ថ្វីត្បិតតែមានឈ្មោះថា “ដំណើបខ្មៅ” តែតាមពិតដំណើបខ្មៅមានពណ៌ស្វាយចាស់ទេ ហើយសារធាតុពណ៌នេះហើយដែលធ្វើឱ្យវាមានគុណប្រយោជន៍លើសលប់។ តើដំណើបខ្មៅផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?
យោងតាមសមាគមគីមីអាមេរិចបានឱ្យដឹងថា ដំណើបខ្មៅមានអាហារូបត្ថម្ភច្រើនជាងអង្ករសម្រូបទៅទៀត។ ដំណើបខ្មៅផ្ទុកទៅដោយ៖
១. ជាតិសរសៃ៖ ខុសពីអង្ករសម្រិតដំណើបខ្មៅមិនត្រូវបានកែច្នៃទេដែលមានន័យថាវានៅមានកន្ទក់។ កន្ទក់មានជាតិសរសៃមិនរលាយដែលជួយជំរុញចលនាអាហារឆ្លងកាត់ប្រព័ន្ធរំលាយអាហារលឿន និងបង្កើនលាមកព្រោះវាមិនត្រូវបានរំលាយដោយរាងកាយទេ។ ជាលទ្ធផលវាជួយក្នុងការបន្ទោបង់។ ជាតិសរសៃមិនរលាយធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតលឿន និងកាត់បន្ថយការញុំាច្រើន។ ជាតិសរសៃអាចជួយរាងកាយស្រូបយក គ្លុយកូស (ជាតិស្ករ) ពីក្នុងអាហារយូរ (ដោយសារជាតិសរសៃត្រូវការរំលាយយូរ) ដូច្នេះវាអាចរក្សាកម្រិតជាតិស្ករនៅក្នុងឈាមឱ្យនៅថេរដោយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម។
២. សារធាតុប្រឆាំងអុកស៊ីតកម្ម៖ បរិមាណសារធាតុប្រឆាំងអុកស៊ីតកម្ម Anthocyanin (សារធាតុពណ៌ស្វាយក្រមៅ) នៅក្នុងដំណើបខ្មៅគឺខ្ពស់ជាងគ្រាប់ធញ្ញជាតិដទៃទៀតរួមទាំងអង្ករសម្រូប។ Anthocyanin អាចជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ (LDL)។ វាអាចការពារជំងឺដូចជា ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម និងមហារីក។ វាក៏អាចជួយជំរុញមុខងារខួរក្បាល និងកាត់បន្ថយការរលាកដែរ។
៣. គ្មានជាតិ Gluten៖ ដំណើបខ្មៅជាសម្រើសដ៏ល្អសម្រាប់អ្នកដែលអាលែកហ្ស៊ីនឹងជាតិស្អិត Gluten ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិដូចជាស្រូវសាលីជាដើម។
៤. សារជាតិ phytonutrients៖ សារជាតិ phytonutrients ដែលមាននៅក្នុងដំណើបខ្មៅជួយបន្សាបជាតិពុលពីរាងកាយយើងដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។ វាក៏ជួយថ្លើម (សរីរាង្គបន្សាបជាតិពុលដ៏សំខាន់បំផុតរបស់រាងកាយ) កំចាត់សារធាតុមិនល្អដែរ។
៥. ប្រូតេអ៊ីន៖ ប្រូតេអ៊ីនមានតួនាទីក្នុងការបង្កើតសាច់ដុំ និងកាត់បន្ថយទម្ងន់។ ដំណើបខ្មៅមានផ្ទុកប្រូតេអ៊ីនច្រើនជាងគ្រាប់ធញ្ញជាតិដទៃៗទៀត។ ក្នុងដំណើបខ្មៅ ១០០ ក្រាមមានផ្ទុកប្រូតេអ៊ីន ៨,៥ ក្រាម ខណៈអង្ករសម្រូប និងអង្ករក្រហម ១០០ ក្រាមមានប្រូតេអ៊ីនតែ ៧-៨ ក្រាមទេ។ ឯ អង្ករសម្រិត ១០០ ក្រាម មានប្រូតេអ៊ីនត្រឹមតែ ៦,៨ ក្រាមប៉ុណ្ណោះ។
សរុបទៅដំណើងខ្មៅជួយសុខភាពយើងច្រើនយ៉ាង។ វាការពារការទល់លាម ជួយរក្សាទម្ងន់រាងកាយ បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីកមួយចំនួន។ វាក៏ជួយរាងកាយបន្សាបជាតិពុល និងរក្សាម៉ាសសាច់ដុំដែរ។ ដោយសារយើងនិយមយកដំណើបខ្មៅធ្វើជាបង្អែម យើងត្រូវប្រយ័ត្នបរិមាណស្ករនៅក្នុងបង្អែមទាំងនោះផង។
[embed-health-tool-bmr]