំបិលអ៊ីយ៉ូតធម្មតាដែរ។
[embed-health-tool-bmr]